ដោយៈ វ៉ៃកូ / ស្វាយរៀង: បុរសជាអ្នកបើកម៉ូតូរ៉ឺម៉កម្នាក់ បានស្លាប់ ចំណែកស្ត្រី អ្នកជិះម៉ូតូផ្សេងម្នាក់ទៀត បានរងរបួស ដោយសាររថយន្តកុងតឺន័រ បើកមិនប្រកាន់ស្តាំ បុកម៉ូតូ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងជាង ៣ រសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៣០-១៣១ ស្ថិតក្នុងភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ។
សមត្ថកិច្ច បានឲ្យដឹងថាៈ រថយន្តកុងតឺន័រ (របស់ក្រុមហ៊ុន តេង ឡាយ) ម៉ាក FUSO ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ ៣C ៣០៣០ នឹងសឺមីរ៉ឺម៉ក ពណ៌លឿង ស្លាកលេខ ភ្នំពេញ ៤A ៤៣៨៣ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ បានរត់គេចពីកន្លែងកើតហេតុ បើកបរក្នុង ទិសដៅពីខាងលិច ទៅខាងកើត មកដល់កន្លែងកើតហេតុ ក៏បានបុកម៉ូតូរ៉ឺម៉ក ម៉ាកហុងដា វ៉េវ (ប្រភេទម៉ូតូចាស់) ស្លាកលេខ គ្មាន ទិសដៅផ្ទុយគ្នា ពីខាងកើត ទៅខាងលិច បើកបរដោយឈ្មោះ ត្រា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ ជាងបាញ់ថ្នាំ រស់នៅភូមិកោះត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ស្លាប់នៅកន្លែងកើតហេតុ (មិនពាក់មួកសុវត្ថិភាព) បន្ទាប់មក មានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា វ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១C ២១៩៤ បានបុកម៉ូតូរ៉ឺម៉ក ពីក្រោយ ក្នុងទិសដៅពីខាងកើត ទៅខាងលិច បើកបរដោយឈ្មោះ ពៅ ហ៊ន ភេទស្រី អាយុ ៤៧ ឆ្នាំ មុខរបរ លក់ដូរ រស់ភូមិកំពង់ត្រាច ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង រងរបួសធ្ងន់ (បាក់ដៃខាងឆ្វេង) ពាក់មួកសុវត្ថិភាព។
ប្រភពដដែល បានឲ្យដឹងទៀតថាៈ ករណីនេះ អ្នករងរបួស បានបញ្ចូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកស្វាយទាប ចំណែកឯសាកសព បានប្រគល់ឱ្យក្រុមគ្រួសារ , រីឯមធ្យោបាយទាំងបីគ្រឿង (រថយន្តកុងតឺន័រ ខូចខាតស្រាល ម៉ូតូរ៉ឺម៉កខូចខាតធ្ងន់ និងម៉ូតូ ខូចខាត ស្រាល) យកមករក្សាទុក នៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ។
សមត្ថកិច្ច បានបញ្ជាក់ថា មូលហេតុ គឺបណ្ដាលមកពីរថយន្តកុងតឺន័រ បើកបរមិនប្រកាន់ស្តាំ៕/V
រថយន្តកុងតឺន័រ បុកម៉ូតូរ៉ឺម៉ក ស្លាប់បុរសម្នាក់ និងរបួសស្ត្រីម្នាក់
រថយន្តកុងតឺន័រ បុកម៉ូតូរ៉ឺម៉ក ស្លាប់បុរសម្នាក់ និងរបួសស្ត្រីម្នាក់
រថយន្តកុងតឺន័រ បុកម៉ូតូរ៉ឺម៉ក ស្លាប់បុរសម្នាក់ និងរបួសស្ត្រីម្នាក់