ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ យុវជនពីរនាក់ បានស្លាប់ នៅកន្លែងកើតហេតុ ដោយសារ រថយន្តដឹកទឹកសុទ្ធ បុកម៉ូតូ នៅវេលាម៉ោង ៤និង៣០នាទី រសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវ ក្រាលកៅស៊ូលេខ ១៨៣ ស្ថិតក្នុងភូមិទួលសំរោង ឃុំកនរាំងស្គារ ស្រុកទឹកផុស។
សមត្ថកិច្ចនគរបាល ស្រុកទឹកផុស បានឱ្យដឹងថាៈ ជនរងគ្រោះ ឈ្មោះ នង រ៉ានី អាយុ២៤ឆ្នាំ ជាអ្នកបើកម៉ូតូ ម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1F5520 និងអ្នករួមដំណើរជាមួយ ឈ្មោះ វ៉ាត ការ អាយុ១៨ឆ្នាំ ។ យុវជនរងគ្រោះ ទាំងពីរនាក់ រស់នៅក្នុងភូមិក្រសាំ ឃុំក្រាំងស្គារ ស្រុកទឹកផុស ជាមួយគ្នា បានធ្វើដំណើរ ក្នុងទិសដៅ ពីទិសខាងកើត ទៅខាងលិច ច្រាស់ទិសគ្នា ជាមួយរថយន្ត ហើយរថយន្ត បានបុកម៉ូតូ បណ្តាលឱ្យយុវជន ២ នាក់នោះ បានស្លាប់ នៅនឹងកន្លែងកើតហេតុតែម្តង។
សមត្ថកិច្ចនគរបាល ស្រុកទឹកផុស បានឲ្យដឹងទៀតថាៈ ក្រោយពេលកើតហេតុ រថយន្តធុនធំ បានបើករត់គេចខ្លួនបាត់ ខណះដែលមិនស្គាល់អត្តសញ្ញាណ តែនៅកន្លែងកើតហេតុ បន្សល់នូវដែកវ៉េ មួយកំណាត់ និងម៉ូតូ ១ គ្រឿង ត្រូវបានសមត្ថកិច្ច នាំយកមករក្សាទុក នៅប៉ុស្តិ៍នគរបាល រដ្ឋបាលកនរាំងស្គារ ។ ពាក់ព័ន្ធនឹងករណី ខាងលើនេះ សមត្ថកិច្ច កំពុងស្រាវជ្រាវ រកអ្នកបើកបររថយន្តបង្ក ដើម្បីផ្តន្ទាទោស តាមច្បាប់៕V-PC