ប្រែសម្រួល : កញ្ញាដាលីស ៖ ទូរទស្សន៍រដ្ឋបានរាយការណ៍ថាក្រុមអ្នកជួយសង្គ្រោះអ៊ីរ៉ង់បានបញ្ចប់ការស្វែងរកអ្នករស់រានមានជីវិតកាលពីថ្ងៃអាទិត្យទី២៧ធ្នូបន្ទាប់ពីការរអិលបាក់ព្រិលដ៏ធំបានសម្លាប់មនុស្ស ១២ នាក់នៅតំបន់ភ្នំភាគខាងជើងនៃរដ្ឋធានី។
ការរអិលបាក់ព្រិលបានកើតឡើងនៅតំបន់ចំនួនបួនផ្សេងគ្នាកាលពីថ្ងៃសុក្របន្ទាប់ពីមានខ្យល់បក់ខ្លាំងនិងការធ្លាក់ព្រិលនៅមួយថ្ងៃមុននោះ។
ជួរភ្នំអាល់បូស កន្លែងដែលការរអិលបាក់ព្រិលបានកើតឡើង គឺជាទិសដៅទេសចរណ៍ចុងសប្តាហ៍ដ៏ពេញនិយមសម្រាប់ការឡើងភ្នំ។ ថ្ងៃសុក្រគឺជាថ្ងៃឈប់សម្រាកសម្រាប់កម្មករនិយោជិតអ៊ីរ៉ង់ភាគច្រើន។
ទូរទស្សន៍រដ្ឋបានចាក់ផ្សាយវីដេអូបង្ហាញក្រុមសង្គ្រោះបន្ទាន់ប្រើឧទ្ធម្ភាគចក្រស្វែងរកអ្នកបាត់ខ្លួន។អង្គការអឌ្ឍចន្ទក្រហមរបស់អ៊ីរ៉ង់ក៏បានបញ្ចេញនូវរូបថតរបស់ក្រុមអ្នកជួយសង្គ្រោះលើកសាកសពច្រកថង់ចេញពីឧទ្ធម្ភាគចក្រមួយកាលពីថ្ងៃសៅរ៍ផងដែរ។
របាយការណ៍បាននិយាយថា មនុស្សចំនួន ១១ នាក់បានរកឃើញស្លាប់និងម្នាក់ទៀតបានស្លាប់បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ។ ក្រុមជួយសង្គ្រោះបានរកឃើញមនុស្ស ១៤នាក់ដែលបានបាត់ខ្លួនអំឡុងពេលធ្វើប្រតិបត្តិការស្វែងរក៕
សាកសពមនុស្សស្លាប់ក្នុងហេតុការណ៍រអិលបាក់ព្រិលនៅអ៊ីរ៉ង់កាលពីចុងសប្តាហ៍