ដោយៈ សុផល / ភ្នំពេញៈ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានចំណាយលុយ ប្រមាណ ៥ លានដុល្លារ សហរដ្ឋអាមេរិក ដើម្បីអភិរក្សវីឡា សម័យអាណានិគមបារាំង ដែលមានអាយុជាង មួយសតវត្សរ៍។
ការរក្សាទុកនេះ ក្នុងគោលបំណងរក្សាដាន នៃប្រវត្តិសាស្ត្រ ការវិវឌ្ឍនៃស្ថាបត្យកម្ម និងអត្តសញ្ញាណ នៃសហគមន៍នោះ ជាពិសេសអគារបុរាណ។ វីឡាសម័យអាណានិគម នេះ សម្រាប់ជាន់ទី១ ត្រូវបានអភិរក្ស ជាកន្លែងទទួលបដិសណ្ឋារកិច្ចភ្ញៀវ ដែលនឹងផ្ដល់ ជូនភ្ញៀវ នូវទស្សនីយភាព អំពីរចនាបទខ្មែរ និងសម័យអាណានិគមបារាំង ។
សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានរួមចំណែក រក្សាអត្តសញ្ញាណ ក្នុងតំបន់ ដែលជាបណ្ដុំ នៃស្ថាប័នធំៗ ពាណិជ្ជកម្ម វប្បធម៌ និងសាសនា ដូចជា ព្រះបរមរាជវាំង វាលព្រះមេរុ សារមន្ទីរជាតិ សាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ ទន្លេចតុមុខ វត្តអារាម អគារសម័យ អាណានិគមបារាំង ផ្សារបែបប្រពៃណី និងកន្លែងលក់ស្នាដៃសិល្បៈ។ រចនាបទពហុសម័យ នៃសណ្ឋាគា ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នឹងផ្ដល់បទពិសោធន៍ បដិសណ្ឋារកិច្ចដ៏ល្អ ផ្ដាច់គេមួយ ជូនដល់ភ្ញៀវជាតិ និងអន្តរជាតិ៕/V-PC