ដោយៈ សរិទ្ធ / ភ្នំពេញៈ រថយន្តមួយគ្រឿង បើកក្នុងល្បឿនលឿន ជ្រុលបុកចំពីមុខម៉ូតូ ពេញទំហឹង ហើយអូសប្រហែល ១.០០០ ម៉ែត្រ ត្រូវប្រជាពលរដ្ឋ ដេញចាប់បាន និងព្រួត វាយទ្រមខ្លួន ទើបប្រគល់ជូនសមត្ថកិច្ច តែដោយឡែក បុរសអ្នកបើកម៉ូតូ លោតចេញទាន់ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ទេ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងជិត ៩ យប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង កែងមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ច បានឲ្យដឹងថាៈ មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើកម៉ូតូម៉ាកហុងដា ឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HE 3709 ធ្វើដំណើរតាមផ្លូវបេតុងក្នុងទិសដៅ ពីខាងកើត ទៅខាងលិច។ លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តស្តារិច ពណ៌ទឹកប្រាក់ អត់ផ្លាកលេខ បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយបុរសម្នាក់ទៀត ក្នុងទិសទិសដៅពីខាងជើង ទៅខាងត្បូង តាមបណ្ដោយមហាវិថី វិមានឈ្នះឈ្នះ។
ពេលមកដល់ផ្លូវរថភ្លើង រថយន្តនោះ បានបត់មកទៅខាងឆ្វេងដៃ ហើយក៏ជ្រុលទៅបុកម៉ូតូ ចំពីមុខយ៉ាងពេញទំហឹង សំណាងល្អ ម្ចាស់ម៉ូតូលោតចេញទាន់។ ចំណែកអ្នកបើករថយន្ត មិនឈប់ដោះស្រាយ ជាមួយភាគីខាងម៉ូតូទេ បែរជាបើករថយន្តទាំងម៉ូតូ ជាប់នៅក្រោម រថយន្ត អូសជាង ១.០០០ ម៉ែត្រ ទើបបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ នៅទីនោះ នាំគ្នាជួយដេញឃាត់រថយន្តបង្ក បានភ្លាមៗ។ ដោយសារទប់កំហឹងមិនបាន ម្ចាស់រថយន្តបង្ក ត្រូវបានប្រជាពលរដ្ឋ ព្រួតវាយមួយដៃ មួយជើង ទើបប្រគល់ឱ្យសមត្ថកិច្ច យកទៅសួរនាំ។ នៅពេលនោះ សមត្ថកិច្ចមូលដ្ឋាន បានយករថយន្ត និងម៉ូតូទៅទុកនៅប៉ុស្តិ៍នគរបាល រដ្ឋបាលសំរោងក្រោម រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ៕/V-PC