Home ព័ត៌មានសំខាន់ៗ ត្រី​សម្រាប់ធ...

ត្រី​សម្រាប់ធ្វើ​ប្រហុក​ផ្អក​នៅ​បន្ត​ចាប់បាន និង​អាច​បាន​ម្តងទៀត​នៅ​ខ្នើត​ខែមាឃ​

ដោយ​: ប​.​ខុន / ភ្នំពេញ​: ត្រី​សម្រាប់ធ្វើ​ប្រហុក​ផ្អក​តាម​គន្លង​ដាយ​ក្នុង​ដង​ទន្លេសាប នៅតែ​បន្ត​ចាប់បាន​ច្រើន និង​មានតម្លៃ​ជាង​បួន​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​អ្នកធ្វើអាជីវកម្ម​នេសាទ​តាម​គន្លង​ដាយ​រំពឹងថា អាច​នៅ​ចាប់​ត្រី​បាន​ច្រើន​ម្តងទៀត នៅក្នុង​ខ្នើត​ខែ​មេ​ឃនា​ពាក់កណ្តាល​ខែមករា​ឆ្នាំ​២០២១ ដោយសារ​ទឹក​នៅ​ហូរ​ខ្លាំង​។​

​លោក ងិន ឌី នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផលរាជ​ធានី​ភ្នំពេញ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២៦​ខែធ្នូ​ឆ្នាំ​២០២០​ថា ពេលនេះ ត្រី​សម្រាប់ធ្វើ​ប្រហុក​ផ្អក នៅតាម​គន្លង​ដាយ​នៅតែ​បន្ត​ចាប់បាន​ច្រើន គឺ​ក្នុង​រង្វង់​១០០​គីឡូក្រាម រយៈពេល​កន្លះ​ម៉ោង​លើ​កឌុក​ម្តង​។​

​លោក ម៉ូត ហូ​សាន់ អ្នកធ្វើអាជីវកម្ម​នេសាទ​តាម​គ​ន្ល​ដាយ​ត្រី​ជួល​ពី​រដ្ឋបាល​ជលផល បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២៦​ខែធ្នូ​ថា ត្រី​នៅតែ​បន្ត​ចាប់បាន​គួរសម គឺ​ពី​៨០​ទៅ​ជាង​១០០​គីឡូក្រាម ក្នុង​រយៈពេល​ពី​៣០​ទៅ​៤០​នាទី​លើក​ម្តង​។ ត្រី​ឆ្នាំនេះ​តូចៗ តែ​ចាប់បាន​បន្តបន្ទាប់​ច្រើន​ថ្ងៃ​តាំងពី​ថ្ងៃ​២​កើត រហូតដល់​ពេលនេះ (១២ កើត​ខែបុស្ស​) នៅតែ​ចាប់បាន​។

​ត្រី​ចាប់បាន​មាន​ទំហំ​តូចៗ​នេះ អ្នកនេសាទ​ខាងលើ​និយាយថា លក់បាន​ថ្លៃ គឺ​១​គីឡូក្រាម​ពី​៤.០០០ ទៅ​៥.០០០​រៀល ត្រូវបាន​គេ​ទិញយក​អស់ៗ ក្រៅពី​ទិញ​យកទៅលក់​បន្ត​តាម​ភូមិ មាន​អ្នកប្រមូល​ទិញ​ពេលយប់​សម្រាប់ធ្វើ​ប្រហុក​លក់​។ ត្រី​ចាប់បាន​ច្រើន​នេះ មកពី​គន្លង​ជាច្រើន​មិនមាន​អ្នក​ជួល​ធ្វើ​អាជីវកម្ម ដោយសារ​ទឹកទន្លេ​ឡើង​យឺត​ពេក​គេ​ខ្លាច​អត់​ត្រី​ខាត​ដូច​ឆ្នាំមុនៗ​។​

​លោក ម៉ូត ហូ​សាន់ និយាយ​ឱ្យដឹងទៀតថា បី​បួន​ឆ្នាំ​មកហើយ​អ្នកនេសាទ​តាម​គន្លង​ដាយ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ រកប្រាក់​ចំណូល​មិនដែល​បាន​ច្រើន​ដូច​ឆ្នាំនេះ​ទេ (​ត្រី​តិច អ្នកនេសាទ​តិច តែ​ត្រី​លក់បាន​ថ្លៃ​) ត្រី​សម្រាប់​ប្រហុក ផ្អក​អាច​នៅ​ចាប់បាន​ម្តងទៀត​នៅក្នុង​ខ្នើត​ខែមាឃ​(​ពាក់កណ្តាល​ខែមករា​) ដោយសារ​ពេលនេះ ទឹក​នៅ​ហូរ​ខ្លាំង​គ្រាន់បើ​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២៦​ខែធ្នូ​ថា ទឹក​បឹង​ទន្លេសាប​ឆ្នាំនេះ នៅ​ខ្ពស់ជាង​ឆ្នាំមុន តែ​ទាប​ជាង​កម្ពស់​ទឹក​មធ្យម​ច្រើន​ឆ្នាំ បើ​ធៀប​រយៈពេល​ដូចគ្នា​។ នៅ​បឹង​ទន្លេសាប​នៅសល់​កម្ពស់ ៣.៦៣​ម៉ែត្រ នៅ​ចតុមុខ ២.៨១​ម៉ែត្រ នៅ​ថ្ងៃទី​២៦​ខែធ្នូ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular