ដោយៈ មេសា/ ភ្នំពេញៈ ការសិក្សារបស់ការអង្គការសហប្រជាជាតិ ស្ដីពីការវិនិយោគ លើការត្រួតពិនិត្យ ផលិតផលថ្នាំជក់ ឆ្នាំ២០១៩ បានបង្ហាញថាៈ កម្ពុជានឹងទទួលចំណូល ពន្ធបន្ថែម ២៣៥ លានដុល្លារអាមេរិក ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ និង៩៣៣លានដុល្លារ អាមេរិក ក្នុងរយៈពេល ១៥ ឆ្នាំខាងមុខ បើប្រទេសកម្ពុជា ដំឡើងពន្ធលើផលិតផលថ្នាំជក់ រហូតដល់ ៧៥ ភាគរយ ។
ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេស ដែលមានអត្រាពន្ធ លើផលិតផលថ្នាំជក់ទាប ជាងគេ នៅក្នុងតំបន់អាស៊ាន ។ បច្ចុប្បន្ន អត្រាពន្ធលើផលិតផលថ្នាំជក់ តម្លៃលក់រាយ នៅកម្ពុជា មានត្រឹមតែ ២៥ ភាគរយប៉ុណ្ណោះ ចំពោះបារីផលិតក្នុងស្រុក និង ៣១, ១ ភាគរយ សម្រាប់បារីនាំចូលពីក្រៅប្រទេស ខណៈប្រទេស ថៃ មានអត្រាពន្ធលើបារី តម្លៃលក់រាយ ៧០ ភាគរយ សិង្ហបុរី ៦៧,៥ ភាគរយ និង មីយ៉ាន់ម៉ា ៥០ ទៅ ៦០ ភាគរយ។
ការសិក្សារបស់ ការអង្គការសហប្រជាជាតិ ដដែល បានអះអាងថា ប្រជាពលរដ្ឋកម្ពុជាចំនួន ១៥.០០០ នាក់ ស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺ បង្កដោយការប្រើប្រាស់ថ្នាំជក់ ។ ការប្រើប្រាស់ថ្នាំជក់ បណ្ដាលឱ្យខាតបង់ទឹកប្រាក់ ៦៤៩ លានដុល្លា ក្នុងមួយឆ្នាំដែលស្មើ នឹង ៣ ភាគរយ នៃផលិតផល ក្នុងស្រុកសរុប របស់ប្រទេសកម្ពុជា។ ក្នុងនោះ ៥៨៤ លានដុល្លា បណ្ដាលមកពីការខាតបង់ ផលិតភាពសេដ្ឋកិច្ច គឺមរណភាព មុនអាយុកំណត់ ផលិតភាពធ្លាក់ចុះ ពីការសម្រាកជក់បារី និងអវត្តមាន ពីការងារជាដើម ។
ចំណែក ការអង្កេតថ្នាក់ជាតិ របស់ក្រសួងផែនការ កាលពីឆ្នាំ២០១៤ បានរកឃើញថា ការដំឡើងពន្ធ លើផលិតផលថ្នាំជក់ គឺជាបំណងប្រាថ្នា របស់ប្រជាពលរដ្ឋដោយសារ ប្រជាពលរដ្ឋកម្ពុជា ៨០ ភាគរយ គាំទ្រឱ្យដំឡើងពន្ធ លើផលិតផលថ្នាំជក់ និងដំឡើង តម្លៃបារី។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិ អង្គការចលនា ដើម្បីសុខភាពកម្ពុជា ហៅកាត់ថា CMH បានលើកឡើងថាៈ ការដំឡើងពន្ធ លើផលិតផលថ្នាំជក់ ជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ដែលធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា ទទួលបានប្រាក់ចំណូលបន្ថែម ជាពិសេស ក្នុងដំណាក់ កាលប្រទេសយើង ជួបវិបត្តិកូវីដ ១៩ ព្រមទាំងអាចកាត់បន្ថយ ផលប៉ះពាល់ដែលបណ្ដាល មកពី ការប្រើប្រាស់ផលិតផលថ្នាំជក់ គឺកាត់បន្ថយអត្រាស្លាប់ កាត់បន្ថយជំងឺ និងកាត់ បន្ថយពិការភាព ដោយសារការប្រើប្រាស់ ផលិតផលថ្នាំជក់ ដែលក្នុងន័យនេះទុក្ខវេទនា របស់ ប្រជាពលរដ្ឋ ក៏ត្រូវបានកាត់បន្ថយដែរ។ ម្យ៉ាងទៀត ដោយហេតុថា កម្ពុជា គឺជារដ្ឋភាគី នៃអនុសញ្ញា ស្ដីពីការត្រួតពិនិត្យថ្នាំជក់ ដែលមានកាតព្វកិច្ចដំឡើងពន្ធលើ ផលិតផលថ្នាំជក់ ដើម្បីបង្ហាញការប្ដេជ្ញាចិត្ត អនុវត្តអនុសញ្ញានោះ ។/V-PC