ប្រែសម្រួលៈវាសនា/ប៉េកាំង(ស៊ីនហួរ)៖ទីក្រុងប៉េកាំងរបស់ចិនបានរឹតបន្តឹងវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ចំពេលប្រទេសចិនត្រៀមចាប់ផ្តើមការធ្វើដំណើរទ្រង់ទ្រាយធំបំផុតក្នុងលោកក្នុងអំឡុងពេលឈប់សម្រាកប្រចាំឆ្នាំ ។
អាជ្ញាធរក្រុងកាលពីថ្ងៃអាទិត្យបានរាយការណ៍ការឆ្លងវីរុសកូរ៉ូណាខ្ពស់បំផុតដល់ថ្ងៃទី៤ជាប់គ្នា។
ក្នុងកិច្ចប្រជុំមួយដឹកនាំដោយលេខាបក្សក្រុង កៃ គី លោកបានអំពាវនាវអោយគ្រប់សង្កាត់ក្នុងក្រុងប៉េកាំងអោយដាក់មូលដ្ឋានរបស់ខ្លួនក្នុងស្ថានភាពបែបគ្រាអាសន្ន ហើយបិទតំបន់ប្រជាជនរស់នៅនិងភូមិណាដែលមានឆ្លងវីរុសកូរ៉ូណា។
សង្កាត់ស៊ុនយី ដែលគេរកឃើញវីរុសកូរ៉ូណាច្រើនជាងគេ ត្រូវបានប្រកាសជាតំបន់ដូចសម័យសង្គ្រាមមួយ និងបានប្រមូលមនុស្សទាំង៨សែននាក់ក្នុងសង្កាត់មកធ្វើតេស្តិ៍រកវីរុស។
សូមបញ្ជាក់ថា ចិនគ្រប់គ្រងការផ្ទុះជំងឺកូវីដ១៩បានល្អប្រសើរជាទូទៅ តែការឆ្លងម្តងម្កាលបានកើតមាននៅតាមទីក្រុងមួយចំនួន។អាជ្ញាធរមានផែនការចាក់វ៉ាក់សាំងលើមនុស្ស៥០លាននាក់សំរាប់ជនក្នុងក្រុមប្រឈមខ្ពស់អោយបានមុនពេលឈប់សម្រាកចូលឆ្នាំថ្មីរបស់ប្រជាជនចិនរយៈពេល១សប្តាហ៍ចាប់ពីថ្ងៃ១១កុម្ភៈ ។
ក្រុងប៉េកាំងបានស្នើសុំអ្នកបំរើការរដ្ឋការស៊ីវិល ស្នាក់នៅក្នុងក្រុងចាប់ពីថ្ងៃ០១មករា រហូតដល់ថ្ងៃឈប់សម្រាក និងបានសុំអោយសាធារណជនជៀសវាងការធ្វើដំណើរមិនចាំបាច់ក្នុងអំឡុងពេលនេះ។ទីកន្លែងសាធារណៈដូចជា ឧទ្យាន និងព្រះវិហារបានបន្ថយម៉ោងបើកទទួលភ្ញៀវ ហើយព្រះវិហារកាតូលិកខ្លះនៅក្រុងប៉េកាំងបានបិទតែម្តង។
ចិនដីគោកបានរាយការណ៍ការឆ្លងវីរុសកូរ៉ូណា២២ករណី ក្នុងនេះ១២ឆ្លងក្នុងស្រុក ៥នាក់នៅក្រុងប៉េកាំង និង១០ទៀតចូលមកពីខាងក្រៅ តែមិនមានអ្នកស្លាប់បន្ថែមដោយជំងឺឆ្លងនេះទេ។
ក្នុងពេលជាមួយគ្នា និយ័តករអាកាសចរណ៍ចិន បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនផ្អាកការហោះហើរទៅកាន់និងមកពីអង់គ្លេសរហូតដល់ថកងៃ១០មករាដោយសារផ្ទុះវីរុសកូរ៉ូណាប្រភេទថ្មីនៅទីនោះ។
ជាមួយនឹងចំនួននេះ ចិនដីគោកមានអ្នកឆ្លងវីរុសកូរ៉ូណាសរុប ៨៦.៩៥៥នាក់គិតត្រឹមថ្ងៃសៅរ៍ និង៤.៦៣៤នាក់បានស្លាប់ដោយជំងឺកូវីដ១៩៕
ប្រជាជនពាក់ម៉ាស់ការពារពេលជិះរថភ្លើងក្រោមដីនៅក្រុងប៉កាំងកាលពីថ្ងៃ២៥ធ្នូ