ដោយៈ គ្រញូង / បាត់ដំបងៈ យុវជនម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ដោយសារយុវជន នោះ បានបើកម៉ូតូលឿន ខ្វះការប្រុងប្រយ័ត្ន ទៅបុករថយន្តពីក្រោយ បណ្តាលឲ្យស្លាប់ ម្នាក់ ឯតៃកុងរថយន្ត រត់គេចខ្លួនបាត់។ ហេតុការណ៍នេះ បានកើតឡើង នៅចំណុចអូរស្នោរ ភូមិសសរពក ឃុំកន្ទឺ១ ស្រុកបាណន់ កាលពីព្រលប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។
លោក ប៉ាន់ វ៉ាន់នី អធិការស្រុកបាណន់ បានឲ្យដឹងថាៈ យុវជនរងគ្រោះ ឈ្មោះ សល់ វិបុល អាយុ ២១ ឆ្នាំ រស់នៅភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ។ ចំំណែកតៃកុង រថយន្ត ម៉ាក HYUNDAI ពណ៌ ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A 3768 មិនទាន់ស្គាល់អត្តសញ្ញាណទេ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់។ សាក្សី បានប្រាប់សមត្ថកិច្ចថាៈ មុនពេលកើតហេតុ មានរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A 3768 បើកបរតាម ផ្លូវថ្នល់ ស្របពេលនោះ មានយុវជនម្នាក់ បានបើកម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរី ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AE1445 បើកបរយ៉ាងលឿន ទៅបុកពីក្រោយរថយន្ត មួយទំហឹង បណ្តាលឲ្យបែកក្បាល បាក់ ក ស្លាប់នៅនឹងកន្លែងតែម្តង។ ចំណែកតែកុងឡាន បានទុករថយន្តចោល ហើយរត់គេចខ្លួន បាត់ស្រមោល។
បច្ចុប្បន្ន ម៉ូតូនិងរថយន្ត ត្រូវបានកម្លាំងសមត្ថកិច្ច យកទៅរក្សាទុកនៅស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង ហើយរង់ចាំដោះស្រាយ តាមផ្លូវច្បាប់៕/V-PC
បើកម៉ូតូលឿន ទៅបុករថយន្ត ពីក្រោយ ស្លាប់ម្នាក់