ដោយៈ សរិទ្ធ / ស្វាយរៀងៈ បុរសម្នាក់ បានបើកម៉ូតូ ទៅបុកជាមួយរថយន្ត ចំពីចំហៀង ក្នុងទិសដៅបញ្ច្រាសទិសគ្នា ពេញទំហឹង បណ្ដាលអោយរងរបួសធ្ងន់ កាលពីម៉ោងជាង ៨ យប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៣៦ និង ១៣៧ ស្ថិតក្នុងភូមិប្រសូតិ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។
សមត្ថកិច្ចនគរបាល ស្រុកស្វាយទាប បានអោយដឹងថាៈ បុរសដែលរងរបួស ឈ្មោះ នួន ដំ អាយុ ២៧ ឆ្នាំ មុខរបរ កម្មកររោងចក្រ ត្រូវបានសមត្ថកិច្ច ដឹកយកទៅសង្គ្រោះ នៅមន្ទីរ ពេទ្យខេត្តស្វាយរៀង។ ចំណែកអ្នកបើករថយន្ត ឈ្មោះ សោម សាម៉ន ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិតាសួស ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សមត្ថកិច្ច បានបញ្ជាក់ថាៈ មុនកើតហេតុ បុរសម្នាក់ បានបើកម៉ូតូ ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១N ១៦៩០ ក្នុងទិសដៅពីខាងលិច ទៅខាងកើត មិនប្រកាន់ស្តាំ ស្រាប់តែទៅបុករថយន្តម៉ាកតូយ៉ូតា តាកូម៉ា ពណ៌សគ្មានផ្លាក លេខ ចំពីចំហៀង ខាងមុខផ្នែកខាងឆ្វេង ក្នុងទិសដៅបញ្ច្រាសទិសគ្នា ពេញទំហឹង។
ក្រោយកើតហេតុ សមត្ថកិច្ច បានមកវាស់វែង និងយកអ្នករបួស ទៅមន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះ និងអូសយកមធ្យោបាយ ធ្វើដំណើរទាំងពីរគ្រឿង មករក្សាទុកនៅអធិការ ដ្ឋាននគរបាល ស្រុកស្វាយទាប ដើម្បីដោះស្រាយ នៅពេលក្រោយ៕/V-PC