ដោយ: សរិទ្ធ / ភ្នំពេញ: ជនសង្ស័យបានម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ បានត្រូវសមត្ថកិច្ចនគរបាលខណ្ឌដង្កោឃាត់ខ្លួន កាលពីម៉ោង០៣និង៥០នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះលេខJ60 ផ្លូវបេតុង ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ក្រោយពីធ្វើសកម្មភាព គាស់ទ្វារផ្ទះចូលលួចយកម៉ូតូបានសម្រេច។
ជនសង្ស័យឈ្មោះ កូវ ពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀន)។
ជនរងគ្រោះឈ្មោះ ង្វៀង វ៉ាន់កាន់ ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងធ្វើតុទូ ទីលំនៅផ្ទះលេខJ60 ផ្លូវលេខបេតុង ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៨យប់ ជនរងគ្រោះ បានទុកម៉ូតូ១គ្រឿងម៉ាកហុងដា FTR223 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1CG-6804នៅក្នុងផ្ទះរួចបានចាក់សោរទ្វារត្រឹមត្រូវតែទ្វារផ្ទះមានតែចំរឹងដែក ពុំទាន់មានកញ្ចក់ទេ ព្រោះផ្ទះកំពុងសាងសង់ ហើយជនរងគ្រោះក៏បានឡើងទៅដេកនៅបន្ទប់ជាន់ទី០១ដូចធម្មតា។ រហូតដល់វេលាម៉ោង០៣និង៥០នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ ស្រាប់តែឮសម្លេងបើកទ្វារផ្ទះខាងមុខ។ ជនរងគ្រោះក៏បានចុះពីលើផ្ទះមកក្រោម ឃើញទ្វារផ្ទះចំហរ ហើយបាត់ម៉ូតូពីកន្លែងទុក រួចជនរងគ្រោះក៏បានយកម៉ូតូ០១គ្រឿងផ្សេងទៀត បើកចេញតាមរកដល់ផ្សារសារឿនយ៉ាន្នី ស្ថិតនៅភូមិតាឡីខាងលើ ក៏បានឃើញជនសង្ស័យ៣នាក់ កំពុងតែសណ្តោងម៉ូតូរបស់ជនរងគ្រោះ។ ពេលនោះជនរងគ្រោះក៏បានស្រែកថាចោរៗ ធ្វើឱ្យជនសង្ស័យភ័យក៏បានទុកម៉ូតូរបស់ជនរងគ្រោះចោល រួចបើកម៉ូតូគេចខ្លួនទៅតាមផ្លូវ២១៧ ហើយក៏មានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ កំពុងជិះម៉ូតូល្បាតក្បែរនោះ បានជួយអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យម្នាក់យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់ ចំណែកជនសង្ស័យ២នាក់ទៀត បានរត់គេចខ្លួនបាត់។
ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត៕