Home ព័ត៌មានជាតិ សេដ្ឋកិច្ច ចាប់​រថយន្ត​ធ...

ចាប់​រថយន្ត​ធំ​មួយគ្រឿង បន្លំ​ដឹកឈើ​ថ្មី​ដាក់​ឈើ​ចាស់​តិចតួច​ខាងលើ

ដោយ​: សៅ វ៉ាន់ឌី / ខេត្តព្រះវិហារ​: កាលពី​យប់​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២០ សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ បាន​ឃាត់​រថយន្ត​ធំ ប្រភេទ​វ៉េ​អង ១​គ្រឿង ពាក់​ផ្លាកលេខ កំពង​ចាម 3A.3927 បន្លំ​ដឹកឈើ​ថ្មី និង​ដាក់​ឈើ​ចាស់​តិចតួច​ខាងលើ​ចេញពី​តំបន់​អូរ​ជុ​ញ ក្នុង​ទឹកដី​នៃ​ស្រុក​ជាំ​ក្សាន្ត បម្រុង​ឆ្ពោះទៅ​លក់​បន្ត​នៅឯ​ខេត្តតាកែវ​។

​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា រថយន្ត​ដឹកឈើ​នេះ មកដល់​ភូមិ​ភារកិច្ច សង្កាត់​ប៉ា​លហាល ក្រុង / ខេត្តព្រះវិហារ ត្រូវ​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ឃាត់ទុក​។ ក្រោយ​សមត្ថកិច្ច​ឃាត់​រថយន្ត​ធំ​ដឹកឈើ​នេះ​ភ្លាម ក៏មាន​ស្ត្រី​ម្នាក់​ជា​ឈ្មួញ​ឈើ ក៏​ជា​ម្ចាស់​រថយន្ត​ដែរនោះ បាន​អះអាងថា ជា​ឈើ​ផ្ទះ​ចាស់ ហើយ​ថែមទាំង​មាន​អាជ្ញាធរ​ភូមិ​, ឃុំ ជាពិសេស​លោក វុ​ធ តា​រ៉ា អភិបាលរង​ស្រុក​ជាំ​ក្សាន្ត ជា​អ្នក​ស៊ី​ញ៉េ​ប្រថាប់ត្រា​ឱ្យ​ពួកគាត់​ទៀតផង​។

​មន្ត្រី​ដដែល​បាន​បន្តថា តែ​ការអះអាង​របស់​ក្រុម​ឈ្មួញ​នេះ មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ឱ្យ​ម្ចាស់​រថយន្ត​ដឹកឈើ​នេះ បើក​យកទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ ដើម្បី​រើ​ទម្លាក់​ចុះ​ពីលើ​រថយន្ត​ត្រួតពិនិត្យ​។

​លោក វង់ ពិសិដ្ឋ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០​ថា ចំនួន​ឈើ​ដែល​ផ្ទុក​នៅលើ​រថយន្ត​នោះ គឺ​សមត្ថកិច្ច​ជំនាញ​ខណ្ឌ​បាន​បំពេញ​សំណុំរឿង​ទៅ​ថ្នាក់លើ​អស់ហើយ គឺ​តម្រូវឱ្យ​ម្ចាស់​រថយន្ត​បង់​ផាកពិន័យ​អន្តរកាល​ទៅតាម នៃ​ច្បាប់រដ្ឋបាល​ព្រៃឈើ​។ លោក​បាន​បន្តថា មិនទាន់​បានដឹង​ពី​ចំនួន​ឈើ​ទាំងអស់ ដែល​ផ្ទុក​នៅលើ​រថយន្ត​នោះ មាន​ថ្មី​ឬក៏​ចាស់​ប៉ុន្មាន​ម៉ែត្រគូប​នៅឡើយ​ទេ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular