ដោយ: សរិទ្ធ / កណ្តាល: ល្បែងស៊ីសងជល់មាន់ដ៏ធំមួយកន្លែង ស្ថិតនៅមុខបូរី ថោង សារ៉ាត់ ក្នុងចំការ ភូមិព្រែកសំរោង៣ ក្រុងតាខ្មៅ ខេត្តកណ្តាល បានបន្តបើកលេងបានយ៉ាងរលូន ក្នុងអន្តរកាល កូវីដ-១៩ ហាក់មិនខ្លាចអាជ្ញាធរពាក់ព័ន្ធទាល់តែសោះ។
តាមប្រភពព័ត៌មានច្បាស់ការណ៍ បានអោយ ដឹងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នេះ ថា ទីតាំងនោះ ជារបស់ តា ហុង ចិញ្ចឹមគោ ហើយគេលេងនៅខាងក្រោយក្រោលគោជាប់មាត់ស្រះទឹក ដោយក្នុងមួយថ្ងៃៗជល់មិនតិចជាង១០គូនោះទេ ហើយការជល់នេះ ចាប់ពីម៉ោង២រសៀលរហូតដល់យប់តែម្តង។
តាមប្រភពព័ត៌មាន ដដែលបន្តថា ក្រុមអ្នកលេងបានភ្នាល់គ្នាស៊ីសងចាញ់ឈ្នះ រាប់លានរៀលបើករថយន្តសុទ្ធតែឡានស៊េរីទំនើបៗ ហើយឃើញមានឡានរថយន្តសមត្ថកិច្ច ផងដែរ ដោយបានស្រែកហូរកញ្ជ្រៀវត្រហ៊ឹងអឺងកងរំពងពេញភូមិ តែម្តង។
មិនតែប៉ុណ្ណោះទីតាំងរបស់ តាហុង ទួលក្រសាំង បានអួតអាងតៗគ្នាថា មានតែសង្វៀនតាហុងទេ ដែលលេងបានសុខសប្បាយ ជាងគេ ពោលគឺ មិនមានសមត្ថកិច្ចខាងណាហ៊ានចុះបង្ក្រាប នោះទេ។
អ្នកដឹងរឿងច្បាស់ បង្ហើបប្រាប់ ថា ទីតាំងនោះ តា ហុង លេងបានជាង១០ឆ្នាំមកហើយ កាលពីមុនធ្វើសង្វៀនធំស្អាតមិនចាញ់កាស៊ីណូ នោះទេ ហើយរហូតពេលនេះគ្រាន់តែដូរលោកស្នងការអស់២រូបនិងអធិការរាប់ភ្លេចផងដែរ តែសង្វៀននេះនៅតែបើកលេងបានរហូត។
ជុំវិញបញ្ហានេះដែរ បានទំនាក់ទំនងទៅលោវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ដោយលោកប្រាប់ថា នឹងអោយកម្លាំងចុះទៅមើល៕