ដោយៈ គង់ហេង / កំពង់ចាមៈ អាជ្ញាធរខេត្តកំពង់ចាម បានត្រៀមរៀបចំ មណ្ឌលចត្តាឡីស័ក កម្រិត២ និងកន្លែងព្យាបាល អ្នកវិជ្ជមានជំងឺកូវីដ.១៩ សរុបប្រមាណ ៧៥៦ គ្រែ សម្រាប់ទទួលបងប្អូន ជាពលករត្រឡប់មកពីក្រៅប្រទេស ដោយគិតមកត្រឹមព្រឹក ថ្ងៃទី២៦ ធ្នូ នេះ ទទួលបានពលករ ពីប្រទេសថៃ បានចំនួន ១២ នាក់។
មន្ត្រីសាលាខេត្តកំពង់ចាម បាននិយាយថាៈ ក្រោយពីបានទទួល សេចក្តីណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ.១៩ នៅព្រឹកថ្ងៃទី២៦ ធ្នូនេះ បានដឹកនាំក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យ និងរៀបចំកន្លែង សម្រាប់ធ្វើចត្តាឡីស័ក ជូនដល់បងប្អូនពលករ ចំណូលស្រុក ពាក់ព័ន្ធនឹងជំងឺកូវីដ.១៩ ចំនួន ៧៥៦ គ្រែ។
លោក គឹមសួរ ភិរុណ ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ចាម បានដឹងនៅរសៀល ថ្ងៃទី២៦ ធ្នូថាៈ ក្នុងចំនួន ៧៥៦ គ្រែនោះ មានចំនួន ៦៥ គ្រែ នៅមន្ទីរពេទ្យខេត្ត សម្រាប់ព្យាបាល អ្នកផ្ទុកជំងឺកូវីដ.១៩ មណ្ឌល សម្រាប់ធ្វើចត្តាឡីស័ក កម្រិត២ ចំនួន ពីរកន្លែង គឺនៅសណ្ឋាគារ មេគង្គមួយកន្លែង និងនៅមជ្ឈមណ្ឌល គរុកោសល្យភូមិភាគ កំពង់ចាម ចំនួនមួយកន្លែងទៀត សរុបចំនួន ៦៩១ គ្រែ។
លោកប្រធានមន្ទីរសុខាភិបាល រូបនេះ បានឱ្យដឹងទៀតថាៈ គិតត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ យើងទទួលបានបងប្អូនពលករ ត្រឡប់មកពីប្រទេសថៃ បានចំនួន ១២ នាក់ កំពុងធ្វើចត្តាឡីស័ក នៅសណ្ឋាគារមេគង្គ ដែលយើងទៅទទួលពីព្រំដែន ប្រទេសថៃ ហើយឥឡូវនេះ កំពុងរង់ចាំទទួលបន្ថែមទៀត៕/V..mara