ដោយៈ សរិទ្ធ / ស្វាយរៀងៈ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុនៅពេល បុរសនោះ បានបើកម៉ូតូលឿន ហើយរេចង្កូតដួល បោកក្បាលនឹងបង្គោលរបង ផ្ទះអ្នកភូមិ កាលពីវេលាម៉ោងជាង ៣ រសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ លើផ្លូវលេខ ៣១៧B ស្ថិតក្នុងភូមិថ្នល់កែង ឃុំពពែត ស្រុកស្វាយទាប ។
សមត្ថកិច្ចនគរបាល ស្រុកស្វាយទាប បានឲ្យដឹងថាៈ បុរសដែលស្លាប់នោះ ឈ្មោះ កៅ ភារិន អាយុ២៩ឆ្នាំ មុខរបរ ជាកម្មកររោងចក្រ រស់ភូមិបត់ស្លឹក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បើកម៉ូតូម៉ាក HONDA DREAM ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១O- ៩១០២។
អ្នកភូមិ បានឱ្យដឹងថាៈ មុនពេលកើតហេតុ មានបុរសម្នាក់ បានបើកម៉ូតូ ម៉ាកហុងដា សេ១២៥ លើផ្លូវលេខ ៣១៧B ក្នុងល្បឿនលឿន ស្រាប់តែរេចង្កូត ដួលបោកក្បាល នឹងបង្គោល របងផ្ទះអ្នកភូមិ បណ្តាលឲ្យស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរ ចោមរោមមើល និងរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន។ ក្រោយកើតហេតុសមត្ថកិច្ច នគរបាល បានមកធ្វើកំណត់ហេតុ និងប្រគល់សពឱ្យក្រុមគ្រួសារ៕/V-PC