Home ព័ត៌មានជាតិ សន្តិសុខ ស្លាប់​ម្នាក់...

ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​ដោយ​ម៉ូតូ​បុក​គ្នា​នៅ​ស្រុក​សំរោង​ទង​

​កំពង់ស្ពឺៈ យ៉ាងហោចណាស់​បុរស​ម្នាក់​បាន​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ ដោយ​គ្រោះថ្នាក់​ចរាចរ​ម៉ូតូ​២​គ្រឿង​បុក​គ្នា​នៅតាម​បណ្តោយ​ផ្លូវ​លេខ​១៤០​ត្រង់ចំណុច​ភូមិ​កែវ​មន្នី ឃុំ​/​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​យប់​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​ស្រុក​សំរោង​ទង​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​មាន​បុរស​ម្នាក់​ឈ្មោះ​ឈូក ភារ​ម្យ អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​កែវ​មន្នី ឃុំ​/​ស្រុក​សំរោង​ទង ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​គ្រឿង​ម៉ាក​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ កំពត 1B-6541 បើកបរ​ពី​ត្បូង​ទៅ​ជើង​។​

លុះ​មកដល់​ចំណុច​ខាងលើ បាន​បុក​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា​សេ​១១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1D-4541 បើកបរ​ដោយ​ឈ្មោះ សុខ រ៉​ន ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដែល​កំពុងបើក​បរប​ញ្ច្រា​សទិស​គ្នា​ពេញទំហឹង ​បណ្តាល​​​ឲ្យ​ឈ្មោះ សុខ រ៉​ន ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។ ចំណែក​ឈ្មោះ ឈូក ភារ​ម្យ រងរបួស​ធ្ងន់​ត្រូវ​មន្ត្រីនគរបាល​ជំនាញ​ហៅ​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​។​

​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី វត្ថុតាង​ម៉ូតូ​ទាំងពីរ​គ្រឿង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular