ដោយ: ភ្នំខៀវ/ បាត់ដំបង: ភ្ញៀវទេសចរណ៍ក្មុងស្រុកជ្រើសរើសតំបន់ទឹកធ្លាក់អូរជាំ បោះតង់សម្រាកលំហែកាយចុងសប្តាហ៍។
កញ្ញា កេសី ជានិស្សិតរស់នៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ថា នាងជាមួយមិត្តភក្តិមានគ្នាទាំងអស់ចំនួន ៨នាក់ គោលបំណងដំណើរកម្សាន្តថ្ងៃនេះ ដើម្បីសម្រាកមួយយប់ផ្លាស់ប្តូរបរិយាកាស ពិសេសពេលរាត្រីនៅជ្រលងភ្នំ និងមានទឹកថ្លាឆ្វេងហូរគួចត្របាញ់យ៉ាងត្រជាក់ ដែលធ្វើគ្រប់គ្នាមានអារម្មណ៍សប្បាយរីករាយ និងស្រស់ស្រាយជាទីបំផុត។ ក្រុមនាងបានជ្រើសរើសគោលដៅតំបន់ទឹកធ្លាក់អូរជាំ ក្នុងការដើរលេងបន្ធូរអារម្មណ៍នេះ ដោយសារសម្លឹងឃើញថានៅទីនេះជាតំបន់ធម្មជាតិព៌ណប៉ៃតងនៅពទ្ធជុំវិញ មានឮសំឡេងសត្វស្រែកយុំទ្រហឹងអឺងកង ស្នូរសំឡេងទឹកហូររងំ និងម្យ៉ាងទៀតវាជាបំពេញសេចក្តីប្រាថ្នារបស់ពួកនាងដែលប៉ងតាំងពីយូរមកផង។
ចំណែកលោក ម៉េង ជាំង អ្នកគ្រប់គ្រងសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំបានបញ្ជាក់ឲ្យដឹងដែរថា តំបន់អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ មានទីតាំងឋិតនៅក្នុងភូមិអូរជាំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង បានចាប់ផ្តើមទទួលភ្ញៀវឲ្យចូលលេងតាំងពីឆ្នាំ ២០១៣មក។ ក្នុងស្ថានភាពដែលប្រទេសរងការប៉ះពាល់ដោយជំងឺកូវីដ-១៩ លើកដំបូងភ្ញៀវបានថយចុះយ៉ាងច្រើន ប៉ុន្តែរយៈពេលចុងក្រោយនេះ ភ្ញៀវទេសចរណ៍បានហក់ឡើងខ្ពស់ជាបន្តបន្ទាប់ឡើងវិញ ភាគច្រើនភ្ញៀវចូលមកសម្រាកដោយបោះតង់នៅពេលយប់ដែលសហគមន៍បានរៀបចំត្រៀមទុក។
លោក ម៉េង ជាំង បន្ថែមថា តំបន់ទេសចរណ៍ទឹកធ្លាក់អូរជាំមានការការពារសុវត្ថិភាពយ៉ាងល្អប្រសើរ មានកម្លាំងសមាជិកសហគមន៍ រួមទាំងកម្លាំងប្រជាការពារមួយចំនួនទៀតផងដែរយាមប្រចាំការ ដើម្បីធានាសន្តិសុខជូនដល់ភ្ញៀវដែលចូលលេងកម្សានៅទីនេះ។ កាលពីមុននៅទីនេះមានភ្ញៀវចូលលេងត្រឹមតែថ្ងៃបុណ្យទានប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះមានភ្ញៀវបែបជាលក្ខណ:គ្រួសារ ជាលក្ខណ:មិត្តភក្តិ ឬក្រុមការងារផង បាននាំគ្នាចូលលេងលំហែរកាយជារៀងរាល់ពេលមិនដែលរលស់ថ្ងៃ។ ភ្ញៀវភាគច្រើនជាភ្ញៀវនៅក្នុងស្រុកមានមកពីខេត្តជាច្រើនដូចជា: ខេត្តបាត់ដំបង ភ្នំពេញ ខេត្តសៀមរាប ប៉ៃលិន និងខេត្តបន្ទាយមានជ័យជាដើម។
រយៈពេល ១០ខែដើមឆ្នាំ ២០២០នេះមានភ្ញៀវទេសចរណ៍ដែលចូលមកលេងក្នុងខេត្តបាត់ដំបង មានសរុបចំនួន ៤៤៨,២១៩ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៤១៦,០៦២នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ៣២,១៥៧ នាក់៕