ប្រែសម្រួលៈវាសនា/ឡុងដ៍៖ចិននឹងវ៉ាដាច់អាម៉េរិកនិងក្លាយជាមហាអំណាចសេដ្ឋកិច្ចលេខ១លើលោកនៅត្រឹមឆ្នាំ២០២៨ នៅ៥ឆ្នាំមុនការប៉ាន់ស្មានពីមុនដោយសារតែសកម្មភាពសេដ្ឋកិច្ចផ្ទុយគ្នារបស់ប្រទេសទាំងពីរក្នុងអំឡុងពេលពិភពលោកជួបវិបត្តិជំងឺឆ្លងកូវីដ១៩, នេះបើតាមក្រុមប្រឹក្សាផ្តល់គំនិតមួយ។
មជ្ឈមណ្ឌលសំរាប់ការសិក្សាអំពីសេដ្ឋកិច្ចនិងធុរកិច្ច (CEBR)បាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសៅរ៍ទី២៦ធ្នូនេះថា«ពេលខ្លះ រឿងសេដ្ឋកិច្ចសកលជាការតស៊ូសេដ្ឋកិច្ចនិងអំណាចទន់រវាងអាម៉េរិកនិងចិន។ជំងឺឆ្លងកូវីដ១៩និងផលប៉ះពាល់របស់វាលើសេដ្ឋកិច្ចពិតជាអំណោយផលដល់ចិនក្នុងការប្រកួតប្រជែងគ្នានេះ»។
CEBR បាននិយាយថា «ការគ្រប់គ្រងចាត់ចែងដ៏មានទេពកោសល្យរបស់ចិនលើជំងឺឆ្លងនេះ »ដែលរឹតត្បិតដ៏តឹងតែងនៅគ្រាដំបូង តែបន្ធូរបន្ថយជាមួយនឹងកំរិតឆ្លងទាបជារៀងរហូតមកគួបផ្សំនឹងជំងឺកូវីដ១៩ វាយប្រហារកំណើនរយៈពេលវែងនៅលើខាងលិច មានន័យថាដំណើរការសេដ្ឋកិច្ចចិនល្អប្រសើរជាទូទៅ។
ចិនត្រូវរំពឹងថានឹងមានកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ៥,៧ភាគរយក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២១ដល់២០២៥ មុនចុះមកវិញមកនៅត្រឹម៤,៥ភាគរយចាប់ពីឆ្នាំ២០២៦ដល់២០៣០។
អាម៉េរិកទំនងជានឹងមានកំណើនខ្លាំងនៅក្រោយវិបត្តិកូវីដ១៩នៅឆ្នាំ២០២១ តែនឹងមានត្រឹម១,៩ភាគរយក្នុងមួយឆ្នាំរវាងឆ្នាំ២០២២ដល់២០២៤ និងបន្ទាប់មកចុះមកនៅត្រឹម១,៦ភាគរយ។
ក្នុងពេលជាមួយគ្នា ជប៉ុនបន្តនៅជាមហាអំណាចសេដ្ឋកិច្ចទី៣ក្នុងលោកដដែល បើនិយាយអំពីទំហំសេដ្ឋកិច្ចជាដុល្លារ ។ឋានៈនេះនឹងបន្តរហូតដល់ដើមទសវត្សរ៍ឆ្នាំ២០៣០នៅពេលដែលប្រទេសអាស៊ីខាងកើតមួយនេះនឹងត្រូវចូលជំនួសដោយឥណ្ឌា ដោយរុញអាឡឺម៉ង់ពីចំណាត់ថ្នាក់ទី៤ទៅទី៥។
ចក្រភពអង់គ្លេស បច្ចុប្បន្ននៅលេខរៀងទី៥ នឹងធ្លាក់ចុះដល់ទី៦ចាប់ពីឆ្នាំ២០២៤ទៅ។
តាមពិតចិនបានចូលជំនួសអាម៉េរិករួចទៅហើយក្នុងនាមជា ដៃគូពាណិជ្ជកម្មធំបំផុតរបស់សហភាពអឺរ៉ុប ក្នុងពេលផ្នែកផ្សេងៗកំពុងប្រឈមដោះស្រាយនឹងជំងឺឆ្លងកូវីដ១៩។ចាប់ពីត្រីមាសទី៣នៃឆ្នាំ២០២០មក ចិនបានវ៉ាដាច់អាម៉េរិកនិងបានក្លាយជាដៃគូពាណិជ្ជកម្មកំពូលរបស់សហភាពអឺរ៉ុប នៅពេលជំងឺឆ្លងរារាំងអាម៉េរិក នៅពេលចិនកំពុងងើបស្ទុះឡើងវិញ៕
សកម្មភាពសេដ្ឋកិច្ចចិនកំពុងងើបស្ទុះឡើងវិញក្រោយទប់ស្កាត់កូវីដ១៩បានជោគជ័យ ខណៈដែលអាម៉េរិកជួបកំណើនឆ្លងនិងស្លាប់ខ្ពស់ៗប្រចាំថ្ងៃ