Home ព័ត៌មានអន្តរជាតិ អាហ្វ្រិក​ខាង...

អាហ្វ្រិក​ខាងត្បូង​ច្រាន​ចោល​ការអះអាង​ថា វីរុស​កូរ៉ូណា​ថ្មី​របស់​ខ្លួន​គ្រោះថ្នាក់​ជាង​វីរុស​នៅ​អង់គ្លេស​

​ប្រែ​សម្រួលៈ​វាសនា​/​ហ្សូ​ហា​ណេ​ស​ប៊ឺក​៖​រដ្ឋមន្ត្រី​សុខាភិបាល​របស់​អាហ្វ្រិក​ខាងត្បូង បាន​ចេញមក​ច្រាន​ចោល​ការអះអាង​របស់​សម​ភាគី​អង់គ្លេស​ដែលថា វីរុស​កូរ៉ូ​ណាដូរ​រូបរាង​ថ្មី​នៅ​អាហ្វ្រិក​ខាងត្បូង គ្រោះ​​ថ្នាក់​ជាង​វីរុស​ប្លែង​រូប​មួយទៀត​ដែល​កំពុងចម្លង​យ៉ាង​រាលដាល​នៅ​អង់គ្លេស​។​

​លោក​ស្វេ​លីនី អឹម​ឃី​ហ្សេ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា «​នៅពេល​បច្ចុប្បន្ន មិន​មាន​ភស្តុតាង​ណា​បញ្ជាក់ថា វីរុស​កូរ៉ូណា​ប្រភេទ​501.V2​ឆ្លង​ខ្លាំង​ជាង​វីរុស​មួយ​ប្រភេទ​នៅ​អង់គ្លេស ដូច​ដែល​រដ្ឋមន្ត្រី​​សុខាភិបាល​អង់គ្លេស​បាន​លើកឡើង​នោះ​ទេ​។​មិន​មាន​ភស្តុតាង​បញ្ជាក់ថា វា​បង្ក​ជំងឺ​ធ្ងន់ ឬ​សម្លាប់​មនុស្ស​ច្រើន​ជាង​វីរុស​នៅ​អង់គ្លេស​ទេ​»​។​

​ថ្លែង​ក្នុង​ពេល​ប្រកាស​ហាម​ការធ្វើដំណើរ​ចូលមក​ពី​អាហ្វ្រិក​ខាងត្បូង រដ្ឋមន្ត្រី​អង់គ្លេស​លោក​ម៉ា​ត ហែ​ន​ខក់ បាន​និយាយថា ប្រភេទ​វីរុស​នេះ​«​គួរអោយ​ព្រួយបារម្ភ ដោយសារ​វា​ឆ្លង​ខ្លាំង​ជាង​និង​ទំនង​​ជា​ប្រែ​រូបរាង​លឿន​ជាង​វីរុស​មួយ​នៅ​អង់គ្លេស​»​។​

​សម្តី​របស់​រដ្ឋមន្ត្រី​អង់គ្លេស​នាំអោយមាន​ហាមប្រាម​ការធ្វើដំណើរ​ចូលមក​ពី​អាហ្វ្រិក​ខាងត្បូង​ពី​សំណាក់​ប្រទេស​ជាច្រើន​។​ភ្លាមៗ​នោះ ៨​ប្រទេស​បាន​ហាម​ការហោះហើរ​ចូលមក​ពី​អាហ្វ្រិក​ខាងត្បូង រួមមាន​​អង់គ្លេស អាឡឺម៉ង់ តួ​ក​គី​និង​អា​រ៉ាប៊ីសាអូឌីត​។​

​ក្នុងពេល​ជាមួយគ្នា អាហ្វ្រិក​ខាងត្បូង បាន​រាយការណ៍​ការឆ្លង​វីរុស​កូរ៉ូណា​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត​។​កាលពី​ថ្ងៃ​ពុធ ប្រទេស​នេះ​មាន​អ្នក​ឆ្លង​ថ្មី​ជាង​១៤.០០០​នាក់ និង​ស្លាប់​ជាង​៤០០​នាក់​ជា​លើក​ដំបូង​ផង​ដែរ​​ចាប់តាំងពី​ថ្ងៃ​៥​សីហា​មក​៕

​អាហ្វ្រិក​ខាងត្បូង​ជួប​កំណើន​នៃ​ការឆ្លង​ខ្ពស់​ចំពេល​មាន​ការចោទប្រកាន់​ថា វីរុស​កូរ៉ូណា​ប្លែ​ង​រូប​ថ្មី​នៅក្នុង​ប្រទេស​នេះ​ឆ្លង​សាហាវ​ជាង​វីរុស​កូរ៉ូ​ណាមុនៗ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular