Home ព័ត៌មានសំខាន់ៗ ព្រឹត្តិការណ៍...

ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ ប្រចាំ​សប្តាហ៍

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញៈ កាលពី​ថ្ងៃអាទិត្យ ទី​២០ ខែធ្នូ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ថែរក្សា​សុខភាព​ខ្លួន និង​ក្រុមគ្រួសារ កុំអោយ​ឆ្លង​ជំងឺ​កូ​វីត​១៩ ដោយ​អនុវត្តតាម​វិធានការ​សុខាភិបាល ដោយ​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព ពាក់​ម៉ាស់ ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​, ជេ​ល ឬ​ទឹក​អាល់កុល ជាដើម​។


​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ដាក់ចេញ​នូវ​វិធាន​បន្ទាន់​ចំពោះមុខ និង​ការទម្លាក់​កញ្ចប់​ថវិកា ដល់​ខេត្ត ៧ នៅជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ដើម្បី​ចាត់ចែង​ការងារ​មួយចំនួន ដូចជា ការត្រួតពិនិត្យ​សុខភាព យក​សំណាក​ធ្វើ​វិភាគ និង​ការ​រឹតបន្តឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក ជាដើម ក្នុងន័យ​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ពី​ប្រទេស​ថៃ ក្រោយពី​អាជ្ញាធរ​សុខាភិបាល​ថៃ បាន​រកឃើញ​ជំងឺ​កូ​វីដ​-១៩ ជាង ៥០០​ករណី ក្នុង​មួយថ្ងៃ នៅ​ខេត្ត​សាមុត​សា​ខន ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ៣០០​គីឡូម៉ែត្រ ពី​ប្រទេស​កម្ពុជា​។​

​កាលពី​ថ្ងៃទី​២១ ខែធ្នូ ក្រសួងសុខាភិបាល បានចេញ​សេចក្តីណែនាំ​ថ្មី​មួយ​ផ្សព្វផ្សាយ អំពី វិធានការ​មួយចំនួន ការពារ​ការចម្លង​វី​វុ​ស​កូ​វីដ​១៩ ចូលក្នុង​សហគមន៍ ក្នុងអំឡុង​ពិធីបុណ្យ​គ្រី​ស្មាស់ និង​បុណ្យ​ឆ្លង​ឆ្នាំ​ថ្មី ឆ្នាំ​សកល​ខាងមុខនេះ​។ វិធានការ​ទាំងនោះ មាន​ជាអាទិ៍ ការបន្ត​រស់នៅ​ធម្មតា តាមបែប​គន្លង​ថ្មី​, ការរក្សា​គម្លាត​សុវត្ថិភាព ពាក់​ម៉ាស់ ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែ​ល ឬ​ទឹក​អាល់កុល ជាដើម​។​

​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា លើក​ទី​១៧ ត្រូវបាន​ក្លិប​អ្នកកាសែត​កម្ពុជា របស់លោក ប៉ែន បូ​ណា បានរៀបចំ ក្រោម​ប្រធានបទ ស្តីពី​”​តួនាទី​សារព័ត៌មាន​ក្នុង​បរិបទ​ជំងឺ​រាតត្បាត​សកល និង​ព័ត៌មាន​ក្លែងក្លាយ​”​។ ក្នុង​ពិធី​បិទ​វេទិកា​និពន្ធ​នាយក កាលពី​ថ្ងៃ​សៅរ៍ ទី​១៩ ខែធ្នូ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ឯកឧត្តម ខៀវ កាញារីទ្ធ បាន​ណែនាំ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់ ក្នុងប្រទេស​កម្ពុជា ត្រូវយក​ព័ត៌មាន សម្រួល​ព័ត៌មាន និង​បញ្ចេញ​ព័ត៌មាន​ទៅវិញ ឲ្យ​បាន​កាន់តែ​ល្អ​ជាង​មុន តាមរយៈ​ការ​មាន​ប្រភព និង​ការវិភាគ​ច្បាស់លាស់ ពិសេស​លើ​ព័ត៌មាន​អំពី​កូ​វីដ​១៩​។

​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល​ថ្មី​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​ហើយ​។ នោះ​គឺ​លោកស្រី បាន ស្រីមុំ បាន​ចូលកាន់​តំណែង​ជា​អភិបាលខេត្ត​ប៉ៃលិន និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ប៉ៃលិន ជំនួស​លោក ផាន់ ចាន់​ធុល​។ លោកស្រី បាន ស្រីមុំ ក្លាយជា​ស្ត្រី​ទី​២ បន្ទាប់ពី​អភិបាលខេត្ត​កោះកុង ដែល​បាន​កាន់តំណែង ជា​អភិបាលខេត្ត នៅ​កម្ពុជា​។

