ដោយៈតារារិទ្ធ/ភ្នំពេញ៖នៅថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំមួយទៅ ដល់ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់មិនអនុញ្ញាតឱ្យធ្វើការព្យាបាលអ្នកជំងឺកូវីដី១៩(CoVID-19) និងធ្វើតេស្តរកមេរោគកូវីដ១៩ លើអ្នកជំងឺដែលសង្ស័យថាជាជំងឺកូវីដ-១៩ ។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានសង្កត់ធ្ងន់ថា៖ដើម្បីទប់ស្កាត់កុំឱ្យមាននូវការរាតត្បាតទ្រង់ ទ្រាយធំនៅក្នុងសហគមន៍ក្រសួងសុខាភិបាលតម្រូវឱ្យម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ចូលរួមពង្រឹងបន្ថែមទៀតក្នុងការអនុវត្តវិធានការណ៍ការពារកុំឱ្យមានចម្លងជំងឺកូវីដ-១៩ទៅក្នុងសហគមន៍និងនៅតាមសេវា ពិនិត្យព្យាបាលជំងឺឯកជនរបស់ខ្លួនដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំដូចខាងក្រោម៖
១.មិនអនុញ្ញាតឱ្យធ្វើការពិនិត្យនិងព្យាបាលអ្នកជំងឺដែលសង្ស័យថាជាជំងឺកូវីដ-១៩ នៅតាមកន្លែងពិនិត្យព្យាបាលអ្នកជំងឺឯកជនរបស់ខ្លួនឡើយ។ ២.ប្រសិនបើមានអ្នក ជំងឺមកពិនិត្យជំងឺនៅកន្លែងពិនិត្យព្យាបាលជំងឺរបស់ខ្លួនដែលសង្ស័យថាជាជំងឺកូវីដ-១៩ដូចតាមនៅក្នុងនិយមន័យករណីសង្ស័យជំងឺកូវីដ-១៩ គឺមិនត្រូវធ្វើការពិនិត្យនិង ព្យាបាលឡើយសូមជួយពន្យល់និងណែនាំអ្នកជំងឺឱ្យគាត់បានដឹងអំពីជំងឺកូវីដ-១៩ រួចដាក់គាត់ឲ្យនៅដាច់ដោយឡែកបន្ទាប់មកជូនព័ត៌មានទៅមន្ទីរសុខាភិបាលរាជធានី ខេត្ត ដែលនៅជិតដើម្បីសម្របសម្រួលបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យបង្អែករដ្ឋ(ចំពោះអ្នកនៅខេត្តគឺមន្ទីរពេទ្យខេត្ត និង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំពោះអ្នកនៅរាជ ធានីភ្នំពេញ)ជាបន្ទាន់។ ៣.ត្រូវអនុវត្តនូវអនាម័យសម្អាតទីកន្លែងពិនិត្យព្យាបាលជំងឺដោយមានម៉ាស់សម្រាប់ពាក់មានអាល់កុលសម្រាប់លាងដៃឬអាល់កុលដែលសម្រាប់លាងដៃជាប្រចាំ ។ ក្នុងករណីដែលមានអ្នកជំងឺសង្ស័យថាជាជំងឺកូវដ-១៩ បានមកពិនិត្យក្នុងកន្លែងព្យាបាលរបស់ខ្លួន ម្ចាស់សេវាត្រូវប្រើសូលុស្យុងអូសាវែលដែលមាន កំហាប់0,1% ក្នុងការជូតសម្អាតឥដ្ឋនិងបាញ់សម្លាប់មេរោគនៅកន្លែងអ្នកជំងឺដែលបានមកពិនិត្យ និងក្នុងបរិវេណពិនិត្យព្យាបាលអ្នកជំងឺទាំងមូល។ ៤.ត្រូវធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃនិងយកសំណាកទៅពិនិត្យនិងតាមដានសុខភាពជាប្រចាំចំពោះគ្រូពេទ្យ និងបុគ្គលិកដែលបានប៉ះពាល់ជាមួយនឹងអ្នកជំងឺដែលសង្ស័យថាជាជំងឺកូវីដ-១៩ នោះ។ ៥. ព័ត៌មានបន្ថែមសូមទាក់ទងមកលេខ ១១៥ ដោយឥតគិតថ្លៃឬទាក់ទងមកក្រសួងសុខាភិបាលតាមលេខទូរស័ព្ទ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ។ ៦. ការគ្រប់គ្រងសំណល់ពីសេវាថែទាំសុខភាព ការពិនិត្យអ្នកជំងឺ ម្ចាស់សេវាសុខាភិបាលឯកជន ត្រូវមានធុងសម្រាមពណ៌លឿងដែល មានស្លាកសញ្ញាគ្រោះថ្នាក់ពណ៌ខ្មៅ សម្រាប់ដាក់សំណល់ឆ្លងរោគនិងសម្ភារៈអ្នកជំងឺដែលសង្ស័យជំងឺកូវីដ-១៩ប្រើរួច៖ម៉ាស់ពាក់ ក្រដាស់ជូតស្លេស ។ល។បន្ទាប់មកត្រូវ ប្រមូលយកសំណល់នោះទៅដុតកំទេចចោលជាមួយឡដែលមានសីតុណ្ហភាពខ្ពស់ចាប់ពី៨០០អង្សាសេ។៧. ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ត្រូវជួយអប់រំ ផ្សព្វផ្សាយអំពីវិធានការណ៍នៃការចម្លងជំងឺកូវីដ-១៩ ទៅដល់អ្នកជំងឺនិងក្រុមគ្រួសារអ្នកជំងឺព្រមទាំងឱ្យគាត់ចូលរួមសហការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ដោយ ការលាងដៃជាមួយទឹកនិងសាប៊ូឬអាល់កុលឲ្យបានញឹកញាប់និងពាក់ម៉ាស់ ព្រមទាំងរក្សានូវគម្លាតសុវត្ថិភាពយ៉ាងតិចពី១ម៉ែត្រកន្លះឡើងទៅនិងត្រូវអនុវត្តនូវវិធានការណ៍ ៣ ការពារ និង ៣ កុំ គឺ ៖ ក. អនុវត្ត ៣ ការពារ -ពាក់ម៉ាស់ -លាងដៃឲ្យបានញឹកញាប់-គម្លាតសុវត្ថិភាពសង្គមនិងគម្លាតសុវត្ថិភាពបុគ្គលដោយចាប់ពី១ ម៉ែត្រកន្លះឡើង ទៅឱ្យបានគ្រប់គ្នានិងនៅគ្រប់ទីកន្លែង។ ខ. អនុវត្ត៣កុំ -កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលនិងប្រើម៉ាស៊ីនត្រជាក់ច្រើនពេករកកន្លែងមានខ្យល់ចេញចូលល្អ-កុំ ទៅកន្លែងមនុស្សច្រើនកុះករ -កុំប៉ះពាល់គ្នាកុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើមពេលជួបគ្នាអ្នកមានផ្តាសាយឬសង្ស័យមានជំងឺកូវីដ-១៩ កុំចេញក្រៅ ហើយត្រូវទា ក់ទងទៅគ្រូពេទ្យឬហៅទៅលេខ១១៥។ម្ចាស់សេវាពិនិត្យព្យាបាលជំងឺឯកជនទាំងអស់ត្រូវអនុវត្តទៅតាមការណែនាំខាងលើនេះដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