Home ព័ត៌មានជាតិ សង្គម ហា​និ​យ​ភ័យ​ដ...

ហា​និ​យ​ភ័យ​ដែរ​៖ អ្នកលក់​និង​ធ្វើការ​នៅ​ស្តង់​ត្រី​នា​ក្រុង​ប៉ោយប៉ែត ទើប​រៀន​ពាក់​ម៉ាស​, ព្រមាន​បិទ​ទីតាំង បើ​មិន​អនុវត្តតាម​

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ហា​និ​យ​ភ័យ​ដែរ​! អ្នកលក់​និង​ធ្វើការ​នៅ​ស្តង់​ត្រី​នានា នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទើប​រៀន​ពាក់​ម៉ាស​ដើម្បី​បង្ការ ទប់ស្កាត់​ជំងឺឆ្លង ពិសេស​ជំងឺ​កូ​វីដ​១៩​។ កន្លងមក បើសិន​មាន​បញ្ហា​ឆ្លង​វា​នឹង​រាលដាល​ខ្លាំង មិនដឹង​ដល់​ទៅដល់​ណាខ្លះ​ទេ ព្រោះ​ត្រី​ដែល​យក​ចេញពី​ស្តង់​ទាំងនោះ បាន​ចែកចាយ​ទៅ​ច្រើន​កន្លែង​ណាស់​។​

​ដោយ​ឃើញ​ហា​និ​យ​ភ័យ​នេះហើយ ទើប​កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០ កន្លងមកនេះ លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត រួម​ដំណើរ​ដោយ​លោក​វរសេនីយ៍ឯក សៅ សារឿន អធិការ​ក្រុង​ប៉ោយប៉ែត បាន​ដឹកនាំ​ក្រុមការងារ មន្ត្រីរដ្ឋបាល​ក្រុង សង្កាត់ កម្លាំង​នគរបាល ចុះ​ណែនាំ​ដល់ទី​តាំង​ស្តង់​ត្រី​ជាច្រើន​កន្លែង​ក្នុង​ក្រុង​ប៉ោយប៉ែត ហើយ​ណែនាំ​ដាក់​បញ្ជា​ថា បងប្អូន​អាជីវករ​លក់ដូរ និង​កម្មករ​ធ្វើការ​នៅក្នុង​ស្តង់​ត្រី​ទាំងអស់ ត្រូវតែ​ពាក់​ម៉ាស បាញ់​កំដៅ លាងដៃ​នឹង​ទឹក​អាល់កុល ឬ​ជែ​ល ឬក៏​នឹង​ទឹកសាប៊ូ​/ ទឹកស្អាត​គ្រប់គ្នា​ជាប្រចាំ​រាល់ថ្ងៃ​។​

​ជាការ​បន្ថែម​នៅក្នុង​ឱកាស​នោះ លោក គាត ហ៊ុល បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ជលផល មន្ត្រី​អាជ្ញាធរ​ដែនដី កងកម្លាំង​ពាក់ព័ន្ធ ពិសេស​អ្នកគ្រប់គ្រង ឬ​មេការ​ស្តង់​ត្រី​ទាំងឡាយ ត្រូវ​ឲ្យ​សម្អាត​អនាម័យ​ឱ្យបាន​ត្រឹមត្រូវ​កុំ​ឱ្យមាន​ក្លិនស្អុយ ឆ្អេះ ឬ​ចោល​សំណល់​រឹង​រាវ ប៉ះពាល់​ដល់​អ្នកជិតខាង និង​បរិស្ថាន​អនាម័យ​សាធារណៈ​។ ជាពិសេស​ត្រូវ​ពាក់​ម៉ាស បង្ការ​ការពារ​ជំងឺ​ផ្សេងៗ ដែល​សំខាន់​ជាងគេ គឺ​បង្ការ​ទប់ស្កាត់​មេរោគ​/​ជំងឺ​កូ​វីដ​១៩​។​

​ទន្ទឹមនឹងនេះ រដ្ឋបាល​ក្រុង​បាន​ព្រមាន​ថា ការ​ចុះមក​ត្រួតពិនិត្យ​ពេលនេះ គឺជា​ជំហាន​ណែនាំ​រដ្ឋបាល និង​ចែក​ម៉ាស​ជូន​បងប្អូន​អាជីវករ កម្មករ ហើយ​ណែនាំ​ឲ្យ​អនុវត្ត​ឲ្យ​បានល្អ​ប្រសើរ​ម៉ឺងម៉ាត់​។ ប៉ុន្តែ​ចាប់ពី​ថ្ងៃ​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០២០ តទៅ ក្រុមការងារ​ចុះមក​ត្រួតពិនិត្យ ហើយ​មិនមាន​ពាក់​ម៉ាស និង​អនុវត្តតាម​វិធាន​សុខាភិបាល​ឲ្យ​ត្រឹមត្រូវ​ទេ អាជ្ញាធរ​ក្រុង​និង​ស្នើសុំ​បិទ​ទីតាំង​អាជីវកម្ម​បណ្ដោះអាសន្ន​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular