Home ព័ត៌មានជាតិ សន្តិសុខ បញ្ជូន​ឪពុក​ច...

បញ្ជូន​ឪពុក​ចាប់​កូនស្រី​បង្កើត​អាយុ​១០​ឆ្នាំ រំលោភ​សេពសន្ថវៈ​បានសម្រេច មក​តុលាការ​

​ដោយ​: ស​រិ​ទ្ធ / បន្ទាយមានជ័យ​: ឪពុក​ដែល​បាន​ចាប់​កូនស្រី​បង្កើត​អាយុ​១០​ឆ្នាំ​រំលោភ​សេពសន្ថវៈ​រហូត​បានសម្រេច បាន​ត្រូវ​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្តបន្ទាយមានជ័យ បញ្ជូនមក​តុលាការ នៅ​រសៀល​ថ្ងៃទី​២៧​ខែធ្នូ ឆ្នាំ​២០២០​ដើម្បី​ចាត់ការ​តាមច្បាប់​។

​លោក​វរសេនីយ៍ទោ ឡាយ គឹម​លួ​ន នាយការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ម៉ៅ សុវណ្ណ អាយុ​៣៨​ឆ្នាំ រស់នៅ​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក​។ ចំណែក​កូនស្រី​បង្កើត​អាយុ​១០​ឆ្នាំ និង​ជា​កូន​ទី​៣ ក្នុងចំណោម​បងប្អូន​៣​នាក់ ក្នុងនោះ​ប្រុស​២​នាក់ ។​

​លោកនាយ​ការិយាល័យ បាន​បន្តថា មុនពេល​កើតហេតុ នៅវេលា​ម៉ោង​១១​យប់ ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០​ឪពុក​បាន​ចាប់​កូនស្រី​របស់ខ្លួន​រំលោភ​សេពសន្ថវៈ ខណៈពេលដែល​ក្មេងស្រី​រងគ្រោះ​កំពុងតែ​ដេក​ជាមួយ​ម្តាយ ។ ពេលនោះ​ប្រពន្ធ​ភ្ញាក់​ទាន់​ក៏​ស្រែក​ឆោឡោ រួច​ប្រាប់​អ្នកជិតខាង និង​បាន​ប្តឹង​ដល់​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧ ដើម្បី​ជួយ​អន្តរាគមន៍​ចាប់ខ្លួន​ជន​ប្រព្រឹត្តល្មើស​រូបនេះ​។​

​ប្រភព​ដដែល​បន្តថា លុះដល់​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​២៦ ខែធ្នូ កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨០៧ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោក​រមៀត ស្រាវជ្រាវ និង​ឈានដល់​ការចាប់​ឃាត់ខ្លួន​ឪពុក មក​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល ។​

​លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ត្រី ឌី សុជាតិ ស្នងការរង​ទទួល​ការងារ​យេនឌ័រ និង​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ឲ្យ​ដឹងថា នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​រូបនេះ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​សេពសន្ថវៈ​ក្មេងស្រី​រងគ្រោះ​ពិតមែន​ដោយ​ជនសង្ស័យ​រូបនេះ​អះអាងថា ក្មេងស្រី​រងគ្រោះ​មិនមែនជា​កូនបង្កើត​របស់ខ្លួន​នោះទេ ព្រោះ​ក្មេងរងគ្រោះ​គឺជា​កូន​របស់​ប្រុស​សហាយ​ប្រពន្ធ​ខ្លួន ។
​ជនសង្ស័យ​រូបនេះ​សារភាព​ទៀតថា ចំពោះ​ការប្រព្រឹត្ត​ទៅលើ​ក្មេងស្រី​រងគ្រោះ​នេះ គឺមាន​ចំនួន​២​ដង​មកហើយ ដល់​លើកចុងក្រោយ​នេះ ក៏ត្រូវ​ប្រពន្ធ​ភ្ញាក់​ទាន់ រួច​ប្តឹង​នគរបាល​ឲ្យ​ចាប់ខ្លួន​តែម្តង ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular