Home ព័ត៌មានជាតិ សង្គម ពិព័រណ៍​ជំនាញ...

ពិព័រណ៍​ជំនាញ​សិក្សា និង​ការងារ ប្រចាំឆ្នាំ​របស់​សមាគម FUSAAC ធ្វើតាម​អន​ឡាញ​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សមាគម​អតីត​និស្សិត​អាហារូបករណ៍​សហរដ្ឋ​អាមេរិក (FUSAAC) ក្រោម​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Smart Axiata បាន​ផ្ដើម​កម្មវិធី «​ពិ​ព័រ​ណ៌​ជំនាញ​សិក្សា និង​ការងារ​» ប្រចាំឆ្នាំ​របស់ខ្លួន តាម​អន​ឡាញ ដោយ​បង្កើត​បណ្ណាល័យ​ឌីជីថល ដែលមាន​វីដេអូ និង​កម្មវិធី​ផត​ឃែ​ស (Podcasts) ចំនួន ១០០ ស្ដីអំពី មុខវិជ្ជា​សិក្សា និង​វិជ្ជាជីវៈ​ផ្នែក វិទ្យាសាស្ត្រ គណិតវិទ្យា វិស្វកម្ម និង​បច្ចេកវិទ្យា (STEM) ជាច្រើន និង​មាន​សេវា​ផ្តល់​ប្រឹក្សា​មុខរបរ និង​អាជីព​ផងដែរ​។​

​ពិ​ព័រ​ណ៌​ជំនាញ​សិក្សា និង​ការងារ របស់​សមាគម FUSAAC ដែល​បាន​រៀបចំឡើង​រៀងរាល់ឆ្នាំ​តាំងពី​ឆ្នាំ ២០០៩ នៅតែមាន​គោលបំណង​ដូច​រាល់ដង ពោលគឺ​ជួយ​សិស្សានុសិស្ស​ជ្រើសរើស​ជំនាញ​សិក្សា ដែល​ត្រឹមត្រូវ​សម្រាប់​ពួកគេ​។ ក៏ប៉ុន្ដែ​ដោយសារ ការ​រាតត្បាត​ជាស​កល​នៃ​វីរុស​កូ​វីដ​១៩ សមាគម និង​ក្រុមហ៊ុន Smart បាន​ផ្ដួចផ្ដើម​បង្កើត​បណ្ណាល័យ​ឌីជីថល​នៃ​ជំនាញ​សិក្សា ដែល​ជួយ​ឱ្យ​សិស្សានុសិស្ស​កាន់តែ​ច្រើនឡើង​នៅ​ទូទាំងប្រទេស​អាច​ស្វែងរក​ព័ត៌មាន​បាន​។ ចាប់តាំងពី​ពិព័រណ​ត្រូវបាន​រៀបចំ​ដំបូង ព្រឹត្តិការណ៍​នេះ​បាន​ជួយ​សិស្សានុសិស្ស​ចំនួន​ជាង ២៤០០ នាក់​ជា​រៀងរាល់ឆ្នាំ ក្នុងការ​ជ្រើស​រើសមុខ​ជំនាញ​សាកល​វិទ្យា​-​ល័យ​របស់​ពួកគេ រួមទាំង​អាជីព​ដែល​ពួកគេ​ប្រាថ្នា​នាពេល​អនាគត ។​

​កម្មវិធី​ពិ​ព័រ​ណ៌​ជំនាញ​សិក្សា និង​ការងារ​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​ទទួលបាន​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ការគាំទ្រ​ពី​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​កម្ពុជា និង​ក្រុមហ៊ុន Smart Axiata​។​

