ដោយៈ គ្រញូង / បាត់ដំបងៈ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានកោះប្រជុំ នៅសាលប្រជុំ B2 នៃសាលាខេត្តបាត់ដំបង នារសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ដើម្បីពិភាក្សា ស្ដីពីការរៀបចំ និងកំណត់យក និមិត្តសញ្ញា របស់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់។
លោកអភិបាលខេត្ត បានមានប្រសាសន៍ ណែនាំដល់ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ទាំងអស់ និងអ្នកពាក់ព័ន្ធថាៈ មុននឹងសន្មត់ ក្នុងការបង្កើត និមិត្តសញ្ញា រដ្ឋបាលរបស់ ខ្លួន គឺត្រូវធ្វើទៅតាមប្រវត្តិ និងរៀបចំធ្វើយ៉ាងណា ឲ្យមានអត្តសញ្ញាណ មានខ្លឹមសារ អត្ថន័យ និងសមស្រប ទៅតាមតំបន់ ដែលមានសក្ដានុពល របស់ខ្លួន ប្រកបដោយភាពច្នៃប្រឌិត និងទាក់ទាញ ដោយត្រូវឲ្យមាន ការឯកភាពគ្នា មុននឹងប្រើប្រាស់និមិត្តសញ្ញារបស់រដ្ឋបាល របស់ខ្លួន ដើម្បីឲ្យប្រជាពលរដ្ឋ និងមន្ត្រីក្នុងរដ្ឋបាល អាចយល់ដឹងពីអត្តសញ្ញាណ និងសក្ដា នុពលរបស់ក្រុង ស្រុក ឃុំ សង្កាត់ ដែលខ្លួនមាន បែបសង្ខេប នៅលើរូបនិមិត្តសញ្ញា។
លោកអភិបាលខេត្ត បានបន្តថាៈ ចំពោះកិច្ចការងារ នៅមូលដ្ឋាន និងការការពារកុំឲ្យរោគ រាតត្បាតកូវីដ ១៩ ចូលក្នុងសហគមន៍ គឺការគ្រប់គ្រងពលករ ចំណាកស្រុកដែលមកពី ប្រទេសថៃ ឲ្យបានហ្មត់ចត់ មិនត្រូវធ្វេសប្រហែសឡើយ៕/V-PC