Home ព័ត៌មានអន្តរជាតិ អាជ្ញាធរ​ខេត្...

អាជ្ញាធរ​ខេត្ត​វៀតណាម​អះអាងថា បុរស​ឆ្លងទៅ​ពី​កម្ពុជា​ម្នាក់​មាន​ផ្ទុ​កកូ​វីដ​១៩

​ប្រែ​សម្រួលៈ​វាសនា​/​វិញ​ឡុង​៖ បុរស​ម្នាក់​នៅក្នុង​ខេត្ត​វិញ​ឡុង​នៃ​តំបន់​ដីសណ្ត​ទន្លេមេគង្គ​ត្រូវ​បាន​ពិនិត្យឃើញ​វិជ្ជ​មានកូ​វីដ​១៩ ក្រោយពី​បាន​ចូល​ទៅ​ពី​ប្រទេស​កម្ពុជា ដោយ​ឆ្លងកាត់​ទីតាំង​ជាច្រើន​រួម​ទាំង​​ទីក្រុង​ហូជីមិញ​ផងដែរ នេះ​បើ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម​vnexpress​។​

​នាយកដ្ឋាន​សុខាភិបាល​ខេត្ត​ឡុង​អាន បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​នេះ ថា​បុរស​ឈ្មោះ ឡេ ធឹ​ក ទ្រី អាយុ​៣២​ឆ្នាំ ត្រូវបាន​នាំ​ទៅ​ធ្វើ​ចត្តា​ឡីស័​កនៅ​មន្ទីរពេទ្យ​មួយ​ក្នុ​ង​ខេត្ត​ឡុង​អាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​​ដោយ​គ្មាន​បង្ហាញ​រោគសញ្ញា​កូវី​ដ​១៩ ដូចជា​ក្តៅខ្លួន ក្អក​ឬ​ពិបាក​ដកដង្ហើម​ទេ​។​តែ​ការ​ធ្វើតេស្តិ៍​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ក្រោយ​មក​រក​ឃើញ​ថា​គាត់​មាន​វីរុស​កូរ៉ូណា​។​

​មនុស្ស​៧​នាក់​ទៀត ដែល​បាន​ទាក់ទង​ឬ​ប៉ះពាល់​ជននេះ រួម​មាន​ម្តាយ​គាត់ ប៉ូលិស​ម្នាក់​និង​បុគ្គលិក​ពេទ្យ​៤​នាក់ ត្រូវបាន​ធ្វើ​ចត្តា​ឡី​ស័ក​។​

​មន្ទីរពេទ្យ​វិញ​ឡុង ដែល​ពិនិត្យឃើញ​វីរុស​កូរ៉ូណា​លើ​បុរស​ដែល​ចូល​ពី​កម្ពុជា​ដោយ​ខុសច្បាប់​

​ក្នុងពេល​ជាមួយគ្នា មន្ត្រី​នៃ​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​តៃនិញ​ជាប់​កម្ពុជា បាន​និយាយថា អាជ្ញាធរ​កំពុង​តាមដាន​និង​កំណត់​មុខសញ្ញា​អាច​ឆ្លង​ពី​ជន​នេះ ។​

​តាមពិតឡេ ធឹ​ក ទ្រី បាន​ធ្វើដំណើរ​ពី​មី​យ៉ាន់​ម៉ា ចូល​ថៃ​កាលពី​ថ្ងៃ​១៥​ធ្នូ និង​បាន​ស្នាក់នៅ​ទី​នោះ​រហូត​ដល់​ថ្ងៃ​២២​ធ្នូ​នៅ​ពេល​ជន​នេះ​និង​មនុស្ស​៦​នាក់​ទៀត​បាន​ជិះ​រថយន្ត​មួយ​មក​កាន់​កម្ពុជា​នៅ​ថ្ងៃ​២៣​ធ្នូ​។​នៅ​ថ្ងៃ​២៤​ធ្នូ ទ្រី​បាន​ជិះ​រថយន្ត​ទៅកាន់​ច្រក​ព្រំដែន​កម្ពុជា​មួយ​ជាប់​ខេត្ត​តៃនិញ និង​បន្ទាប់មក​ទៅ​កាន់​ក្រុង​ហូជីមិញ ហើយ​ជិះ​រថយន្តក្រុង​មួយ​ទៅ​កាន់​ខេត្ត​វិញ​ឡុង​។ ពេញ​មួយ​ដំណើរ​របស់​ខ្លួន ជន​​នេះ​បាន​ប្រាស្រ័យ​ទាក់ទង​មនុស្ស​ជាច្រើន​។​

​ក្រោយ​ចុះ​ពី​រថយន្ត​នៅ​វិញ​ឡុង បុរស​នេះ​បាន​ធ្វើដំណើរ​ទៅ​ផ្ទះ​ម្តាយ តែ​ម្តាយ​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​អោយ​នាំ​គាត់​ទៅធ្វើ​ចត្តា​ឡីស័​កនៅ​ថ្ងៃ​២៤​ធ្នូ​ដដែល​នោះ​។​

​ជា​ផ្នែក​នៃ​វិធានការ​ទប់ស្កាត់​កូវី​ដ​១៩ នរណា​ម្នាក់​ដែល​ចង់​ចូល​វៀតណាម ត្រូវតែ​រាយការណ៍​ប្រាប់​ឆ្មាំ​ព្រំដែន និង​ត្រូវ​ធ្វើ​ចត្តា​ឡីស័​ក​ក្រោយ​ចូល​ដល់​ទឹកដី​វៀតណាម​ភ្លាម​។​តែ​ពេញ​មួយ​ដំណើរ​របស់​ទ្រី គាត់​​បាន​ជិះ​ក្នុង​កន្ទុយ​រថយន្ត​ជាច្រើន​ដើម្បី​គេច​ពី​អាជ្ញាធរ​។​ឥឡូវ ប៉ូលិស​និង​ឆ្មាំ​ព្រំដែន​កំពុង​ស៊ើបអង្កេត​ថា​តើ​ជន​នេះ​ចូល​របៀប​ណា និង​ស្នើ​អោយ​ឆ្មាំ​ព្រំដែន​បង្កើន​ការត្រួតពិនិត្យ និង​ត្រូវ​ដាក់ទោស​ធ្ងន់​​ធ្ង​រ​បើមាន​ការរំលោភ​។​

​សូមបញ្ជាក់​ថា វៀតណាម​មាន​ការឆ្លង​វីរុស​កូរ៉ូ​ណាសរុប​១.៤៣៩​នាក់​តាំងពី​មុន​មក និង​នៅ​សល់​អ្នក​ផ្ទុក​វីរុស​នេះ​៩៨​នាក់ ហើយ​៣៥​នាក់​ស្លាប់​ដោយកូវី​ដ​១៩៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular