ដោយ: រ៉ាម៉ន / ភ្នំពេញ: លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក្នុង១សប្តាហ៍កន្លងទៅនេះ បានអញ្ជើញទទួលផលិតផលសម្លាប់មេរោគ ពីសប្បុរសជននិងបានអញ្ជើញអធិបតី ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី២នៅសាលារាជធានីភ្នំពេញ។
ពិធីប្រគល់និងទទួលអំណោយបានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែធ្នូឆ្នាំ២០២០ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងតំណាងក្រុមហ៊ុនយូនីលីវើ(ខេមបូឌា)លីមីតធីតនៅសាលារាជធានីភ្នំពេញ ដោយបានប្រគល់នូវផលិតផលសម្លាប់មេរោគ ដែលមានទាំង ជែលលាងដៃនឹងសាប៊ូបោកខោអាវ សរុបចំនួន៨២០កេសស្មើនឹងទឹកប្រាក់ប្រមាណ១៦០០០ដុល្លារ(មួយម៉ឺនប្រាំមួយពាន់ដុល្លារ)។
លោក ឃួង ស្រេង អភិបាលរាជធានីនិងលោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនាថ្ងៃទី២៤ធ្នូ បានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ ហើយក្នុងឱកាសនោះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា៖ ប្រឡាយប្រមាណ១២ខ្សែនៅប៉ែកខាងលិចរាជធានីភ្នំពេញ ត្រូវបានគេរំលោភ។ កាលពីជំនន់ទឹកភ្លៀងនាពេលកន្លងមក ពេលយើងចុះទៅកាយស្តារប្រឡាយរំដោះទឹក គឺសុទ្ធតែដីមានកម្មសិទ្ធិរបស់គេទៅហើយ នោះហើយជាបញ្ហា។ តែទោះបីយ៉ាងណា យើងខិតខំដោះស្រាយឱ្យអស់លទ្ធភាពដែលមាន៕