​លោក ហោ តូ​នី អ្នកសម្របសម្រួល​គម្រោង​នៃ​សមាគម FUSAAC បាន​ឲ្យ​ដឹងថា​៖ «​ថ្វីបើ​មានការ​រឹតត្បិត​ដោយសារ កូ​វីដ​១៩ យើង​នូវតែ​ប្ដេជ្ញា​បន្ត​ពិ​ព័រ​ណ៌​ជំនាញ​សិក្សា និង​ការងារ តាមរយៈ​អន​ឡាញ ដើម្បី​ចែករំលែក​ព័ត៌មាន ដែលមាន​ប្រយោជន៍ និង​ជួយ​សិស្សានុសិស្ស​ក្នុងការ​សម្រេចចិត្ត​លើ​ជំនាញ​សិក្សា ឬ​អាជីព​នាពេល​អ​នាគ​របស់​ពួកគេ ហើយ សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន Smart Axiata ដែល​បាន​គាំទ្រ​ពួកយើង​ផ្នែក​ហិរញ្ញវត្ថុ​។ »

​ការផ្តល់​លទ្ធភាព​ឱ្យ​យុវជន​ធ្វើការ​ជ្រើសរើស​មុខជំនាញ​ប្រកបដោយ​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ គឺជា​ជំហាន​ដ៏​សំខាន់​មួយ ក្នុងការ​បង្កើត​ឱកាស​សម្រាប់​ពួកគេ ដើម្បី​បន្ត​ការសិក្សា​ទៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​។ កម្មវិធី អាហារូបករណ៍ SmartEdu ដែល​បានផ្តល់​និស្សិត​នូវ​អាហារូបករណ៍​ជាមួយនិង​ប្រាក់ខែ​ពេញលេញ ក៏ដូចជា​ប្រាក់​ឧ​ប​ត្ដម​ប្រចាំខែ​ពេញ​មួយឆ្នាំ​សិក្សា​នៅ​មហាវិទ្យាល័យ​ផងដែរ ក៏មាន​មាន​គោលដៅ​បង្កើត​ឱកាស​ទាំងអស់នេះ​ផងដែរ​។​

​នាយក ប្រតិបត្តិ របស់ ក្រុមហ៊ុន Smart Axiata លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt) បាន មានប្រសាសន៍ថា​៖ «​ពិ​ព័រ​ណ៌​ជំនាញ​សិក្សា និង​ការងារ ស្របតាម​គោលដៅ​ដែល​យើង​ព្យាយាម​សម្រេច​ជាមួយ កម្មវិធី SmartEdu Discovery Day ដែលជា​ពិ​ព័រ ណ៌​មួយ​នៅតាម​បណ្តា​ខេត្ត​នានា​ជុំវិញ​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​អំពី​មុខវិជ្ជា​ផ្សេងៗ​នៅ​សាកលវិទ្យាល័យ និង​ស្វែងរក​អ្នកមាន​ទេពកោសល្យ​ឆ្លាត​វៃ​សម្រាប់​កម្មវិធី​អាហារូបករណ៍ SmartEdu​។​»

​លោក ថូ​ម៉ាស បាន​បន្ថែមទៀតថា​៖ «​ការបង្កើត​ឱកាស​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ក្នុង​វិស័យ​អប់រំ ជាពិសេស​ក្នុង វិស័យ​អប់រំ STEM គឺជា​ភាព​ស្នូល​នៃ​បេសកកម្ម​របស់​ក្រុមហ៊ុន Smart Axiata​។ ដូច្នេះ ទោះបី​យើង​មានការ​សោកស្តាយ​ដែល​យើង​មិនបាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ដោយផ្ទាល់​ក្នុងឆ្នាំនេះ យើង​រីករាយ​ដែល​បានឃើញ​ពិ​ព័រ​ណ៌​ជំនាញ​សិក្សា និង​អាជីព​បន្តធ្វើ​តាម​អន​ឡាញ ជាមួយ​ការគាំទ្រ​ពី​យើង​។​»

​វីដេអូ និង​កម្មវិធី​ផត​ឃែ​ស (Podcasts) ចំនួន​១០០ នឹងត្រូវ​ចាក់​បញ្ចាំង​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ សមាគម FUSAAC និង Smart for Cambodia និង គេហទំព័រ​ផ្លូវការ​របស់ សមាគម FUSAAC តាមរយៈ www.fusaac.org (http://www.fusaac.org/)៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular