ដោយៈ ប.ខុន / ភ្នំពេញៈ យោងតាមការស្នើសុំរបស់ រដ្ឋបាលរាជធានីភ្នំពេញ ទីស្តីការគណៈ រដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានសម្រេច កាត់ឆ្វៀលដី ចំនួន ១៩៦ ហិកតា ចេញពីអនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការកំណត់ផ្ទៃបឹង តាមោក ធ្វើប្រទានកម្ម ជូនលោកស្រី អ៊ុយ បូរី និងលោកស្រី គង់ សុធី។
ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានជម្រាបជូនរដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច ហិរញ្ញវត្ថុ, រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់,រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម និងរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈលិខិតលេខ ១១០២ សជណ.មយ អំពីករណីសំណើសុំឆ្វៀលផ្ទៃដី ទំហំ ២៧៥ ហិកតា ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចេញពីអនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការកំណត់ ផ្ទៃបឹងតាមោក (កប់ស្រូវ) ទំហំ ៣.២៩៧ ហិកតា ស្ថិតនៅក្នុង រាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ ដើម្បីគ្រប់គ្រង ជាកម្មសិទ្ធិ។
នៅក្នុងលិខិត ដែលចុះហត្ថលេខា ដោយលោក កែន សត្ថា រដ្ឋលេខាធិការ ទីស្តីការគណៈ រដ្ឋមន្ត្រី ដែលរស្មីកម្ពុជាទទួលបាន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ បាន សរសេរដោយយោង លិខិត ០៦១/២០ លស.គ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋបាល រាជធានីភ្នំពេញ , លិខិតលេខ៦៥៦ខន /០២០ សជណចុះថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២០ របស់ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា , ចំណារដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។
ក្នុងលិខិត បានបញ្ជាក់ថា ករណីខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រី សូមជម្រាបជូនថា រាជរដ្ឋាភិបាល បានយល់ព្រមអនុញ្ញាត ឱ្យឆ្វៀលដីទំហំ ១៩៦,៥៦៥៩ ហិកតា (មួយរយកៅ សិបប្រាំមួយហិកតា ហាសិបប្រាំមួយអា ហាសិបប្រាំបួនសង់ទីអា) ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដូចមានក្នុងគំនូសប្លង់ បង្ហាញទីតាំង និងនិយាមកាភ្ជាប់មក ជាមួយ ចេញពីអនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការកំណត់ ផ្ទៃបឹងតាមោក (កប់ស្រូវ) ទំហំ ៣.២៣៩,៧ ហិកតា ស្ថិតនៅក្នុងរាជធានីភ្នំពេញជាសម្បត្តិ សាធារណៈរបស់រដ្ឋ ដើម្បីធ្វើប្រទានកម្ម ជូនលោកស្រី អ៊ុយ បូរី និងលោកស្រី គង់ សុធី ដោយយក ពន្ធ ជាបន្ទុករដ្ឋ និងលើកលែងសេវាអន្តរក្រសួង សេវាសុរិយោដីនានា៕/V-PC