​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ បុរស​ជនជាតិ​ចិន បីនាក់ និង​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ ករណី​ជួញដូរ​គ្រឿងញៀន ជាង​មួយ​គីឡូក្រាម បាន​ត្រូវ​តុលាការ​ខេត្តកណ្តាល សម្រេច​ឃុំខ្លួន ដាក់ពន្ធនាគារ នៅ​រសៀល ថ្ងៃទី​២៦ ខែ​ធ្នួ ឆ្នាំ​២០២០​។​

​បុរស​ជនជាតិ​ចិន បីនាក់ និង​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ បាន​ត្រូវ​កងរាជអាវុធហត្ថ ខេត្តកណ្តាល សហការ​ជាមួយ​ស្នងការដ្ឋាន ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស ទទួលបន្ទុក​ការិយាល័យ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស បាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ នៅ​ទឹកដី​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ​។​
​សមត្ថកិច្ច បានបញ្ជាក់​ថាៈ នៅ​ថ្ងៃទី​១៩ ខែធ្នូ កន្លងទៅ នៅ​ចំណុច​ផ្លូវ​លេខ ២១B មុខ​ដេប៉ូ​លក់​ប្រេង ស្ថិតនៅ​ភូមិ​ព្រែក​សំរោង ២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ សមត្ថកិច្ច​បាន​ឃាត់ខ្លួន បុរស​ជនជាតិ​ចិន​ម្នាក់ ឈ្មោះ KEICHEING អាយុ ៣៥ ឆ្នាំ ស្នាក់នៅ​ផ្ទះជួល នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ពេល​កំពុង​ឈប់​ម៉ូតូ រង់ចាំ​អ្នកទិញ​គ្រឿងញៀន ដោយ​រកឃើញ​ក្រាម ស ថ្លា សង្ស័យ​ជា​សា​ធាតុ​ញៀន (​ម៉ា​ទឹកកក​) ចំនួន ២ កញ្ចប់​មធ្យម ម្សៅ ស​ថ្លា ស​ង្ស​យ័​ជា​សារធាតុ​ញៀន (​ម្សៅ​ខេ​) ចំនួន ៧​កញ្ចប់ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្តកណ្តាល ជនសង្ស័យ បាន​សារភាពថាៈ ខ្លួន​បាន​ទិញ​គ្រឿងញៀន​នេះ ពី​ជន​ជាតិចិន​ម្នាក់ នៅ​រាជធានី​ភ្នំពេញ ដើម្បី​យកមក​លក់​បន្ត​។​

​ដោយមាន​ការសម្របសម្រួល នីតិវិធី​ពី ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកណ្តាល និង ព្រះរាជអាជ្ញា អម​សាលាដំបូង រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២០ ខែធ្នូ កម្លាំង​ជំនាញ បាន​បន្ត​ចុះ​ដល់ផ្ទះ​ជនសង្ស័យ ជួល​ស្នាក់នៅ ស្ថិតនៅ​ភូមិ​ច្រេស សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​បាន​ឃាត់ខ្លួន ជនសង្ស័យ ចំនួន បីនាក់ និង​ដកហូត​ថ្នាំញៀន មួយចំនួនធំ​បន្ថែមទៀត ។​

​ជនសង្ស័យ បីនាក់​នេះ រួមមានៈ ១.​ឈ្មោះ JiNYUAN ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ​ចិន ។ ២.​ឈ្មោះ CHANGFA ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ​ចិន ។ ៣.​ឈ្មោះ យៀប អាន់​ហ្វឿ​ង ភេទ​ស្រី អាយុ ២៥ ឆ្នាំ ជនជាតិ​វៀតណាម ។​

