ដោយ: ប.ជ័យ / បន្ទាយមានជ័យ: រថយន្តតូយ៉ូតាហាយឡិនឌ័រ បុកជាមួយម៉ូតូ២គ្រឿង បណ្តាលឲ្យមនុស្សស្លាប់១នាក់របួសធ្ងន់ ស្រាល ៤ នាក់ កាលពីម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥៦ A ចំណុចទល់មុខវិទ្យាល័យស្វាយចេក ក្នុងភូមិស្ទឹងរលួស ឃុំរលួស ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ ជា ស្លូញ អធិកាតនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា៖ មុនពេលកើតហេតុមានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1H-1635 អ្នកបើកមានឈ្មោះឌី ណាបីនកា ភេទស្រីអាយុ១៧ឆ្នាំរួមអ្នកដំណើម្នាក់ឈ្មោះដា លីកា ភេទស្រីអាយុ១៦ឆ្នាំ ទាំង២នាក់នៅ ភូមិកំណប់ ឃុំស្លក្រាមស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានចេញពីត្បូងទៅជើង។
លុះបើកមកដល់ចំណុចកើតហេតុ ម៉ូតូបានប្តូរគន្លងទិសបត់ឆ្វេង ស្របពេលនោះមានរថយន្តម៉ាកតូយ៉ូតាហាយឡិនឌ័រពណ៌ខ្មៅ ពាក់ស្លាកលេខប.មានជ័យ 2B-1958 អ្នកបើកមិនស្គាល់អត្តសញ្ញាណបានបុកប៉ះពេញទំហឹង។
ហើយបន្តទៅបុកម៉ូតូ១ទៀតពាក់ស្លាកលេខ ប.មានជ័យ 1C-2831 ដែលអ្នកបើកមានឈ្មោះបាន ជុំ ភេទប្រុស អាយុ៦៤ឆ្នាំ អតីតជាយោធា ចូលនិវត្តន៍ រងរបួសបាក់ជើងក្រោយមកបានស្លាប់ និងអ្នករួមដំណើរ២នាក់ម្នាក់ឈ្មោះស្មាន ឆាន់ភេទស្រី អាយុ៦៣ឆ្នាំ របួសបាក់ជើងស្ដាំ២កំណាត់ និងម្នាក់ទៀត ឈ្មោះយុង ឌីភេទស្រី អាយុ៧ឆ្នាំ របួសបែកក្បាល ។
ជនរងគ្រោះទាំង៣នាក់ រស់នៅភូមិបារាយណ៍ ឃុំ តាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ម៉ូតូនិងរថយន្តត្រូវបាននគរបាលជំនាញចរាចរណ៍ស្រុកស្វាយចេក យកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ។
ចំណែកអ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ៕