Home ព័ត៌មានសំខាន់ៗ ការសម្រេច​របស...

ការសម្រេច​របស់ ក្រុមប្រឹក្សាធម្មនុញ្ញ នាំឱ្យ គ​.​ជ​.​ប មាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​រៀបចំ​ផ្តល់​សុពលភាព លើ​បញ្ជី​ឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០ នេះ បានទទួល​លិខិត​ពី ក្រុមប្រឹក្សាធម្មនុញ្ញ ដោយ​ជូនដំណឹង​ថា បណ្តឹង​ចំនួន ៩៥ របស់​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ ដែល​ប្តឹងតវ៉ា​នឹង​សេចក្តីសម្រេច របស់ គ​.​ជ​.​ប ដោយ​សុំ​លុបឈ្មោះ ប្រជាពលរដ្ឋ ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង ត្រូវបាន​ដោះស្រាយ​រួចរាល់ ជា​ស្ថាពរ នៅ​ថ្ងៃ​ដដែល​នេះ ដោយ​តម្កល់​សេចក្តីសម្រេច របស់ គ​.​ជ​.​ប ទុកជាបានការ​ពេញ​ទាំងមូល​។​

​លោក សោម សូ​រី​ដា អគ្គលេខាធិការរង គ​.​ជ​.​ប តំណាង គ​.​ជ​.​ប ១​រូប ដែល​បាន​ចូលរួម​ឆ្លើយបំភ្លឺ ក្នុង​សវនាការ នៃ​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​មានប្រសាសន៍ថាៈ ការចេញ​សេចក្តីសម្រេច របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ដែល​បាន​តម្កល់​សេចក្តីសម្រេច របស់ គ​.​ជ​.​ប ទុកជាបានការ ពេញ​ទាំងមូល​នេះ មានន័យថា រាល់​សេចក្តីសម្រេច​របស់ គ​.​ជ​.​ប ទាក់ទង​នឹង​បណ្តឹង ពាក់ព័ន្ធ​នឹង​បញ្ជី​ឈ្មោះ បោះឆ្នោត​ដំបូង គឺជា​សេចក្តីសម្រេច​ត្រឹមត្រូវ តាម​ទម្រង់ និង​គតិ​ច្បាប់​។​
​ទន្ទឹមនឹងនេះ ក្រុមការងារ គ​.​ជ​.​ប ដឹកនាំ​ដោយ​លោក ហ៊ីង ធី​ឫទ្ធិ សមាជិក គ​.​ជ​.​ប បាន​ចូលរួម​បំភ្លឺ នៅ​គ្រប់​ដំណាក់កាល នៃ​ការកោះហៅ របស់​ក្រុមប្រឹក្សា ធម្មនុញ្ញ​។ ការសម្រេច​របស់ ក្រុមប្រឹក្សាធម្មនុញ្ញ​នេះ នាំឱ្យ គ​.​ជ​.​ប មាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​រៀបចំ​ផ្តល់​សុពលភាព លើ​បញ្ជី​ឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០ និង​ផ្សព្វផ្សាយ​ជា​ផ្លូវការ​។ បញ្ជី​ឈ្មោះ​បោះឆ្នោត​ផ្លូវការ នឹងត្រូវ​ផ្សព្វផ្សាយ នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង ១០​ព្រឹក ហើយ គ​.​ជ​.​ប នឹង​អញ្ជើញ​ភាគី ពាក់ព័ន្ធ ចូលរួម​ជា​សាក្សី នៃ​ការផ្សព្វផ្សាយ បញ្ជី​ឈ្មោះ​បោះឆ្នោត​ផ្លូវការ​នេះ​។​

​សូម​ជម្រាបជូន​ថា ក្នុង​សំណុំរឿង​របស់ គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ​ទាំង ៩៥ បណ្តឹង ត្រូវបាន​ក្រុមប្រឹក្សាធម្មនុញ្ញ បើកសវនាការ ជា​សាធារណៈ និង​ចេញ​សេចក្តីសម្រេច ដាច់ដោយឡែក​ពីគ្នា ជា​បី​ដំណាក់កាល គឺ​នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០ ក្រុមប្រឹក្សាធម្មនុញ្ញ បាន​ជំនុំជម្រះ​ចំនួន ២៨ បណ្តឹង ហើយ​ចេញ​សេចក្តីសម្រេច ទទួល​ពាក្យបណ្តឹង ទាំង ២៨ សំណុំរឿង​ទុកជា​ត្រឹមត្រូវ តាម​ទម្រង់​ច្បាប់ ប៉ុន្តែ​បដិសេធចោល ដោយ​ខុស​នឹង​គតិ​ច្បាប់​។ តម្កល់​សេចក្តីសម្រេច​របស់ គ​.​ជ​.​ប ទុកជាបានការ​ពេញ​ទាំងមូល​។

នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ ក្រុមប្រឹក្សាធម្មនុញ្ញ បាន​ជំនុំជម្រះ​ចំនួន ២៣ បណ្តឹង ហើយ​ចេញ​សេចក្តីសម្រេច ច្រានចោល​បណ្តឹង​ទាំង ២៣ នេះ ដោយហេតុថា អ្នកប្តឹង បានបង្ហាញ​ឆន្ទៈ បោះបង់​បណ្តឹង​របស់ខ្លួន ដោយ​ការមិន​ចូលរួម សវនាការ​។ នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០ ក្រុមប្រឹក្សាធម្មនុញ្ញ បាន​ជំនុំជម្រះ​ចំនួន ៤៤ បណ្តឹង ហើយ​ចេញ​សេចក្តីសម្រេច ច្រានចោល​បណ្តឹង​ទាំង ៤៤​នេះ ដោយហេតុថា អ្នកប្តឹង បានបង្ហាញ​ឆន្ទៈ បោះបង់​បណ្តឹង​របស់ខ្លួន ដោយ​ការមិន​ចូលរួម សវនាការ​។​

សេចក្តីសម្រេច​របស់ ក្រុមប្រឹក្សាធម្មនុញ្ញ ជា​សេចក្តីសម្រេច​ស្ថាពរ បិទផ្លូវ​តវ៉ា ហើយ​មាន​អានុភាព​អនុវត្ត ទៅលើ​អំណាច​ទាំងអស់ ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ត្រូវ​ចុះផ្សាយ ក្នុង​រាជកិច្ច​៕/V​

ការសម្រេច​របស់ ក្រុមប្រឹក្សាធម្មនុញ្ញ នាំឱ្យ គ​.​ជ​.​ប មាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​រៀបចំ​ផ្តល់​សុពលភាព លើ​បញ្ជី​ឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០

ការសម្រេច​របស់ ក្រុមប្រឹក្សាធម្មនុញ្ញ នាំឱ្យ គ​.​ជ​.​ប មាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​រៀបចំ​ផ្តល់​សុពលភាព លើ​បញ្ជី​ឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០

ការសម្រេច​របស់ ក្រុមប្រឹក្សាធម្មនុញ្ញ នាំឱ្យ គ​.​ជ​.​ប មាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​រៀបចំ​ផ្តល់​សុពលភាព លើ​បញ្ជី​ឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០

ការសម្រេច​របស់ ក្រុមប្រឹក្សាធម្មនុញ្ញ នាំឱ្យ គ​.​ជ​.​ប មាន​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​រៀបចំ​ផ្តល់​សុពលភាព លើ​បញ្ជី​ឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular