ដោយៈ មេសា / ភ្នំពេញៈ បុកស៊ីង ដេយ៍ (Boxing Day) គឺជាថ្ងៃសម្រាកសាធារណៈ សម្រាប់បណ្តាប្រទេស ដែលគោរពសាសនាគ្រិស្ត ហើយត្រូវបានធ្វើ នៅថ្ងៃទី ២៦ ខែធ្នូ រៀងរាល់ឆ្នាំ ជាថ្ងៃទីមួយ ឬ ទីពីរ បន្ទាប់ពីថ្ងៃបុណ្យណូអែល ( Christmas Day ) ហើយក៏ បានក្លាយជាថ្ងៃសម្រាក ដើរទិញឥវ៉ាន់ ដ៏ពាក់ពពូនប្រចាំឆ្នាំ សម្រាប់ប្រទេសខ្លះ ហើយមាន ផ្នែកខ្លះ មានអត្ថន័យ ប្រហាក់ប្រហែលនឹងហឹប ពុទ្ធបូជាប្រពៃណី ខេមរពុទ្ធសាសនិក ហើយទិដ្ឋភាពខ្លះ មានអត្ថន័យ ប្រហាក់ប្រហែលនឹងអាំងប៉ាវ ប្រពៃណីរបស់ ជនជាតិចិន ហើយក៏ជាថ្ងៃសម្រាប់ ប្រកួតកីឡា ដ៏សំខាន់ដែរ។
អត្ថន័យបុកស៊ីង ដេយ៍ៈ រូបស័ព្ទ នៃពាក្យថា Boxing Day ទីនេះ ប្រែថា ថ្ងៃនៃការបំពេញ ប្រអប់ ។ ប៉ុន្តែមានការឱ្យនិយមន័យ ទៅលើអត្ថន័យនៃពាក្យថា Boxing Day ជាច្រើន ។ បុកស៊ីង ដេយ៍ ត្រូវបានធ្វើនៅប្រទេសអូស្ត្រាលី កាណាដា ញូវហ្សេឡែន ចក្រភពអង់គ្លេស និង បណ្តាក្រុមរដ្ឋសហធនមួយចំនួន ។ នៅប្រទេស អៀរឡង់ ពិធីបុណ្យ Boxing Day ត្រូវបានគេស្គាល់ថា ជាថ្ងៃបុណ្យព្រះអរហន្តស្តេហ្វិន ( St. Stephen’s Day )។ ឆ្នាំ១៩៩៤ អាហ្វ្រិកខាងត្បូង បានប្តូរ បុកស៊ីង ដេយ៍ ទៅជា Day of Goodwill ។
ថ្ងៃ បុកស៊ីង ដេយ៍ នេះ កើតនៅអឺរ៉ុប ដោយមានតំណាលថា នៅសម័យនៅបស្ចឹមសម័យ រ៉ូម៉ាំង គេបានដាក់ប្រអប់ដែក នៅខាងក្រៅវិហារនានា នៃគ្រិស្តសាសនា ដើម្បីទទួល អំណោយ ពីគ្រប់មជ្ឈដ្ឋាន សម្រាប់បូជា ក្នុងពិធីបុណ្យ វិសុទ្ធិបុគ្គល ស្តេហ្វិន (Saint Stephen) ដែលធ្វើឱ្យយើង យល់បានថា ប្រអប់ដែកនេះ មានអត្ថន័យប្រហាក់ប្រហែលនឹងហឹប ពុទ្ធបូជា នៅប្រទេសកម្ពុជាយើង ។ ទង្វើនៃការដាក់ ឬការបរិច្ចាគរបស់របរនានា ទៅក្នុងប្រអប់ ឬ ហឹបដែក នោះឯងហើយ ដែលមានន័យថា “ ការបំពេញប្រអប់ “ ឬ “ បំពេញហឹប “ ដែលជាភាសាអង់គ្លេស ហៅថា Boxing (បុកស៊ីង) ។ មួយទៀត ប្រពៃណី ទំនៀមទម្លាប់ ពីបុរាណអង់គ្លេស បន្ទាប់ពីកម្មករ ឬ អ្នកបម្រើរបស់ពួកគេបានធ្វើការនៅ លើកសិដ្ឋាន ពេញមួយឆ្នាំ ដោយល្អមក ម្ចាស់កសិដ្ឋាន ឬ ថៅកែ រមែងបានអនុញ្ញាត ឱ្យពួកកម្មករទាំងនោះ ឈប់សម្រាក ពីការងារមួយថ្ងៃ គឺនៅថ្ងៃទី២៦ ខែធ្នូ ដើម្បីទៅលេង ស្រុកកំណើត ឬ ជួបជុំគ្រួសារ។ ពួកថៅកែ តែងតែឱ្យពួកកម្មករ ទាំងនោះនូវ ប្រអប់មួយម្នាក់ ដែលក្នុងប្រអប់នោះ មានអំណោយ ជាអាហារចំណី ឬ សម្លៀកបំពាក់ និង ប្រាក់កាស ( បន្ថែមលើប្រាក់ខែ ដែលគេត្រូវទទួលបាន ប្រចាំខែ ) ទៅតាមទឹកចិត្តថៅកែ ។ ប្រពៃណី មួយនេះ យើងអាចនិយាយបានថា មានភាពប្រហាក់ប្រហែលគ្នា ទៅនឹងប្រពៃណីជនជាតិ ចិន ដែលចែកអាំងប៉ាវ ឬ តែអៀរ នៅក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីរបស់ពួកគេដែរ។
បុកស៊ីង ដេយ៍ បច្ចុប្បន្នៈ បច្ចុប្បន្ននេះ សម្រាប់ពួកពាណិជ្ជករ នៅអង់គ្លេស ថ្ងៃបុកស៊ីក ដេយ៍ ជាថ្ងៃដែលពួកគេ ដើរប្រមូលប្រអប់ណូអែល (Christmas boxes) ដែលនៅក្នុងប្រអប់នោះ មានលុយកាក់ ឬ អំណោយផ្សេងៗ ពីអតិថិជន ជាការអរគុណ សម្រាប់ការផ្តល់ ឬ បម្រើសេវាកម្មរបស់ពួកគេ ពេញមួយឆ្នាំមក ។
នៅអង់គ្លេស កាណាដា ញូវហ្សេឡែន និង រដ្ឋមួយចំនួន នៃប្រទេសអូស្ត្រាលី ថ្ងៃបុកស៊ីង ដេយ៍ បានក្លាយជា “ ថ្ងៃសម្រាក ដើម្បីដើរទិញឥវ៉ាន់ប្រចាំឆ្នាំ” ដែលភាសាអង់គ្លេស ហៅថា a shopping holiday ដែលមានលក្ខណៈ ស្ទើរតែដូចគ្នា ទៅនឹងថ្ងៃបុណ្យ នៃ ក្តីអំណរ ( Thanksgiving ) នៅសហរដ្ឋអាមេរិក ។
ពេញមួយថ្ងៃ នៃថ្ងៃបុកស៊ីង ដេយ៍ នេះ ហាងលក់ទំនិញនានា បានលក់ទំនិញចុះថ្លៃយ៉ាង លើសលប់ ហេតុនេះទើប នៅមុខហាងលក់ទំនិញនីមួយៗមានមនុស្សច្រើនមីរដេរដាស ភ្លូកទឹកភ្លូកដីនាំគ្នាទៅតម្រង់ជួរដ៏វែងអន្លាយចាំចូលទិញឥវាន់ ឯហាងខ្លះមានអ្នកប្រជ្រៀត ស្មាគ្នាចូលទិញទំនិញ តាំងពីព្រលឹមអុល រហូតដល់យប់ជ្រៅ ហើយហាងខ្លះបានបន្ត លក់ទំនិញក្នុងតម្លៃ ថ្ងៃ បុកស៊ីង ដេយ៍ (តម្លៃបញ្ចុះយ៉ាងពិសេស) នេះរយៈពេលមួយសប្តាហ៍ ក៏មាន ដែលបានន័យថាពួកគេលក់ទំនិញលាងឃ្លាំង ។
ចំពោះវិស័យកីឡាវិញ នៅអង់គ្លេស ស្កុតឡែន និង អៀរឡង់ខាងជើង ការប្រកួតកីឡា បាល់ទាត់ Premier League អង់គ្លេស Premier League ស្កុតឡែន និង Premier League អាយរីស សុទ្ធតែបានរៀបចំកម្មវិធីប្រកួតជាពិសេស សម្រាប់ថ្ងៃបុកស៊ីង ដេយ៍ នេះ។ តាមទម្លាប់ ការប្រកួតនៅថ្ងៃ បុកស៊ីង ដេយ៍ នេះ គឺជាការប្រកួត រវាងក្រុមជាគូប្រជែង នៅក្នុងតំបន់ជាមួយគ្នា ដើម្បីកុំឱ្យពិបាក ដល់ក្រុមកីឡាករ និង ពួកអ្នកគាំទ្រ ត្រូវធ្វើដំណើរ ទៅទីផ្សេង ដើម្បីប្រកួត និង ទស្សនាការប្រកួត បន្ទាប់ពីថ្ងៃបុណ្យណូអែល ដែលពួកគេ កំពុងនៅជួបជុំគ្រួសារ ។ ការប្រកួតជើងឯក វាយកូគោលលើទឹកកក ជាច្រើន ក៏បានកំណត់ នៅថ្ងៃទី ២៦ ខែ ធ្នូ នេះដែរ ។
នៅក្នុងបណ្តាប្រទេសអាហ្វ្រិក ដែលជាក្រុមរដ្ឋសហធន (Commonwealth =បណ្តាប្រទេស ដែលកាលពីអតីត ស្ថិតនៅក្រោមអាណានិគមអង់គ្លេស ) ជាពិសេស ប្រទេសហ្កាណា អ៊ូហ្កង់ដា ម៉ាឡាវី សាមបៀ និង តង់ហ្សានី ការប្រកួតដណ្តើមពានផ្សេងៗ ក៏ត្រូវបានធ្វើ នៅថ្ងៃ បុកស៊ីង ដេយ៍ នេះដែរ ។ ហេតុនេះថ្ងៃ បុកស៊ីង ដេយ៍ ក៏បានក្លាយជាកាលបរិច្ឆេទ សំខាន់មួយ សម្រាប់ព្រឹត្តិការណ៍ នៃ ការប្រកួតកីឡា។ ថ្ងៃ បុកស៊ីង ដេយ៍ ក៏ជាទិវា ដ៏មានប្រជាប្រីយ៍ផងដែរ នៅអាមេរិក និង អង់គ្លេស សម្រាប់ពួកព្រានប្រមាញ់កញ្ជ្រោង ទោះជាការបរបាញ់កញ្ជ្រោង ត្រូវបានហាមឃាត់ កាលពីឆ្នាំ២០០៤ ក៏ដោយ ។
ជារួមទៅ ថ្ងៃបុកស៊ីង ដេយ៍ ( ២៦ ធ្នូ ) នេះ គឺជាថ្ងៃសម្រាក ដែលសេសសល់ ពីថ្ងៃបុណ្យ ណូអែល (២៥ ធ្នូ ) ហើយក៏ជាឱកាសត្រៀម ស្វាគមន៍ឆ្នាំថ្មី នៃ ឆ្នាំសកលផង និងជាឱកាស លក់ និង ទិញទំនិញ លាងឃ្លាំងផងដែរ ៕/V-PC/សរន