ដោយៈតារារិទ្ធ/ភ្នំពេញ៖បើតាមនាយករដ្ឋមន្ត្រីថៃ,ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃបានកើនឡើងយ៉ាងលឿនគួរ ឱ្យកត់សម្គាល់ពីប្រមាណ ៣០០ លានដុល្លារអាម៉េរិកកាលពី ២០ ឆ្នាំមុនមកជាង ៩ ប៊ីលានដុល្លារអាម៉េរិកនៅឆ្នាំ២០១៩ ។ការវិនិយោគរបស់ថៃនៅកម្ពុជាបានកើនឡើងដោយបានរួមចំណែកជាវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជាស្របពេលដែលសេដ្ឋកិច្ចថែទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនពីកម្លាំងពលកម្មនិងកិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ចរបស់ប្រទេសកម្ពុជាផងដែរ ។
នៅក្នុងសារលិខិតមួយផ្ញើជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០នៃការបង្កើត ទំនាក់ទំនងការទូតកម្ពុជា-ថៃ, លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃបានគូសបញ្ជាក់ថាទំនាក់ទំនងរវាងប្រទេសកម្ពុជានិងថៃពេលនេះកាន់តែ មានភាពរឹងមាំជាងពេលណាទាំងអស់ជាមួយនឹងកិច្ចសហប្រតិបត្តិការដ៏ធំទូលាយនិងផលប្រយោជន៍រួមលើគ្រប់វិស័យ។
លោក ប្រាយុទ្ធ ច័ន្ទអូឆា បានបន្តថា៖ជាប្រទេសជិតខាងជាមិត្តតំបន់ព្រំដែនរបស់យើងកំពុងទទួលបាននូវស្ថិរភាពនិងសន្តិភាពយូរអង្វែងដោយមានពាណិជ្ជកម្មឆ្លងដែនរីកចម្រើនឥតឈប់ឈរដែលនាំមកនូវការងារបន្ថែមនិងបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើងឱ្យកាន់តែប្រសើរឡើង។
ប្រទេសទាំងពីរកម្ពុជា-ថៃ បានចាប់ផ្តើមទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៥០ហើយនៅថ្ងៃទី១៩ខែធ្នូឆ្នាំ២០២០កន្លងទៅណេះគឺជាខួបអនុ ស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ។ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ បានកើនឡើងយ៉ាងលឿនគួរឱ្យកត់សម្គាល់ពីប្រមាណ ៣០០ លានដុល្លារអាម៉េរិកកាលពី២០ឆ្នាំមុនមកជាង៩ប៊ីលានដុល្លារអាម៉េរិកនៅឆ្នាំ២០១៩ ។ ការវិនិយោគរបស់ថៃនៅកម្ពុជាបានកើនឡើងដោយបានរួមចំណែកជាវិជ្ជមានដល់ សេដ្ឋកិច្ចកម្ពុជាស្របពេលដែលសេដ្ឋកិច្ចថែទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនពីកម្លាំងពលកម្មនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។
លោកនាយករដ្ឋមន្ត្រីថៃអះអាងថាយើងក៏បានទទួលនូវវឌ្ឍនភាពដ៏ល្អប្រសើរក្នុងការតភ្ជាប់របស់យើងដែលស្តែងចេញតាមរយៈស្ពានមិត្តភាពថៃ-កម្ពុជា(បានណងអៀន- ស្ទឹងបត់)ដែលតភ្ជាប់ខេត្តស្រះកែវនិងខេត្តបន្ទាយមាន ជ័យនិងការស្តារឡើងវិញនូវសេវាកម្មផ្លូវដែកដែលនឹងតភ្ជាប់សហគមន៍នៃប្រទេសថៃនិងកម្ពុជាក្នុងពេលឆាប់ៗ ព្រម ទាំងនិងរួមចំណែកដល់លំហូរពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត។
នៅក្នុងវិស័យអប់រំ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលនិងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺគឺជាគំរូនៃភាពជោគជ័យសម្រាប់ស្ថាប័នវិជ្ជាជីវៈដទៃទៀតហើយបានផ្តល់ឱកាសជាច្រើនដល់យុវជនកម្ពុជាដើម្បីទទួលបានភាពជោគជ័យ។ថ្មីៗនេះយើងក៏បានធ្វើការរួមគ្នាក្នុងការកាត់បន្ថយផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ១៩ទៅលើសេដ្ឋកិច្ច និងសង្គមរបស់យើងផងដែរ ដែលបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀតដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់និងអន្តរជាតិនាពេលអនាគត ។លោកមានជំនឿយ៉ាងមុតមាំថាមិត្តភាពរវាងថៃនិងកម្ពុជាមានភាពរឹងមាំនិងឋិតថេរហើយប្រជាជនរបស់យើងជាពិសេសយុវជនជំនាន់ក្រោយរបស់យើងនឹងបន្តធ្វើការជា មួយគ្នាឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់មួយដើម្បីសន្តិភាព វិបុលភាពនិងការអភិវឌ្ឍរួមគ្នា៕