ដោយ: បញ្ញាសាស្ត្រ / ភ្នំពេញ: បន្ទាប់ពីមានដំណឹងថា តម្លៃខ្លួន តារាចម្រៀង តន់ ច័ន្ទសីម៉ា ខ្ពស់កកប់ពពក ធ្វើអោយមជ្ឈដ្ឋានខាងក្រៅ បញ្ចេញអារម្មណ៍ផ្សេងៗទៅតាមការយល់ឃើញ ប៉ុន្តែក្នុងនោះ ក៏មានមតិមួយចំនួន បានរិះគន់ដែរ ប៉ុន្តែអ្វីដែលជាការពិត បានបង្ហាញហើយ ព្រោះថា ពេលនេះ តារាចម្រៀងវ័យក្មេង រូបនេះ មានក្រុមហ៊ុនមួយកៅឆាយ ហើយ។ នេះបើតាមការអោយដឹងពី លោក យឹម តាស្រង់ អ្នកគ្រប់គ្រងទូទៅ ប្រចាំផលិត Galaxy Navatra។
លោក យឹម តាស្រង់ បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុក ប្រាប់ដល់ប្រិយមិត្តរបស់ផលិតកម្ម និងអ្នកគាំទ្រតារាចម្រៀងថា “ក្រុមហ៊ុនដែលហ៊ានជួលឲ្យតម្លៃអ្នកចម្រៀងខ្មែរថ្លៃជាងគេនៅកម្ពុជាគឺ Smart ហ្នឹងឯង!”។ តាមព័ត៌មាន ក្រុមហ៊ុន Smart បានជួលតារាចម្រៀងរូបនេះ អោយច្រៀង នៅយប់ថ្ងៃទី៣១ ធ្នូ ២០២០ ជាមួយកម្មវិធីចុងឆ្នាំដ៏អស្ចារ្យ «2021 Virtual Sky – High New Year Countdown» ដែលនឹងនាំមកនូវការកម្សាន្តសប្បាយៗ ជាមួយសិល្បករជាង២០រូបផ្សេងទៀត ។ ទោះជាបែបនេះក្ដី លោក យឹម តាស្រង់ មិនបានបង្ហើបជាសាធារណៈពីតម្លៃពលកម្មដែលភាគីទាំងពីរបានព្រមព្រៀងគ្នាឡើយ។
ការបង្ហាញសារនៅលើបណ្តាញសង្គមនេះ បានធ្វើអោយមានការចាប់អារម្មណ៍ជាខ្លាំង ខណៈដែលក្រុមហ៊ុនSmart មួយនេះ ជាក្រុមហ៊ុនមួយដែលហ៊ានជួល តារាចម្រៀងលំដាប់ពិភពលោក មកប្រគុំតន្ត្រីនៅកម្ពុជា ដូច្នេះ ចំពោះតម្លៃខ្លួន របស់ តន់ ច័ន្ទសីម៉ា ប្រហែលជាមិនមែនជាបញ្ហា ចោទសម្រាប់ពួកគេឡើយ។
ចំណែក យឹម តាស្រង់ ក៏បានបញ្ជាក់ថា គឺជាតម្លៃថ្មី ដែលក្រុមហ៊ុនទើបបានប្រកាសថ្មីៗនេះ ប៉ុន្តែមិនមែនតម្លៃ ២ម៉ឺនដុល្លារនោះទេ។ តាស្រង់ថ្លែងថា “មិនមែនទេ មិនមែន២ម៉ឺនទេ គឺយើងយកតម្លៃទូទៅសម្រាប់កម្មវិធីប្រគំតន្ត្រីនានា ២ម៉ឺនគឺសម្រាប់កម្មវិធីជប់លៀង ឬមង្គលការអីទេ!”។
តាមប្រកាសរបស់ Galaxy Navatra ពីពេលកន្លងមក តម្លៃពលកម្មរបស់ តន់ ច័ន្ទសីម៉ា មានដល់ទៅ ២ម៉ឺនដុល្លារ តែតម្លៃនេះ សម្រាប់តែកម្មវិធីជប់លៀង មង្គលការ ឬខួបកំណើតប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់កម្មវិធីប្រគំតន្ត្រីទូទៅ តម្លៃហត់នឿយថ្មីរបស់តារាចម្រៀង គឺត្រឹម ៥ពាន់ដុល្លារប៉ុណ្ណោះមួយកម្មវិធី។
ចំពោះបញ្ហានេះ តាស្រង់ ប្រាប់ថា ការព្រមព្រៀងគ្នារវាងភាគីទាំងពីរនៅពេលនេះ គឺលើតម្លៃឈ្នួលថ្មីនៃកម្មវិធីប្រគំតន្ត្រីទូទៅនេះហើយ។ តាមនាយកគ្រប់គ្រងផលិតកម្ម Galaxy Navatra បានឲ្យដឹងថា នេះគឺជាការងារទី១របស់ តន់ ច័ន្ទសីម៉ា ក្រោយពីក្រុមហ៊ុនដាក់ចេញតម្លៃពលកម្មថ្មី។ ដោយឡែក នៅក្នុងឆ្នាំ ២០២១ ខាងមុខ ក៏មានអ្នកទាក់ទងមកខ្លះៗទៀតហើយ៕