​កាលពី​រសៀល​ថ្ងៃទី​២២ ខែធ្នូ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌី​ន បានប្រកាសថា ការបាញ់​សារធាតុ ឬ​ទឹក​សម្លាប់​មេរោគ ឬ​អាល់កុល លើ​សរីរាង្គ​មនុស្ស មិន​អាចជួយ​ប្រឆាំងនឹង​វីរុស​កូ​វីដ​-១៩ នោះឡើយ​។ ផ្ទុយទៅវិញ ការធ្វើ​របៀបនេះ អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​សុខភាព​មនុស្ស​បាន​។ ការលាង​សម្អាត​ដៃ​ដោយ​សាប៊ូ ជាមួយ​ទឹកស្អាត ឬ​អាល់កុល ឬ​ជែ​ល ជា​វិធានការ សម្រាប់​ការពារ​ការចម្លង​វីរុស​កូ​វីដ​-១៩​។ ប៉ុន្តែ​ក្រសួងសុខាភិបាល មិនបាន​ណែនាំ ឬ​ហាមឃាត់ ឈប់​ឲ្យ​ប្រើ​ទូរ​កែច្នៃ បាញ់​ទឹក​សម្លាប់​មេរោគ ឬ​អាល់កុល នោះឡើយ​។​

​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានប្រកាស​ដាក់ចេញ​នូវ​គោលដៅ​យុទ្ធសាស្ត្រ​មួយចំនួន មាន​ទាំង​ការផ្តល់​ជំនួយ​ហិរញ្ញប្បទាន ការបណ្តុះបណ្តាល ការបង្កើត​បណ្តាញ​ធុរកិច្ច និង​កម្មវិធី​លើកកម្ពស់​វប្បធម៌​សហគ្រិនភាព ជាដើម ដើម្បី​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។ គិត​មក​ត្រឹម​ថ្ងៃទី​២៣ ខែធ្នូ តាមរយៈ​កម្មវិធី​ជំនួយ​សហគ្រិន​ខ្មែរ​ទាំង ២ វគ្គ នាពេល​កន្លងមក រាជរដ្ឋាភិបាល​កម្ពុជា បានផ្ដល់​ជំនួយ​ហិរញ្ញប្បទាន​សរុប​ប្រមាណ ៤០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អា​មេ​រិ​ករួ​ច​មកហើយ ដើម្បី​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ព្រមទាំង​ធុរកិច្ច​បង្កើត​ថ្មី អោយ​បន្ត​អាច​រស់​រានមាន​ជី​វីត និង​ស្តារ​ធុរកិច្ច ទ្បើង​វិញ ក្នុងដំណាក់កាល​ប្រឈម និង​ក្រោយ​វិបត្តិ​កូ​វីដ ១៩ នាពេលខាងមុខ​។​

​កាលពី​ថ្ងៃទី​២៣ ខែធ្នូ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ដាក់ចេញ​វិធានការ​បន្ថែម​ជុំ​ទី​៧ ដើម្បី​អន្តរាគមន៍​ជួយ​ដល់​វិស័យ​កាត់ដេរ វិស័យ​ទេសចរណ៍ វិស័យ​អាកាសចរណ៍ អ្នកផ្តល់​កម្ចី​ក្នុងស្រុក និង​ក្រៅ​ស្រុក ព្រមទាំង​វិធានការ​ទ្រទ្រង់​កំណើន ក៏ដូចជា​ពលរដ្ឋ​ក្រីក្រ​ដោយសារ​ឥទ្ធិពល​នៃ​វិបត្តិ​កូ​វីដ​១៩​។ វិធានការ​បន្ថែម​រប​ស់រាជ​រដ្ឋាភិបាល ជុំ​ទី​៧ នេះ រួមមាន ការបន្ត​ឧបត្ថម្ភ និង​បើក​សាច់ប្រាក់ ក៏ដូចជា ការលើកលែង​ពន្ធ ជាដើម​។​

