ដោយ: ប.ខុន / ភ្នំពេញ: តាមសំណើរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ខែធ្នូឆ្នាំ២០២០ សម្រេចកែសម្រួលផ្ទៃបឹងតាមោក(កប់ស្រូវ) ដែលកំណត់ក្នុងអនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយកាត់ចេញនូវផ្ទៃដីទំហំ២៧.៦៥៩ (ម្ភៃប្រាំពីរពាន់ប្រាំមួយ រយ ហាសិបប្រាំបួន) ម៉ែត្រក្រឡា ស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងប្រគល់ជាកម្មសិទ្ធិជូនគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន១៦គ្រួសារ។
កាលពីថ្ងៃទី២៤ខែធ្នូឆ្នាំ២០២០ ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជម្រាប ជូនរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈលិខិតលេខ១១០៦ សជណ.ដប អំពីករណីសំណើរបស់គ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន១៦គ្រួសារ សុំឆ្វៀលផ្ទៃដីទំហំ ៣០.១២៣ម៉ែត្រក្រឡា ស្ថិតនៅភូមិផ្សារលិចសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចេញពីអនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០១៦ ស្តីពីការកំណត់ផ្ទៃបឹងតាមោក(កប់ស្រូវ) និងស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិ។
នៅក្នុងលិខិតដែលចុះហត្ថលេខា ដោយលោក ឈួន សុធី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានសរសេរដោយយោងលិខិត ៣៦១៤ដនស/អសដភ ចុះថ្ងៃទី១៥ខែធ្នូឆ្នាំ២០២០ របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់, លិខិតលេខ៦៤៩ខន/០២០ សជណចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ របស់ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងយោងចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៦ខែធ្នូឆ្នាំ២០២០។
តាមកម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនថា រាជរដ្ឋាភិបាលសម្រេចកែសម្រួលផ្ទៃបឹងតាមោក(កប់ស្រូវ) ដែលកំណត់ក្នុងអនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០១៦ ដោយកាត់ចេញនូវផ្ទៃដីទំហំ ២៧.៦៥៩ (ម្ភៃប្រាំពីរពាន់ប្រាំមួយរយហាសិបប្រាំបួន) ម៉ែត្រក្រឡា ស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងប្រគល់ជាកម្មសិទ្ធិជូនគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន១៦គ្រួសារ ដូចមានផែនទីបង្ហាញទីតាំង និងតារាងនិយាមកាភ្ជាប់មកជាមួយ។
លិខិតខាងលើបានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យស្តីពីការកែសម្រួលផ្ទៃបឹងតាមោក(កប់ស្រូវ) ស្ថិតក្នុងរាជធានីភ្នមពេញ ដែលមានលេខ២១៤អនក្រ.បកចុះថ្ងៃទី២៤ខែធ្នូឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយ សម្តេ ចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រេចត្រង់មាត្រា១ កាត់ ផ្ទៃដីទំហំ២៧.៦៥៩ (ម្ភៃប្រាំពីរពាន់ប្រាំមួយរយហាសិបប្រាំបួន)ម៉ែត្រក្រឡា ស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលបានកំណត់ក្នុងអនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០១៦ ស្តីពីការកំណត់ផ្ទៃបឹងតាមោក(បឹងកប់ស្រូវ) ទំហំ៣.២៣៩,៧ហិកតា ស្ថិតក្នុងរាជធានីភ្នំពេញ ជាសម្បត្តិសាធារណៈរបស់រដ្ឋ តាមប្រព័ន្ធកូអរដោណេ Project UTM Zon 48N Datum WGS 1984 ដូចមានផែនទីបង្ហាញទីតាំង និងតារាងនិយមកាភ្ចាប់ជាឧបសម្ព័ន្ធ នៃអនុក្រឹត្យនេះ ធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងប្រគល់ជាកម្មសិទ្ធិជូនគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួ១៦គ្រួសារ៕