Home ព័ត៌មានសំខាន់ៗ គម្រោង​ស្ថាបន...

គម្រោង​ស្ថាបនា​កែលម្អ​ផ្លូវជាតិ​លេខ​២ អាច​ចប់​តាម​ផែនការ ដែល​បាន​គ្រោងទុក នៅ​ឆ្នាំ​២០២២

ដោយៈ សុផល / ភ្នំពេញៈ មកដល់ពេលនេះ គម្រោង​ធ្វើឱ្យ​ប្រសើរឡើង នូវ​ផ្លូវជាតិ​លេខ​២ សម្រេចបាន​លទ្ធផល ជាង ២០ ភាគរយ​ហើយ​។ នេះ​បើ​យោងតាម​លោក ហ៊ាង សុទ្ធា​យុ​ត្តិ អ្នកនាំពាក្យ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​លោក​បាន​បញ្ជាក់ថាៈ «​តាម​ល្បឿន​នៃ​ការសាងសង់​នេះ នឹង​អាច​ចប់​តាម​ផែនការ​ដែល បានគ្រោង​ទុក នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០២២​។ ក្រុម​ហ៊​ន ទទួល​ការសាងសង់ កំពុង​មមាញឹក អនុវត្ត​ការងារ​របស់ខ្លួន តាម​ផែនការ​កំណត់​របស់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បើទោះបី​ការអភិវឌ្ឍ ត្រូវបាន​រំខាន ដោយ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​បញ្ហា​ទឹកជំនន់ ដែល​ធ្វើឱ្យប៉ះពាល់​ផ្នែក​ខ្លះ នៃ​កំណាត់​ផ្លូវ កាលពីពេល​កន្លងទៅនេះ​ក៏ដោយ​។​

​សូមជម្រាបថាៈ រាជរដ្ឋាភិបាល​កាលពី ខែកុម្ភៈ ឆ្នាំ​២០២០ បានចាប់ផ្តើម​កែលម្អ កំណាត់​ផ្លូវ ជាតិ​លេខ​២ ពី​ក្រុង​តាខ្មៅ ដល់​ក្រុង​ដូន​កែវ និង​កំណាត់​ផ្លូវជាតិ លេខ​២២ ពី​រង្វង់​មូល​អូរ​ចំបក់ ក្រុង​ដូន​កែវ ដល់​ផ្លូវជាតិ​លេខ​៣ ត្រង់​ផ្សារ​អង្គតាសោម ក្នុង​គម្រោង សម្បទាន ពី​ធនាគារ នីហរ័ណ អាហរ័ណ​កូរ៉េ នៃ​មូលនិធិ​សហប្រតិបត្តិការ អភិវឌ្ឍន៍​សេដ្ឋកិច្ច ដែលមាន​ទឹកប្រាក់ សរុប​ជាង ៥៦ លាន​ដុល្លារ​អាមេរិក ដោយ​ផ្តល់​សិទ្ធិ​ទៅឱ្យ​ក្រុមហ៊ុន Hanshin Engineering & Construction Co., Ltd របស់​កូរ៉េ ជា​អ្នក​សាងសង់​។​

​គម្រោង​កែលម្អ​ផ្លូវជាតិ ទាំងពីរ​ខ្សែ​នេះ នឹងត្រូវ​ពង្រីក​លើផ្លូវ​ចាស់ ដោយ​ក្រាល​កៅ ស៊ូ AC (Asphalt Concrete) សាងសង់​ស្ពាន​ថ្មី ចំនួន ១១ កន្លែង និង ស្ថាបនា​លូ​រំដោះ​ទឹកភ្លៀង មាន​លូ​ជ្រុង​កាត់​ទទឹង​ថ្នល់ ៥៦ កន្លែង និង លូ​មូល​កាត់​ទទឹង​ថ្នល់ ១៧ កន្លែង​។

ការស្ថាបនា​នេះ បែងចែក​ជា​បី​កំណាត់​ផ្លូវ ធំៗ ដោយ​កំណាត់​ទី​១​ចាប់ផ្តើម​ចេញពី​រង្វង់​មូល តាខ្មៅ ដល់​រង្វង់​មូល​ស្ត្រី​បី​កួរស្រូវ មាន​ប្រវែង ៨,៧៤ គីឡូម៉ែត្រ ត្រូវ​ពង្រីក​ពី ២ គន្លង ទៅ ៤ គន្លង ដោយនៅ​តំបន់​ទី ប្រជុំជន មាន​ទទឹងផ្លូវ ១៥ ម៉ែត្រ និង​ក្រៅ​តំបន់​ទីប្រជុំជន​មាន​ទទឹង ផ្លូវ ២០,៥ ម៉ែត្រ​។ កំណាត់​ទី​២ ចាប់ផ្តើម​ចេញពី​រង្វង់​មូល ស្ត្រី​បី​កួរស្រូវ ដល់​រង្វង់​មូល​អូរ​ចំបក់ ដែលមាន​ប្រវែង ៥៣,៨១៩ គីឡូម៉ែត្រ ដែល​ផ្លូវ​ស្ថិតក្នុង​តំបន់​ជនបទ ដោយ​រៀបចំ​មាន ២ គន្លង ក្នុង​ទំហំ​ផ្លូវ​ទទឹង ១៣ ម៉ែត្រ​។ កំណាត់​ទី​៣ ចាប់ផ្តើម​ពី​រង្វង់​មូល អូរ​ចំបក់​ដល់​ផ្សារ អង្គតាសោម (​ផ្លូវជាតិ​លេខ ២២) ដែលមាន​ប្រវែង ៩,៦១១ គីឡូម៉ែត្រ ដែល​ស្ថិតក្នុង តំបន់​ជនបទ ដោយ​កំណាត់ ផ្លូវ​នេះ មាន​ទំហំ​ទទឹងផ្លូវ សរុប ១៣ ម៉ែត្រ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular