ប្រែសម្រួល : កញ្ញាដាលីស/បាល់ទាត់ ៖ ការប្រកួតបាល់ទាត់លីកកំពូលតំបន់អឺរ៉ុបចុងសប្តាហ៍នេះគឺមានតែលីកអង់គ្លេសមួយទេធំជាងគេ ក្រៅពីនេះគឺត្រូវប្រកួតនៅពាក់កណ្តាលសប្តាហ៍ក្រោយ។ គូធំសម្រាប់ថ្ងៃសៅរ៍នេះគឺ Leicester vs Manchester និង Arsenal vs Chelsea។
– EPL : [2] Leicester vs Manchester Utd [3] ៖ ក្រុមកញ្ជ្រោងខៀវ Leicester បច្ចុប្បន្នឈរនៅលេខ២ក្នុងតារាងពិន្ទុ។ ប៉ុន្តែគ្មានអ្វីសំខាន់ទេនៅរដូវកាលនេះ ព្រោះការឈ្នះចាញ់ត្រឹម១ប្រកួតអាចកំណត់ជោគវាសនារបស់ក្រុមកំពូលតារាងបានទាំងអស់។ ឧទាហរណ៍ជាក់ស្តែង Tottenham ឈរនៅលេខ២ធ្លាក់មកលេខ៦វិញភ្លាម ក្រោយប្រកួតទទួលលទ្ធផលមិនល្អ២លើកចុងក្រោយ។
គិតមកទល់ឥឡូវនេះ ក្រុមការពារតំណែងជើងឯក Liverpool បានត្រឡប់មកកំពូលតារាងវិញហើយ ហើយពួកគេហាក់រកឃើញទម្រង់លេងល្អត្រឡប់មកវិញដូចគ្នា។ ពួកគេនាំមុខ៤ពិន្ទុលើកំពូលតារាង ហើយត្រូវប្រកួតជាមួយក្រុមក្បែរបាតតារាង West Brom នៅចុងសប្តាហ៍នេះ។
ដោយហេតុនេះ កូនក្រុមរបស់លោកប្រេនដាន រ៉ូជើ ត្រូវធ្វើអ្វីម្យ៉ាងដើម្បីទប់កុំឱ្យហង្សក្រហមដាច់ពិន្ទុឆ្ងាយពេក ប៉ុន្តែដើម្បីធ្វើដូច្នេះបាន ពួកគេត្រូវយកឈ្នះលើក្រុមបិសាចក្រហម Man U ដែលកំពុងលេងល្អ និង ឈ្នះរហូតនៅក្រៅទឹកដី (ឈ្នះទាំង៦លើក)។
ក្រុមម្ចាស់ជើងឯក EPL ១៣ សម័យមួយនេះក៏មាន១ប្រកួតក្នុងដៃផងដែរ និងឥឡូវកំពុងឈរនៅលេខរៀងទី៣ក្នុងតារាងពិន្ទុ។ ពួកគេកុំអីបានបំបែកកំណត់ត្រាឈ្នះយូរបំផុតជាប់គ្នាមិនធ្លាប់មានទៅហើយ កុំតែស្មើជាមួយ Man City។
ដោយពិចារណាលើចំណុចទាំងអស់នេះ ការប្រកួតរវាងក្រុមទាំងពីរនឹងមានសភាពស៊ីសាច់ហុតឈាមបន្តិចហើយ ហើយភាគរយដែលថាមានគ្រាប់បាល់ច្រើនក៏មានខ្ពស់ដែរ។
បិសាចក្រហម Man U កំពុងល្អក្រៅទឹកដី និងមានប្រវត្តិល្អពេលទៅទឹកដី King Power Stadium ទៀត ដូច្នេះពួកគេរំពឹងឈ្នះយក៣ពិន្ទុដេញតាម Liverpool ។
– EPL : [15] Arsenal vs Chelsea [5] ៖ ក្រុមកាំភ្លើងធំកំពុងធ្លាក់ដុនដាបសម្បើមណាស់រហូតឥឡូវមានការលើកឡើងអំពីឱកាសដែលក្រុមនេះធ្លាក់ទៅក្របខ័ណ្ឌ Championship ទៀតផង។ ពួកគេបច្ចុប្បន្នឈរនៅលេខ១៥ ហើយមកទល់ពេលនេះឈ្នះទើបបាន៤ដងប៉ុណ្ណោះ។ ក្រុមទាំងមូលក៏ដូចជាអ្នកចាត់ការទូទៅសុទ្ធតែចង់ឈ្នះដូចគ្នា ប៉ុន្តែការធ្លាក់ចុះទម្រង់លេងគួបផ្សំនឹងសំណាងអាក្រក់និងកាលវិភាគប្រកួតពិបាកៗទៀត វាគឺជាបណ្តាសាមួយសម្រាប់ក្រុមកាំភ្លើងធំ Arsenal។
ទន្ទឹមនេះ ក្រុមតោខៀវមានវាសនាផ្ទុយពីកាំភ្លើងធំនៅរដូវកាលនេះ។ ពិតណាស់ ពួកគេមានឡើងមានចុះ ប៉ុន្តែទីបំផុតពួកគេនៅតែស្ថិតក្នុងចំណោមក្រុមកំពូលតារាងទាំង៦ និងជាបេក្ខភាពប្រជែងពាន EPL នៅចុងរដូវកាលទៀតផង។
ជាងនេះទៅទៀត នៅពេលដែលក្រុមលេខ២និងលេខ៣ គឺ Leicester និង Manchester Utd ប៉ះគ្នានៅក្បាលព្រលប់ថ្ងៃសៅរ៍នេះ តោខៀវមានឱកាសដណ្តើមបានលេខរៀងល្អពីពួកគេ។
ចុងក្រោយ កូនក្រុមរបស់លោកហ្វ្រែង ឡាំផាត មានប្រវត្តិល្អពេលប៉ះកាំភ្លើងធំនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសការប្រកួតក្នុងលីកកំពូលអង់គ្លេស។
ដោយសំអាងលើចំណុចទាំងអស់នេះ តោខៀវរំពឹងគ្រប់គ្រងលើការប្រកួត និងឈ្នះក្រុមកាំភ្លើងធំ៕
តារាងការប្រកួតលីកអឺរ៉ុបចុងសប្តាហ៍ ៖