ដោយៈ ទេព មង្គល / មណ្ឌលគិរីៈ បុរសបីនាក់ បានរងរបួសស្រាល ដោយសាររថយន្ត ដឹកគ្រឿងចក្រ បានធ្លាក់ចេញពីផ្លូវ នៅតាមបណ្តោយ ផ្លូវជាតិលេខ៧៦ ត្រង់ចំណុចអូរងើយ ស្ថិតក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី កាលពីវេលា ទៀបភ្លឺ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ។
សមត្ថកិច្ចដែលបានចុះជួយសង្គ្រោះជនរងគ្រោះ ជាប់ក្នុងកាប៊ីនរថយន្ត បានឱ្យដឹងថាៈ មូលហេតុនៃគ្រោះថ្នាក់នេះ គឺតៃកុង បើកបរខុសបច្ចេកទេស បុកលេខមិនចូល ហើយជាន់ ហ្វ្រាំង ក៏មិនស៊ី និងមានដឹកអាប៊ុល រុញដី ១គ្រឿងផងនោះ ក៏ធ្លាក់ចេញពីផ្លូវ ក្រឡាប់ តែម្តង។
វរៈសេនីយ៍ឯក វ៉ាន់ ដានីន អធិការនគរបាល ស្រុកអូរាំង បានបញ្ជាក់ថាៈ រថយន្ដរងគ្រោះ ផលិតនៅកូរ៉េ ចំណុះ ៣ តោន ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ ៣c-៥៣៦៣ បើកបរដោយ ឈ្មោះ ឈឹម សំណាង អាយុ២៩ឆ្នាំ រស់នៅភូមិស្វាយធំ ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ស្វាយរៀង ហើយអ្នករួមដំណើរជាមួយ មានពីរនាក់គឺ ឈ្មោះ យ៉ុន យ៉េង អាយុ ២៩ ឆ្នាំ រស់នៅភូមិ៣៥ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម និងឈ្មោះ ភឿន រ៉ាវី អាយុ ៣០ ឆ្នាំ រស់នៅភូមិខ្នាធំ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ។
បច្ចុប្បន្ន បុរសទាំងបីនាក់ កំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តមណ្ឌលគិរី ក្នុងនោះ ម្ចាស់រថយន្ត កំពុងស្វែងរករថយន្ត ដើម្បីអូសឡើងផងដែរ៕/V-PC