ដោយៈគ្រញូង/បាត់ដំបងៈ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ លោក ណុប ដារ៉ា អភិបាលរង ខេត្តបាត់ដំបង បានចាត់តាំងឲ្យក្រុមការងារ នាំយកថវិកា ទៅចូលបុណ្យសព ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ចំនួន៨នាក់ ក្នុងនោះសពមួយ ទទួលបានថវិកា ១០ ម៉ឺនរៀល និងបានឧបត្ថម្ភមឈូស ចំនួន ៧ បន្ថែមទៀត ចំពោះសពដែលក្រីក្រ គ្មានថវិកា ទិញមឈូសដាក់សព។
គួរបញ្ជាក់ថា កាលពីម៉ោងជាង ៩ យប់ថ្ងៃទី២៤ ខែធ្នូ នៅចំណុចភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល តាមបណ្តោយផ្លូវជាតិលេខ៥ មានគ្រោះថ្នាក់ចរាចរណ៍ ដ៍គួរឲ្យរន្ធត់មួយ កើតឡើងរវាងរថយន្តតូយ៉ូតា កាមរី (គូថហើម) តូច និងរថយន្តហ៊ីយ៉ាន់ដាយ ដឹកទឹកកក បណ្ដាលឲ្យស្លាប់មនុស្សចំនួន ៨នាក់ នៅនឹងកន្លែង និងរបួសធ្ងន់ស្រាល ២នាក់ ហើយសព ទាំង ៨ នាក់ ត្រូវបានតម្កល់ធ្វើបុណ្យ នៅក្នុងវត្តអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
ចំណែកអ្នករបូសធ្ងន់ និងស្រាល ២ នាក់ ត្រូវដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុក ថ្មគោល។ ដោយឡែករថយន្ត ទាំងសងខាងខូចខ្ទេច ត្រូវអូសយកទៅ រក្សាទុកនៅស្នងការ ដ្ឋាននគរបាលខេត្ត រង់ចាំដោះស្រាយ នៅពេលក្រោយ៕/V-PC