Home ព័ត៌មានជាតិ សេដ្ឋកិច្ច ទីផ្សារ​ពង​ទា...

ទីផ្សារ​ពង​ទា ក្នុង​ខេត្តកំពត មាន​ស្ថាន​ភាពល្អ ដោយ​រក្សា​តម្លៃ ថេរ​ជាធម្មតា

ដោយៈ បូកគោ/កំ​ពតៈ មន្ត្រី​ជំនាញ និង​កសិករ​ចិញ្ចឹម​ទា នៅ​ខេត្តកំពត បាន​បញ្ជាក់ថា ទោះ​ក្នុងដំណាក់កាល នៃ​ជំងឺ​កូ​វីដ ១៩ ក្តី ទីផ្សារ​ពង​ទា មាន​ស្ថាន​ភាពល្អ ដោយ​រក្សា​តម្លៃ​ថេរ បើ​ប្រៀបធៀប​រយៈពេល កន្លងមក​។​

​អ្នក​ចិញ្ចឹម​ទា នៅ​សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត បាន​រៀបរាប់ថាៈ ជីវភាព​គ្រួសារ​របស់គាត់ មាន​ភាព​ធូរធា រហូតមកដល់​បច្ចុប្បន្ន ដោយសារតែ​ការ ប្រកប​របរ​ចិញ្ចឹម​ទា យក​ស៊ុត​លក់​។ មុខរបរ​នេះ មិន​ពិបាក​នឿយហត់ ឬ​ស្ថិតក្រោម​កម្ដៅថ្ងៃ ដូច​ការងារ​កសិកម្ម​ផ្សេងៗ​ទេ គឺ​គ្រាន់តែ​ចំណាយពេល​ថែទាំ និង​ផ្តល់​ចំណីអាហារ ជាការ​ស្រេច​។ ម្យ៉ាងទៀត ការចិញ្ចឹម ទា គឺ​ចំណាយ​ដើមទុន ច្រើន​បន្តិច ប៉ុន្តែ​ទទួលបាន​ចំណូល​ប្រចាំថ្ងៃ ច្រើន​គួរសម​។​

​កសិករ​ដដែល បានបញ្ជាក់​ថាៈ ជាក់ស្តែង ទោះ​ស្ថិតក្នុង​ដំណាក់កាល កូ​វីដ​១៩ និង​ស្រប ពេល​បណ្តា​ខេត្ត មួយចំនួន កំពុង​ជួប​បញ្ហា​ទីផ្សារ​ពង​ទា​នោះ នៅ​ខេត្តកំពត មិនមាន​ក្តីបារម្ភ លើ​បញ្ហា​នេះ​ទេ​។ និយាយ​រួម ពង​ទា មាន​ស្ថាន​ភាពល្អ ដោយ​រក្សា​តម្លៃ​ថេរ​បើ​ប្រៀបធៀប នឹង​រយៈពេល កន្លងទៅ​។​

​លោក ម៉េង សន្តិភាព ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម ខេត្តកំពត បានបញ្ជាក់​ថាៈ នៅ​ទូទាំង​ខេត្តកំពត មាន​សត្វ​ទា ប្រមាណ​ជាង ៦៧ ម៉ឺន​ក្បាល ក្នុងនោះ ទា​ចិញ្ចឹម​យក​សាច់​ជាង ១២ ម៉ឺន​ក្បាល​។​

​លោក​ប្រធានការិយាល័យ បាន​បន្តថាៈ ទីផ្សារ​ពង​ទា​ក្នុង​ខេត្ត នៅមាន​សភាព​ល្អ​ពោលគឺ មិនទាន់​ធ្លាក់ចុះ ឬ​ប្រឈម​នឹង​ហានិភ័យ ណាមួយ គួរឱ្យ​ព្រួយបារម្ភ​ឡើយ ។ តម្លៃ​លើ​ទីផ្សារ នៅ​ទូទាំង​ខេត្ត គិត​ជា​មធ្យម លើសពី ៣៥០ រៀល ក្នុង​ពង​ទា មួយ​គ្រាប់​។​

​លោក ម៉េង ស្តិ​ភាព បានបញ្ជាក់​បន្ថែមថាៈ ដោយ​អនុវត្តតាម​សេចក្តីណែនាំ និង​ការចង្អុល បង្ហាញ របស់​រដ្ឋមន្ត្រីក្រសួង​កសិកម្ម ក៏ដូចជា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត មន្ត្រី​ការិយាល័យ ជំនាញ នឹង​បន្ត​យកចិត្តទុកដាក់ ទប់ស្កាត់​ការធ្វើ​ចរាចរ​សត្វ និង​ផលិតផល​សត្វ​ពិសេស ស៊ុតមាន់​ទា ពី​ប្រទេសជិតខាង ចូលមក​ខេត្តកំពត​។ ក្នុងន័យនេះ គឺ​ដើម្បី​បង្ការ​ទប់ស្កាត់ ការឆ្លង​ជំងឺ​ផ្សេងៗ និង​បំណង​រក្សា​តម្លៃ ផលិតផលរ​បស់បង​ប្អូន​ប្រជាកសិករ​ដែល​ខិត ខំ​ចិញ្ចឹម តាម​គ្រួសារ​នីមួយៗ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular