ដោយៈ សុផល / ភ្នំពេញ: ទំនាក់ទំនង និងទំហំពាណិជ្ជកម្ម រវាងប្រទេសកូរ៉េ និងកម្ពុជា បានឡើងដល់ជាង ១កោដិដុល្លារ នៅឆ្នាំ២០១៩ និង គិតត្រឹម ១១ខែ ឆ្នាំ២០២០ ទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ សម្រេចបានជិត ៨០០ លានដុល្លារ។ ក្នុងនោះ ទំហំនៃការវិនិយោគ របស់សាធារណរដ្ឋកូរ៉េ នៅកម្ពុជា ស្ថិតក្នុងលំដាប់ទីពីរដែលមានទឹក ប្រាក់ ចំនួន ៥,៧ ប៊ីលានដុល្លារ។ នេះបើតាមការអះអាង របស់លោក ប៉ាក ហឺងឃ្យង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋកូរ៉េ ក្នុងពេលចូលជួបសម្តែងការគួរសម សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។
លោកទូត បានបន្តថាៈ ការចរចា អំពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី រវាងប្រទេស ទាំងពីរ ត្រូវបានរៀបចំ យ៉ាងយកចិត្តទុក ក្នុងឆ្នាំ២០២០នេះ ហើយសាធារណកូរ៉េ បានផ្តល់ សច្ចាប័ន ទៅលើច្បាប់ ស្តីពីការមិនយកពន្ធត្រួតគ្នា លើការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេស ទាំងពីរ រួចហើយ។ ដូច្នេះកិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងប្រទេសទាំងពីរ នឹងរឹតតែកាន់តែ ខ្លាំងក្លាថែមទៀត ជាពិសេសផ្នែកពាណិជ្ជកម្ម។
តាមរយៈកិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរីទ្វេភាគីនេះ កម្ពុជានឹងមានទីផ្សារ កាន់តែធំ សម្រាប់ការនាំចេញ ទំនិញទៅកាន់ទីផ្សារអន្តរជាតិ ហើយម្យ៉ាងវិញទៀត កិច្ចព្រមព្រៀងនេះ នឹងបន្តជំរុញទំហំពាណិជ្ជកម្ម ប្រទេសទាំងពីរ កាន់តែប្រសើរ ដោយសារកិច្ចព្រមព្រៀងនេះ មិនសំដៅតែទៅលើ ការកាត់ពន្ធ មួយមុខនោះទេ។
សូមជម្រាបជូនថា កាលពីឆ្នាំ២០១៩ ទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងកូរ៉េ សម្រេចបាន ក្នុងទំហំទឹកប្រាក់ ប្រមាណ ១.០៣ ពាន់លានដុល្លារ រីឯឆ្នាំ២០២០នេះ គិតត្រឹម១១ខែ ទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ សម្រេចបានត្រឹម ៧៩៤ លានដុល្លារ៕/V-PC