ដោយៈ ភ្នំខៀវ / បាត់ដំបងៈ អាជ្ញាធរស្រុកកំរៀង និងអាជ្ញាធរខេត្តបាត់ដំបង បានទទួលពលករខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃ ដោយសារការរីករាលដាល ជំងឺកូវីដ-១៩ ឲ្យធ្វើចត្តាឡីស័ក ជិត ១.០០០ នាក់ ក្នុងរយៈពេល ១សប្តាហ៍។
លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាល ខេត្តបាត់ដំបង បានបង្ហាញឲ្យដឹង នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះថាៈ រយ:ពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី ២៧ ខែធ្នូនេះ អាជ្ញាធរស្រុកកំរៀង និងអាជ្ញាធរខេត្តបាត់ដំបង បានទទួលយកពលករខ្មែរ និងរៀបចំធ្វើចត្តាឡីស័ក នៅតាមមណ្ឌលផ្សេងៗ សរុបចំនួន ៧៣២ នាក់ ក្នុងនោះស្រី្ត និងក្មេង ២៩៥ នាក់ ដែលបានសម្រុកចាកចេញ ពីប្រទេសថៃ កាត់តាមច្រកទ្វាព្រំដែនជាច្រើន ដូចជា ច្រកទ្វាព្រំដែន តំបន់ស្រុកកំរៀង ខេត្តបាត់ដំបង ច្រកប៉ោយប៉ែត បន្ទាយមានជ័យ និងច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ។
មន្ត្រីមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថាៈ បច្ចុប្បន្ន ក្រុមគ្រូពេទ្យ កំពុងបន្តជំរុញពិនិត្យ យកវត្ថុសំណាក លើពលករខ្មែរទាំងអស់ ជារៀងរាល់ថ្ងៃ នៅតាមមណ្ឌលចត្តាឡីស័កនីមួយៗ ដោយមួយចំនួនធំ ទទួលបានលទ្ធផលអវិជ្ជមាន និងមួយចំនួនតូចទៀត កំពុងរង់ចាំលទ្ធផល នៃការវិភាគធ្វើតេស្ត។ ពួកគាត់ទាំងអស់គ្នា មានលំនៅស្ថាន មកពីបណ្តាស្រុក ជាប់ព្រំដែនក្នុងស្រុកកំរៀង ស្រុកសំពៅលូន មោងឫស្សី ភ្នំព្រឹក សំឡូត បវេល ថ្មគោល និងស្រុករុក្ខគីរី ខេត្តបាត់ដំបង។
បច្ចុប្បន្ន រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំមណ្ឌលធ្វើចត្តាឡីស័ក ដាក់ពលករខ្មែរ ឲ្យនៅដាច់ដោយឡែក មានជាច្រើនកន្លែង ពិសេសនៅតំបន់ ជាប់ព្រំដែនដូចជា ក្នុងបរិវេណវិទ្យាល័យកំរៀង មណ្ឌលសុខភាពត្រាង ក្នុងស្រុកកំរៀង នៅបរិវេណសាលាបឋមសិក្សា ជ្រៃសីមា ឃុំជ្រៃសីមា ស្រុកសំពៅលូន និងមណ្ឌលចត្តាឡីស័ក នៅក្នុងបរិវេណវិទ្យាល័យ ព្រះមុនីវង្ស ក្នុងក្រុងបាត់ដំបង ៕/V-PC