​របាយការណ៍​វាយតម្លៃ ស្ដីពី ស​ន្ទ​ស្សន៍​នៃ​ស្ថានភាព​ធ្ងន់​នៃ​ជំងឺ COVID-19 បង្ហាញថា កម្ពុជា ជាប់​ចំណាត់​លេខ​១ ក្នុងចំណោម​ប្រទេស ចំនួន ១៦៦ លើ​ពិភពលោក ក្នុងការ​គ្រប់គ្រង​ការឆ្លង​រាតត្បាត COVID-19 បានល្អ​ជាងគេ​។ កាលពី​ខែវិច្ឆិកា កម្ពុជា បាន​ជាប់​ចំណាត់​លេខ​១ នៅ​ទ្វីបអាស៊ី និង​លេខ​៣ ក្នុង​កម្រិត​ពិភពលោក ក្នុងនាម​ជា​ប្រទេស ដែល​គ្រប់គ្រង​ការឆ្លង​រាតត្បាត​នៃ COVID-19 បានល្អ​ជាងគេ មិន​ឲ្យ​ឆ្លង​ចូល​សហគមន៍​ក្នុង​ទ្រង់ទ្រាយ​ធំ​។​

​ថ្ងៃទី​២៥ ខែធ្នូ ជា​ថ្ងៃបុណ្យ​គ្រី​ស្ទ​ម៉ាស (Christmas) ដែលជា​បុណ្យ​ដ៏​សំខាន់​របស់​បងប្អូន​អ្នក​គ្រី​ស្ទ​បរិស័ទ (Christian)​។ ដោយសារ​ប្រទេស​យើង កំពុងតែ​ស្ថិតក្នុង​ការប្រុងប្រយ័ត្ន​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​-១៩ ដូច្នេះ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ បាន​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ រួមទាំង​គ្រឹ​ស្ត​បរិស័ទ ជួបជុំ​ជា​លក្ខណៈ​គ្រួសារ នៅតាម​គេហដ្ឋាន​រៀងៗ​ខ្លួន ដោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​។

​គិត​ត្រឹម​ថ្ងៃទី​២៥ ខែធ្នូ មាន​ពលរដ្ឋ​ខ្មែរ ភាគច្រើន​ជា​ក្រុម​ពលករ​ប្រមាណ​ជាជាង ១​ពាន់​នាក់​ហើយ បានធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន ចូលមក​កម្ពុជា បន្ទាប់ពី​មានការ​ផ្ទុះ​ជំងឺ​កូ​វីដ​១៩ កម្រិត​សហគមន៍ នៅ​ខេត្ត​សាមុត​សា​ខន ប្រទេស​ថៃ​។ នេះ​បើតាម​ការបញ្ជាក់​ពី​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោក​លោកស្រី ឱ វណ្ណឌី​ន​។

​កាលពី​ថ្ងៃទី​២៥ ខែធ្នូ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិ​ទ្ធ បាន​ផ្ញើលិខិត​ទៅ​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជ ធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​តាមច្បាប់​ជាបន្ទាន់ និង​តឹងរឹង​បំផុត លើ​លោក សម រង្ស៊ី ចំពោះ​ករណី​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​អង្គ​ព្រះមហាក្សត្រ កាលពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០​។ ទង្វើ​របស់លោក​សមរ​ង្ស៊ី គឺជា​ការរំលោភបំពាន​លើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ត្រូវ​បានកំណត់​ជា​បទល្មើស​ព្រហ្មទណ្ឌ ដែលមាន​ចែង និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​នៃ​មាត្រា​៤៣៧​ស្ទួន នៃ​ក្រមព្រហ្មទណ្ឌ​។ មាត្រា​៤៣៧​ស្ទួន នៃ​ក្រមព្រហ្មទណ្ឌ បាន​កំណត់ថា ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ ១០​លាន​រៀល​។​

​ក្រសួងសុខាភិបាល បានប្រកាស​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​២៦ ខែធ្នូ​ថា មាន​ករណី​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ ចំនួន​ម្នាក់ទៀត ដែលជា​អ្នកពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​។ នោះ​គឺ​ស្ត្រីជន​ជាតិខ្មែរ អាយុ ៤៥​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជា​ម្តាយមីង​របស់​បុរស​អា​យុ ៣៦​ឆ្នាំ ដែល​បានជា​សះស្បើយ កាលពី​ថ្ង​ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២០​។​
​ក្រសួងសុខាភិបាល ប្រកាសថា អ្នកជំងឺ​កូ​វីដ​១៩ ដែល​បាន​រកឃើញ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ពីថ្ងៃ​ទី​២៨ ខែវិច្ឆិកា ដល់​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០ មាន​ចំនួន ៤១​នាក់​។ ក្នុង​ចំនួន​នេះ មាន​អ្នកជា​សះស្បើយ ចំនួន ៣៧​នាក់​។ ដោយឡែក នៅ​ទូទាំងប្រទេស គិត​មកដល់​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២០ រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៣៦៣​នាក់​។ ក្នុងនោះ ៣៥៥​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង ៨​នាក់ កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular