ប្រែសម្រួលៈវាសនា/បាងកក៖មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩ថៃ(CCSA)កាលពីថ្ងៃអាទិត្យបានទទួលស្គាល់ថា ការផ្ទុះវីរុសកូរ៉ូណាបច្ចុប្បន្ន វាធ្ងន់ធ្ងរជាងការផ្ទុះនៅរលកទី១កាលពីដើមឆ្នាំនេះ និងបានអំពាវនាវអោយសាធារណជនអនុវត្តតាមវិធានការគ្រប់គ្រងជំងឺ។
លោកតាវីស៊ីល វីសានុយ៉ូធីន អ្នកនាំពាក្យ CCSAបាននិយាយថា ចំនួនឆ្លងបានកើនជាង១ពាន់នាក់ក្នុងរយៈពេលខ្លីមួយដែលនេះបញ្ជាក់ថា ការឆ្លងវីរុសនេះវាធ្ងន់ធ្ងរជាងកាលពីការផ្ទុះនៅរលកទី១ កាលពីដើមឆ្នាំ។
សរុបមនុស្ស១២១នាក់បានឆ្លងកូវីដ១៩កាលពីថ្ងៃអាទិត្យទី២៧ធ្នូ ក្នុងនេះ៩៤នាក់ឆ្លងក្នុងសហគមន៍។
ចំនួននេះធ្វើអោយការឆ្លងកូវីដ១៩នៅថៃកើនដល់៦.១៤១នាក់កាលពីថ្ងៃអាទិត្យ ខ្ពស់ជាងចំនួនមុនការផ្ទុះកូវីដ១៩នៅខេត្តសាមុត សាខនកាលពីជាងមួយសប្តាហ៍មុនចំនួន១.៨១០នាក់។
បើតាមអ្នកនាំពាក្យ CCSA ការឆ្លងកូវីដ១៩ជាប់ពាក់ព័ន្ធនឹងការផ្ទុះវីរុសកូរ៉ូណានេះនៅផ្សាបង្គាមួយក្នុងខេត្តសាមុត សាខន កាលពីពាក់កណ្តាលខែធ្នូ ឥឡូវបានរាលដាលទៅដល់ខេត្តចំនួន៣៨ ដោយខេត្តឡុប ប៊ូរី និងសុរិន្ទ បានរាយការណ៍អំពីការរកឃើញអ្នកឆ្លងដំបូងកាលពីថ្ងៃអាទិត្យ។
ទោះជាយ៉ាងណា មន្ត្រីថៃអះអាងថា មន្ត្រីសុខាភិបាលបានត្រៀមខ្លួនបានល្អ និងមានបទពិសោធន៍ជាងកាលពីជំងឺនេះផ្ទុះកាលពីដំបូង៕
កម្មករចំណាកស្រុកនិងអ្នកស្ម័គ្រចិត្តសុខាភិបាល ទះដៃស្វាគមន៍រដ្ឋមន្ត្រី សុខាភិបាលដែលបានចុះទៅពិនិត្យស្ថានភាពកូវីដ១៩នៅខេត្តសាមុត សាខន កាលពីថ្ងៃអាទិត្យ