Home ព័ត៌មានសំខាន់ៗ ក្មេងស្រី​ម្ន...

ក្មេងស្រី​ម្នាក់​ដាំ​ក្បាល​ចូល​ធុង​ទឹក​ឈ្លក់​ស្លាប់​

ដោយ​:​ស​រិ​ទ្ធ​/​ភ្នំពេញ​: កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះជួល ស្ថិតនៅ​ក្នុងភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ករណី​ក្មេងស្រី​ម្នាក់ ទើបតែ​មាន​អាយុ ១​ឆ្នាំ​ប៉ុណ្ណោះ បាន​ដាំ​ក្បាល ចូលទៅក្នុង​ធុង​ទឹក​១​បណ្ដាល​ឲ្យ​ឈ្លក់​ស្លាប់​ភ្លាមៗ ខណៈដែល​ស្ត្រី​ជា​ម្ដាយ​រវល់​មើល​ទូរស័ព្ទ​ភ្លេចខ្លួន​។​

​ក្រុមគ្រួសារ​ក្មេងស្រី​រងគ្រោះ បាន​និយាយថា​ក្មេងស្រី​រងគ្រោះ​ឈ្មោះ វ៉ៅ ស្រី​នី​ត កើត​ឆ្នាំ​២០១៩ និង​ម្ដាយ​ឈ្មោះ​ណុប គ​ន្ធា សព្វថ្ងៃ​ស្នាក់នៅ​ក្នុង​បន្ទប់​ផ្ទះជួល​កើតហេតុ​ខាងលើ​។

​ប្រភព​ដដែល​បន្តថា នៅ​មុនពេល​កើតហេតុ ម្ដាយ​បាន​នៅ​អង្គុយលេង​ទូរស័ព្ទ​នៅមុខ​បន្ទប់​ជួល​ដែល​ខ្លួន​ស្នាក់នៅ​។ ចំណែក​កូនស្រី បាន​លេង​ជាមួយ ក្មេងៗ​មួយចំនួនទៀត នៅក្នុង​បន្ទប់ ដោយ​រត់​ចុះ​រត់ឡើង​ចេញចូលៗ ក្នុង​បន្ទប់​នោះ​។ លុះ​ក្រោយមក ក្មេងៗ ដែល​លេង​ជាមួយ​បាននាំគ្នា​ទៅផ្ទះ​វិញ​អស់​នៅសល់តែ​ក្មេងស្រី​រងគ្រោះ​លេង​ម្នាក់ឯង បន្ទាប់មក បាន​ទៅលេង​នៅក្នុង​បន្ទប់ទឹក និង​បាន​លេង​ទឹក​ធុង​បណ្ដាល​ឲ្យ​ដាំ​ក្បាល​ចូលទៅក្នុង​ធុង ដែលមាន​ទឹក​ជម្រៅ​ប្រមាណ ២ ទៅ ៣​តឹក ហើយក៏​ឈ្លក់ទឹក​ស្លាប់​ភ្លាមៗ​តែម្ដង​។​

​ក្រុមគ្រួសារ​ជនរងគ្រោះ បន្តទៀតថា មួយសន្ទុះ​ក្រោយ ម្តាយ​ទើប​នឹកឃើញ​ដល់​កូន ហើយ​ក៏បាន​ដើររក​ត្រង់នេះ អត់​ឃើញ ត្រង់នោះ អត់​ឃើញ ក៏​ដើរទៅ​រកមើល​នៅក្នុង​បន្ទប់ទឹក ស្រាប់តែ​ឃើញ​កូន​ដាំ​ក្បាល​ចូលទៅក្នុង​ទឹក​ធុង និង​ជើង​ឡើងលើ ទើប​ស្រវា​ចាប់​លើក​កូន​ចេញពី​ក្នុង​ធុង​ទាំង​ការតក់ស្លុត​បំផុត​។​

​បន្ទាប់មក​ដោយ​មិន​អស់ចិត្ត​ថា កូន​ស្លាប់ ក៏​ប្រញាប់ប្រញាល់ នាំទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះបន្ទាន់ ប៉ុន្តែ​ពេលទៅដល់​គ្រូពេទ្យ​បាន​ប្រាប់ថា​ហួសពេល​ទៅហើយ ក៏​ដឹក​កូន​ត្រឡប់ទៅផ្ទះ​វិញ និង​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ទី​៣ ឲ្យ​ចុះទៅ​ពិនិត្យមើល​។​

​ក្រោយ​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍ បាន​ចុះទៅ​កាន់​កន្លែងកើតហេតុ​ភ្លាមៗ​ដែរ ដើម្បី​រាយការណ៍​បន្តទៅ​នគរបាល​ជំនាញ​កោសល្យវិច័យ​ធ្វើការ​ត្រួតពិនិត្យ​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular