ដោយៈ គ្រញូង / បាត់ដំបងៈ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ប្រតិភូក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយលោក ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យតាមដាន ការអភិវឌ្ឍគម្រោង សាងសង់ ទំនប់ស្ទាក់ទឹកសាលាតាអន ដែលជាទំនប់ប្រវត្តិសាស្ត្រ ដែលមានទីតាំងស្ថិតក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
លោក ប៉ុញ សច្ចៈ បានឲ្យដឹងថាៈ គំរោងសាងសង់ទំនប់ស្ទាក់ទឹក សាលាតាអននេះ បានចាប់ផ្តើមសាងសង់ នៅក្នុងខែឧសភា ឆ្នាំ២០១៨ ហើយគ្រោងនឹងបញ្ចប់ នៅខែវិច្ឆិកា ឆ្នាំ២០២១ ដោយចំណាយថវិការដ្ឋ ជាង ៣២ លានដុល្លារ ។
លោកបានបន្តថាៈ គម្រោងសាងសង់ ទំនប់ស្ទាក់ទឹកនេះ ចែកចេញជា ២ផ្នែក ផ្នែកទី១ សំណង់មេស្ទាក់ទឹកស្ទឹងសង្កែ និងសំណង់ស្ពានសរុបជារួម សាងសង់បានប្រមាណជា ៩៦ ភាគរយហើយ ។ ផ្នែកទី២ ការសាងសង់ប្រព័ន្ធប្រឡាយ មេដូនទាវ បច្ចុប្បន្ន បានធ្វើការ កាយ និងសាងសង់បាន ៥៣ ភាគរយហើយ។ ជាសំណង់ដែលផ្តល់នូវ អត្ថប្រយោជន៍ និងមានសក្តានុពល សេដ្ឋកិច្ចដំណាំកសិកម្ម ក្នុងស្រុកឯកភ្នំ ក្រុងបាត់ដំបង និងស្រុកសង្កែ ដែលមានភូមិសាស្ត្រ ជាប់នឹងគម្រោង ។
លោករដ្ឋលេខាធិការ បានបញ្ជាក់ថាៈ ក្រោយពីបញ្ចប់គម្រោងអភិវឌ្ឍន៍ ទំនប់ស្ទាក់ទឹក សាលាតាអន អាចតម្កល់រក្សាបាន កម្ពស់ទឹកក្នុងស្ទឹងសង្កែ បានជាប់ជាប្រចាំ ទាំងរដូវ ប្រាំង និងរដូវវស្សា ក្នុងកម្រិតកម្ពស់ពី ១០ ទៅ ១៣ ម៉ែត្រ មុននឹងហូរធ្លាក់ទៅតំបន់បឹងទន្លេសាប ព្រមទាំងបម្រើ ដល់ការផលិតទឹកស្អាត សម្រាប់ ប្រើប្រាស់ប្រចាំថ្ងៃ ក្នុងទីប្រជុំជនក្រុង និងស្រុកជិតខាង ថែមទាំងធ្វើឲ្យទីក្រុងបាត់ដំបង កាន់តែមានសោភ័ណភាព ស្រស់ស្អាត ដែលអាចទាក់ទាញ ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកលេងកម្សាន្តទៀតផង។ ម្យ៉ាងទៀត ទំនប់ស្ទាក់ទឹកសាលាតាអននេះ វានឹងផ្តល់ទឹកសម្រាប់ស្រោចស្រព លើផ្ទៃដីដាំដុះ ដំណាំស្រូវ នៅក្នុងរដូវវស្សា ប្រមាណ ១១.០០០ ហិកតា និងស្រូវប្រាំង ប្រមាណ ៤ ពាន់ហិកតា ៕/V-PC