ដោយៈ សរិទ្ធ / ភ្នំពេញៈ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់កាបូប ក្នុងរាជធានីភ្នំពេញ ចំនួន៩លើក បានត្រូវតុលាការសម្រេចឃុំខ្លួន ដាក់ពន្ធនាគារ កាលពីល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ក្រោមការចោទប្រកាន់ ពីបទលួចមានស្ថានទម្ងន់ទោស ។
ជនសង្ស័យឈ្មោះ មាស កុសល ហៅ ស្តាស់ ភេទប្រុស អាយុ២៧ឆ្នាំស្នាក់នៅផ្ទះជួលគ្មាន លេខ ផ្លូវបេតុង ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានឲ្យដឹងថាៈ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៤និង៣០នាទី រសៀល កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវ ឈានដល់ឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញា ប្រព្រឹត្តបទល្មើសឆក់ យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិមានជ័យ សង្កាត់ស្ទឹង មានជ័យ១ ខណ្ឌមានជ័យ ។
ក្រោយឃាត់ខ្លួន ជនសង្ស័យ បានសារភាពថា ខ្លួនធ្លាប់ឆក់កាបូប ចំនួន ៩ លើកមុនពេល ចាប់ខ្លួន ។ លើកទី១-ឆក់កាបូបស្ពាយ ពណ៌ត្នោត មិនបានសម្រេច និងធាក់ម៉ូតូជនរងគ្រោះ បណ្តាលឲ្យដួលម៉ូតូ រងរបួស នៅចំណុចមុខផ្ទះគ្មានលេខ តាមបណ្តោយផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង៨ព្រឹក ។ ជនរងគ្រោះឈ្មោះ សាង ស្រី ភេទស្រី អាយុ៤៨ឆ្នាំ ស្នាក់នៅ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ ស្លាកស្នាមរងរបួសដោយសារចោរឆក់ធាក់ម៉ូតូដួល ។
លើកទី២-ឆក់យកកាបូបស្ពាយចំហៀង ពណ៌ខ្មៅ នៅចំណុចមុខផ្ទះលេខ៨៧ ផ្លូវលេខ ៦១៤ ភូមិ១៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២ និង៤០នាទីទៀបភ្លឺ ។ ជនរងគ្រោះឈ្មោះ កែវ បុប្ផា ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៦៤ ផ្លូវលេខ៦១៤ ក្រុម៧៦ ភូមិ១៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ សម្ភារបាត់បង់កាបូបស្ពាយ១ ចិញ្ចៀនពេជ្រ១វង់ ខ្សែដៃពេជ្រ១ខ្សែ ប្រាក់រៀលចំនួន ៣.០០០.០០០រៀល និង ៩០០ ដុល្លារអាមេរិក និងទូរស័ព្ទដៃ ម៉ាកអាយហ្វូន ៧ផ្លឹស ១គ្រឿង ។
លើកទី៣-ឆក់ខ្សែ ក នៅចំណុចមុខផ្ទះលេខ ២១៦អាអឺ០ ផ្លូវលេខ១៨២ ក្រុម២៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៦ព្រឹក ។ជនរងគ្រោះ ឈ្មោះ ផាត់ ប៊ុនធា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅផ្ទះលេខ ២១៦អាអឺ០ ផ្លូវលេខ១៨២ ក្រុម២៨ ភូមិ១ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក មុខរបរលក់ គ្រឿងរថយន្ត បានបាត់បង់ខ្សែ ក ប្លាទីនទម្ងន់៨ជី ។
លើកទី៤-ឆក់កាបូប ក្រវាត់ចង្កេះ ពណ៌ត្នោត នៅចំណុចមុខផ្ទះមិនចាំលេខ ផ្លូវលេខ៣៧១ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ប្រហែល ១និង៣០នាទី រសៀល ។ ជនរងគ្រោះ ឈ្មោះ ម៉ុង សិទ្ធី ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១១៨៦ ផ្លូវលេខ៣៧១ ភូមិទ្រា៤ សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សម្ភារៈបាត់បង់កាបូបក្រវាត់ចង្កេះ១ ប្រាក់ចំនួន ៥០០ ដុល្លារអាមេរិក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១សន្លឹក និងទូរស័ព្ទដៃ ម៉ាកអុបប៉ូ ១គ្រឿង ។
លើកទី៥-ឆក់កាបូបស្ពាយចំហៀង ពណ៌ស លាយខ្មៅ នៅចំណុចមុខផ្ទះលេខ៣៣១ ផ្លូវលេខ៣៥៥ ភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៣និង៥០នាទី រសៀល ។
លើកទី៦-ឆក់ទូរស័ព្ទដៃម៉ាកអាយហ្វូន អ៊ិច ពណ៌ស នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវលេខ ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៧យប់ ។
លើកទី៧-ឆក់កាបូបស្ពាយពីក្រោយ នៅចំណុចលើស្ពានអាកាសទឹកថ្លា ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១រំលងអធ្រាត្រ ។
លើកទី៨-ឆក់កាបូបពណ៌ក្រហម នៅចំណុចមុខផ្ទះលេខ១៥A ផ្លូវ២០០៤ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៤ទៀបភ្លឺ ។
លើកទី៩-ឆក់កាបូបស្ពាយ ពណ៌ខ្មៅ នៅចំណុចមុខផ្ទះលេខ១A ផ្លូវសហព័ន្ធរុស្សី សង្កាត់ កាកាប២ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងប្រហែល៤ ទៀបភ្លឺ ។
ជនសង្ស័យ បានសារភាពទៀតថា រាល់ពេលចេញធ្វើសកម្មភាព បានជិះម៉ូតូឆក់កាបូប ពីជនរងគ្រោះ តែម្នាក់ឯងទេ ហើយលក់បានប្រាក់ យកទៅចិញ្ចឹមស្រីស្នេហ៍ ៣ នាក់ ៕/V-PC