​ក្រោយពេល​ឃាត់ខ្លួន កម្លាំង​ជំនាញ បាន​ឆែកឆេរ​រកឃើញ​ថ្នាំញៀន និង​ដកហូត​សម្ភារៈ​មួយចំនួនទៀត មានៈ ក្រាម ស ថ្លា ស​ង្ស​យ័​សារធាតុ​ញៀន​ចំនួន ១៣ កញ្ចប់​ធំ និង ៨​កញ្ចប់​មធ្យម មាន​ទម្ងន់ ១.១៦៩,៣ ក្រាម​, ថ្នាំ​គ្រវី​ចំនួន ២ គ្រាប់​, ជញ្ជីង​ថ្លឹង​គ្រឿងញៀន ២ , រថយន្ត ១​គ្រឿង ម៉ាក​តូយ៉ូតា ព្រូស ពណ៌​ទឹកប្រាក់ ស្លាក​លេខ 2BH , សម្ភារៈប្រើប្រាស់​វេច​ខ្ចប់​មួយចំនួនធំ , សំបក​កា​ទូ​ស​កាំភ្លើង​បាញ់​រួច ចំនួន ១ (​វ៉ាំ​ង​ដឺ​ឡុង​) , ទូរស័ព្ទដៃ ៣ គ្រឿង និង​ឯកសារ​ពាក់ព័ន្ធ​មួយចំនួន​។​

​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ ឈ្មោះ JINYUAN បាន​សារភាពថាៈ ខ្លួន​បាន​ទិញ​សារធាតុ​ញៀន ខុសច្បាប់​ពី ឈ្មោះ ផាំង និង ឡុង ជា​ជនជាតិ​ម៉ាឡេស៊ី ដែល​ស្នាក់នៅ ស្កា​យ​ឡាញ ( SKY LINE ) អគារ A ជាន់​ទី​២៧ បន្ទប់​លេខ ២៧០១ ។​

​បន្ទាប់មក នៅ​ថ្ងៃទី​២២ ខែធ្នូ លោក ព្រះរាជអាជ្ញារង អម​សាលាដំបូង ខេត្តកណ្តាល បាន​ដឹកនាំ​សម្របសម្រួល កម្លាំង​សម្ថ​កិច្ច កងរាជអាវុធហត្ថ ចុះ​ឆែកឆេរ​បន្ទប់ នៅ​ចំណុច SKY LINE ផ្លូវ​១៣៤ ភូមិ​២ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ដោយ​រកឃើញ​វត្ថុតាង រួមមាន សារធាតុ​ផ្សំ​ប្រភេទ​ម្សៅ និង​ជេ​ល មួយកញ្ចប់ ទម្ងន់ ១.៣៨៩,៦ ក្រាម , សារធាតុ​ប្រភេទ​ទឹក (​ដប​) និង​ថ្នាំ​អំពូល មួយកញ្ចប់ ទម្ងន់ ១.៤៤៤,២ ក្រាម សម្ភារៈ​សម្រាប់​ជក់​គ្រឿងញៀន មួយកញ្ចប់ ទម្ងន់ ៦៤៥,៥ ក្រាម​, ថ្នាំ​ពណ៌​ស្វាយ ១​កញ្ចប់ ទម្ងន់ ២០,៨ ក្រាម​, ស៊ីម​កាត​ទូរស័ព្ទ កាត​ធនាគារ និង​នាម​បណ្ណ ជា​ភាសាបរទេស មួយចំនួន , សម្ភារៈ​បម្រើ​សម្រាប់​ការផលិត និង​ថង់​សម្រាប់​ច្រក​ថ្នាំញៀន មាន​ទម្ងន់ ៦៧ ក្រាម , សៀវភៅ​កត់ត្រា​រូបមន្ត​ធាតុ​ផ្សំ សារធាតុ​ញៀន​មួយ​ក្បាល , រថយន្ត​មួយគ្រឿង ម៉ាក RANGE ROVER VOGUE ពណ៌​ខៀវចាស់ ផ្លាកលេខ​ភ្នំពេញ និង​ឯកសារ​ពាក់ព័ន្ធ , ឯកសារ​ផ្សេងៗ​ទៀត​មួយចំនួន​។ សរុប​ចំនួន​គ្រឿងញៀន ខុសច្បាប់​បង្ក្រាបបាន មានៈ ម៉ា​ទឹកកក ២០៣,៨ ក្រាម , កេ​តា​មីន ៩៧៧,៥ ក្រាម អ៊ិ​ច​ស្តា​ស៊ី គ្រាប់ ០,៨ ក្រាម , មេ​តំ​ហ្វេ​តា​មីន​គ្រាប់ ០,៣៣ ក្រាម ស្មើនឹង​ចំនួន​រួម ១.១៨២,៤៤ ក្រាម ៕/V.mara