ដោយ: ជាសីហ:/ភ្នំពែញ: នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ លោករដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកស្រី កាម៉ៃ ហាតូកូ ( KAMEI Haruko )ប្រធានថ្មីរបស់អង្គការ JICA ប្រចាំនៅព្រះរាជា ណាចក្រកម្ពុជា និងសហការីដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួង លោករដ្ឋមន្ត្រីតាមរយ:លោកស្រី បានថ្លែងអំណរ គុណជូន ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយ:អង្គការ JICA ដែលបានជួយកសាង និងអភិវឌ្ឍកម្ពុជារហូតមកទល់បច្ចុប្បន្ន ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលជួយ ដល់ការទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ ហើយជាពិសេសនោះគឺវិស័យកសិកម្មផងដែរមានជា អាទិ៍៖ ការជួយរៀបចំប្រព័ន្ធព័ត៌មាន និងយុទ្ធសាស្ត្រទីផ្សារ ការបង្កើនការងារផ្សព្វផ្សាយ បច្ចេកទេសដល់អ្នកផលិត ឬសហគមន៍ បច្ចេកទេសក្រោយពេលប្រមូលផលការគ្រប់គ្រង គុណភាពលើប្រព័ន្ធខ្សែច្រវាក់តម្លៃបន្ថែម ប្រព័ន្ធទីផ្សារបោះ ឬលក់ដុំ និងជាពិសេស សមត្ថភាពមន្ទីរពិសោធន៍ មន្ទីរពិសោធន៍គុណភាព និងសុវត្ថិភាពបន្លែនៅខេត្តកណ្តាល ការជួយបណ្តុះបណ្តាលបច្ចេកទេសដល់មន្ត្រីកសិកម្មសម្រាប់រយ:ពេលវែង និងខ្លីមានចំនួន ២៩០នាក់ គម្រោងធំៗចំនួន១០ ដែលបានជួយដល់ក្រសួង។
លោករដ្ឋមន្ត្រីបានបញ្ជាក់ជូនភ្ញៀវថា រាល់គម្រោង ឬកម្មវិធីដែលឧបត្ថម្ភដោយ JICA បាននឹងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើន ធានាបាននូវសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាព បង្កើនបរិមាណផលិត ធានាបានទាំងបរិមាណ គុណភាព សុវត្ថិភាព ឆ្លើយតបតាមតម្រូវការទីផ្សារក្នុង និងក្រៅ ប្រទេស។ ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រីបានស្នើទៅភាគីជប៉ុនមេត្តាជួយពិនិត្យ ពិចារណាលើគម្រោងដែលទាក់ទងការកែច្នៃផលិតផលកសិកម្ម ដើម្បីជួយបង្កើនតម្លៃបន្ថែម ប្រើប្រាស់វត្ថុធាតុ ដើមក្នុងស្រុកឲ្យអស់លទ្ធភាព បង្កើតការងារ បង្កើនចំណូលគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
នាឱកាសនេះ ក្នុងនាមឲ្យអង្គការ JICA លោកស្រីបានថ្លែងអំណរគុណចំពោះពេលវេលា របស់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យក្រុមការងារចូលជួប និងពិភាក្សាការងារដែល ត្រូវអនុវត្តបន្ត និងគម្រោងថ្មីៗបន្តបន្ទាប់ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា និងជាពិសេសអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទនៃការរាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩។ មួយវិញទៀត ដើម្បីចូលរួមលើកកម្ពស់សន្តិសុខស្បៀង ការគ្រប់គ្រងនិងការប្រើ ប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងនិរន្តរភាព ការបង្កើនផលិតភាពផលិតកម្ម កសិកម្មតាមរយ:វិស័យឯកជន សហគមន៍កសិកម្ម និងដៃគូអភិវឌ្ឍ។ល។ នាឱកាសនេះ ផងដែរ លោកស្រីក៏បានណែនាំមន្ត្រីជំនាញរបស់អង្គការ JICA ដែលនឹងមកបម្រើការ ទាក់ទងវិស័យកសិកម្មកម្ពុជា។ ទាក់ទងនឹងសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រី លោកស្រីថានឹង យកសំណើនេះទៅពិភាក្សាជាមួយឯកអគ្គរាជទូតជប៉ុនហើយសង្ឃឹមថានឹងជម្រាប ជូនឯកឧត្តមរដ្ឋមន្ត្រីនៅពេលអនាគត។
ជាថ្មីម្តងទៀត លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនក្រុមការងារ JICA ដែលបានខិតខំបំពេញការងារទទួលបានជោគជ័យ ហើយក្រសួងនឹងរង់ចាំផ្តល់កិច្ច សហការយ៉ាងពេញលេញធ្វើយ៉ាងណាឲ្យការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។
សូមជម្រាបជូនថា ថ្មីៗនេះក្រសួងបានស្នើទៅឯកអគ្គរាជទូត តាមរយ:អង្គការ JICA នូវគម្រោងចំនួន១៩ ទៀត ដើម្បីពិនិត្យលទ្ធភាពជួយអភិវឌ្ឍលើអនុវិស័យផ្សេងៗទៀត ហើយភាគីទាំងពីរថានឹងជួបពិភាក្សាគ្នាលម្អិតនាពេលដ៏ខ្លីខាងមុខ ៕/PC