ប្រែសម្រួល : កញ្ញាដាលីស ៖ អ្នកបោះឆ្នោតបានទៅបោះឆ្នោតកាលពីថ្ងៃអាទិត្យទី២៧ធ្នូនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលក្នុងការបោះឆ្នោតប្រធានាធិបតីនិងរដ្ឋសភាដែលរំខានដោយការផ្ទុះអាវុធចុងក្រោយបង្អស់នៅក្នុងសង្គ្រាមស៊ីវិលដែលអូសបន្លាយពេលយ៉ាងយូរ ខណៈអ្នកបោះឆ្នោតជាច្រើនមិនអាចទៅបោះបានទេ។
ប្រធានាធិបតីក្នុងតំណែងបច្ចុប្បន្នលោក ហ្វូស្ទីន អាឆេង ទូអាដេរ៉ា គឺជាអ្នកឈានមុខគេនៅក្នុងការបោះឆ្នោត បន្ទាប់ពីភាពច្របូកច្របល់រយៈពេលមួយសប្តាហ៍ដែលកត់សម្គាល់ដោយការចោទប្រកាន់ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារ ក្រុមឧទ្ទាមដណ្តើមកាន់កាប់ទីប្រជុំជនធំបំផុតទីបួន និង រុស្ស៊ីនិងរ្វ៉ាន់ដាបញ្ជូនយោធាដើម្បីជួយរដ្ឋាភិបាលដែលកំពុងជួបការលំបាក។
កងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនិងទាហានក្នុងស្រុកព្រមទាំងរ្វ៉ាន់ដាកំពុងល្បាតតាមដងផ្លូវនៃរដ្ឋធានីកាលពីថ្ងៃអាទិត្យដោយមានរថពាសដែកពាសពេញខាងក្រៅការិយាល័យបោះឆ្នោត។
ទោះបីជាស្ថានីយខ្លះបានបើកយឺតនៅទីក្រុងបាងហ្គីដោយសារកង្វះខាតសម្ភារៈបោះឆ្នោតក៏ដោយ ក៏មន្ត្រីជាន់ខ្ពស់នៃការបោះឆ្នោតបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFPថាស្ថានីយទាំងនោះនឹងបើកចំហររហូតដល់រៀបចំការបោះឆ្នោតរួចរាល់។
លោក ហូថេន រីន ជាគ្រូបង្រៀន បាននិយាយថា “វាពិតជាមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំក្នុងការរស់នៅក្នុងនាមជាពលរដ្ឋម្នាក់។ ខ្ញុំគិតថាការបោះឆ្នោតនេះនឹងផ្លាស់ប្តូរប្រទេសរបស់យើងមិនថានរណាក្លាយជាប្រធានាធិបតីនោះទេ”។
បេក្ខជនចំនួន ១៦ នាក់កំពុងប្រជែងយកតំណែងជាប្រធានាធិបតី ដោយគូប្រជែងសំខាន់បំផុតរបស់លោកទូអាដេរ៉ា គឺ អតីតនាយករដ្ឋមន្ត្រី អ៊ែងសិន ចច ដូឡូហ្គេឡេ។
ស្ថានីយបោះឆ្នោតបានចាប់ផ្តើមបិទនៅម៉ោង ៥ ល្ងាច ហើយលទ្ធផលបឋមរំពឹងដឹងនៅថ្ងៃទី ៤ ខែមករា និង លទ្ធផលចុងក្រោយនៅថ្ងៃទី ១៩ ខែមករា៕
ការបោះឆ្នោតប្រព្រឹត្តទៅក្រោយភាពចលាចលពេញមួយសប្តាហ៍
លោក ហ្វូស្ទីន អាឆេង ទូអាដេរ៉ា ប្រធានាធិបតីសាធារណរដ្ឋអាហ្វ្រិកកណ្តាល