Home ព័ត៌មានជាតិ សេដ្ឋកិច្ច កូន​សត្វ​ផ្សោ...

កូន​សត្វ​ផ្សោត​អ៊ី​រ៉ា​វ៉ា​ឌី​មួយ​ក្បាល​ថ្មី​ត្រូវបាន​កត់ត្រា​នៅក្នុង​ទីជម្រក​នៃ​ទន្លេមេគង្គ

​ដោយៈ​ជា​សីហៈ​/​ភ្នំពេញៈ តាម ការតាមដាន​ស្ថានភាព​សត្វ​ផ្សោត​ប្រចាំខែ ក្រុម​អ្នកជំនាញ មកពី​រដ្ឋបាល​ជលផល​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​អ្នកវិទ្យាសាស្ត្រ​នៃ​អង្គការ WWF កាលពី​ថ្ងៃទី​២៥ ខែធ្នូ បាន​ថតរូប​កូន​សត្វ​ផ្សោត​ដែល​ទើបនឹង​កើត​ថ្មី ខណៈពេលដែល កូន​សត្វ​ផ្សោត​មួយ​ក្បាល​នេះ កំពុង​ហែល​ជាមួយ​សត្វ​ផ្សោត​ពេញវ័យ​ចំនួន ៧​ក្បាល​ផ្សេង ទៀត នៅ​ទីតាំង កាំ​ពី ស្ថិតក្នុង​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី​។​

​កាំ​ពី ជា​អន្លង់​សត្វ​ផ្សោត​សំខាន់​មួយ​ក្នុងចំណោម​អន្លង់​សំខាន់ៗ ផ្សេងទៀត​ស្ថិតនៅ​ចន្លោះ​ពី ទី​រួម​ខេត្តក្រចេះ និង​ព្រំដែន​កម្ពុជា​-​ឡាវ ដែល​ផ្តល់​ជាទី​ជម្រក​ដ៏​ចាំបាច់​សម្រាប់​ការ រស់នៅ​របស់ ថនិកសត្វ​ទឹកសាប​ប្រភេទ រងគ្រោះ​ជិត​ផុត​ពូជ​មួយ​នេះ​។

​ក្រុម​ស្រាវជ្រាវ​បាន​ប៉ាន់ប្រមាណ​ថា​សត្វ​ផ្សោត​ដែល​ទើបនឹង​កើត​ថ្មី​នេះ​មាន​អាយុប្រមាណ ៤ ថ្ងៃ (​មកទល់​ថ្ងៃនេះ​) ហើយ​ជា កូន​ផ្សោ​តទី ៩ ហើយ​ដែល​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ កត់ត្រា​ទុក​ក្នុង​ឆ្នាំ ២០២០ នេះ​។ របាយការណ៍​ជំរឿន​សត្វ​ផ្សោត ឆ្នាំ ២០២០ បាន​បង្ហាញថា ចំនួន​សត្វ​ផ្សោត​សរុប មាន​ត្រឹម ៨៩ ក្បាល​ប៉ុណ្ណោះ ដែល​កំពុង​រស់នៅក្នុង​ទន្លេមេគង្គ​។

ការការពារ​សត្វ​ផ្សោត​អ៊ី​រ៉ា​វ៉ា​ឌី​ឲ្យ​ស្ថិតនៅ​គង់វង្ស​គឺមាន​សារៈសំខាន់​ណាស់​មិន​ត្រឹមតែ​សម្រាប់​សត្វ​ផ្សោត​ខ្លួន​វា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​អត្ថប្រយោជន៍​ដល់​ទន្លេមេគង្គ​ទាំងមូល ផងដែរ រាប់បញ្ចូល​ទាំង​ត្រី​ដែល​ត្រូវបាន អ្នកវិទ្យាសាស្ត្រ​ប៉ាន់ប្រមាណ​ថា​មាន​ចំនួន​ជាង ១.១០០ ប្រភេទ និង​ប្រព័ន្ធ​ជីវៈ​អេកូឡូស៊ី​ដ៏​សម្បូរបែប​ដទៃទៀត នៅក្នុង​ទន្លេ​នេះ ៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular