Home ព័ត៌មានជាតិ សង្គម ពលករ​ខ្មែរ​មក...

ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ​ចូល​ខេត្តកោះកុង​ចំនួន​តិចតួច​

​ដោយ​: សុ​ផានី​តា / កោះកុង​: ចំនួន​ពលករ​ខ្មែរ​ដែល​មកពី​ប្រទេស​ថៃ ដែល​ចូលមក​កាន់​ប្រទេស​កម្ពុជា តាម​ច្រកព្រំដែន​ខេត្តកោះកុង មានតែ​២៣​នាក់​ប៉ុណ្ណោះ គិត​មកទល់​ម៉ោង​នេះ បើ​ធៀប​នឹង​ខេត្ត​របស់​កម្ពុជា​ដទៃទៀត​ក្បែរ​ព្រំដែន​ថៃ​។​

​យ៉ាងហោចណាស់ ក៏មាន​ពលករ​ខ្មែរ​ចំនួន​២៣​នាក់​ដែរ ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាត់​ប​ញ្ចូ​ន ក៏ដូចជា​មន្ត្រី​ជំនាញ​កម្ពុជា​បាន​រកឃើញ​តាម​ខ្សែក្រវ៉ាត់​ព្រំដែន និង​លួច​ឆ្លងដែន​តាមផ្លូវ​ទឹក​មក​ខេត្តកោះកុង​។​

​លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធាន​មន្ទីរ​សុខាភិបាល និង​ជា​អនុប្រធាន​គណៈកម្មការ​គ្រប់គ្រង​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ​ប្រចាំ​ខេត្តកោះកុង បានឱ្យដឹង​នៅ​ថ្ងៃទី​២៨ ខែធ្នូ​នេះ​ថា គិត​ចាប់តាំងពី​ថ្ងៃទី​២២ ខែធ្នូ មកដល់​ថ្ងៃទី​២៧ ធ្នូ​នេះ ពលករ​ខ្មែរ​ខុសច្បាប់​ស្ថិតនៅ​មណ្ឌល​ច​ត្តា​ឡឺ​ស័ក​អតីត​សាលាខេត្ត​ចាស់ ក្នុង​ក្រុង​ខេមរភូមិន្ទ មាន​ចំនួន​២៣​នាក់ ដោយ​ពួកគាត់​តម្រូវឱ្យ​ស្នាក់នៅ ព្រមទាំង​ធ្វើតេស្ត​ពិនិត្យ​យក​សំណាក​ស្វែងរក​ជំងឺ​កូ​វីដ​១៩​រយៈពេល​១៤​ថ្ងៃ​សិន ទើប​មាន​វិធាន​ការបន្ត​។​

​លោក​វេជ្ជបណ្ឌិត បន្តថា ក្រោយ​ធ្វើ​ច​ត្តា​ឡី​ស័ក​ពលករ​ខាងលើ​បាន​១៤​ថ្ងៃ ហើយ​មិនឃើញ​រោគសញ្ញា​វីរុស​កូ​រ៉ូ​ណា​ទេនោះ នឹង​អនុញ្ញាតអោយ​ធ្វើដំណើរ​ប​ន្ត​ទៅ​ស្រុកកំណើត តែបើ​មាន​អា​ការៈសង្ស័យ​ណា ត្រូវយក​សំណាក​យ៉ាងហោច​៣​ដង​ទៀ​តទៅ​ពិនិត្យមើល​។​

​ក្នុងចំណោម​ពលករ​ចំនួន​២៣​នាក់ មាន​១៨​នាក់​បាន​យក​ពិនិត្យ​យក​សំណាក​ជា​លទ្ធផល​លើក​ទី​១ គឺ​១៥​នាក់​អវិជ្ជា​មាន និង​៣​នាក់​ផ្សេងទៀត​កំពុង​ស្ថិតនៅ​ការរង់ចាំ​លទ្ធផល​។ រីឯ​ពលករ​ខ្មែរ​៥​នាក់​ថ្មី ដែល​សមត្ថកិច្ច​ទើបតែ​ចាប់​ឃាត់ខ្លួន​តាមផ្លូវ​ទឹកបាន​កាលពី​យប់​ថ្ងៃទី​២៦ ធ្នូ គឺ​ពួកគេ​មិនទាន់​យក​សំណាក​ទៅពិនិត្យ​នៅឡើយ​ទេ​។​

​គួរ​ជម្រាប​ថា ក្រុម​ពលករ​ដែល​ស្ថិតនៅក្នុង​ដំណាក់​ធ្វើ​ច​ត្តា​ឡឺ​ស័ក នឹង​ទទួលបាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​លើ​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ ករណី​រកឃើញថា​មាន​ភាព​វិជ្ជា​មាន​ប្រកាស​ណាមួយ​។ បន្ថែម​លើ​នេះ ពួកគេ​ក៏​ទទួលបាន​អាហារ​៣​ពេល​ក្នុង​១​ថ្ងៃ​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ គង់ មនោ ស្នងការ​នគរបាល​ខេត្តកោះកុង បានដាក់​បញ្ជា​ដល់​កម្លាំង​សមត្ថកិច្ច​ក្រោម​ឱវាទ​ពិនិត្យ​ល្បាត​ជាប្រចាំ​តាម​ខ្សែបន្ទាត់​ព្រំដែន ឬ​ច្រករបៀង​តូចៗ​កម្ពុជា​-​ថៃ ចំពោះ​សកម្មភាព​ពលករ​ខុសច្បាប់​ដែល​លួច​ចូល​ឆ្លងដែន​តាម​ច្រករបៀង ជាពិសេស​ច្រកព្រំដែន​ផ្លូវទឹក​។​

​លោក​សង្កត់ធ្ងន់ថា មូល​ហេតុដែល​រឹតបន្តឹង​ចេញចូល​ផ្លូវទឹក ក៏​ព្រោះ​ជា​តំបន់​ក្តៅ​នៃ​ចរាចរណ៍​ពលករ​ខុសច្បាប់​ដែលមាន​ក្រុម​មេ​ខ្វោ​ង​ផ្តល់​សញ្ញា​ដឹក​ជ​ញ្ចូ​ន បើ​ធៀប​នឹង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម​ពុំ​សូវ​មាន​ពលករ​ចេញចូល​ទេ​។​

​ថ្មីៗ​នេះ លោកស្រី​អភិបាលខេត្ត​កោះកុង ក្រុមមន្ត្រី​មន្ទីរ មន្ត្រី​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម និង​កម្លាំង​សមត្ថកិច្ច​ជំនាញ ធ្លាប់​សហការ​ជាមួយ​ឧកញ៉ា លី យ៉ុង​ផាត់ បាន​ត្រៀម​សណ្ឋាគារ​ដែល​បន្ទប់​ជាង​៩០​បន្ទប់ ចាំ​ទទួល​ពលករ​ខ្មែរ​ដែល​ប​ញ្ចូ​ន​មកពី​ប្រទេស​ថៃ អតីត​សាលាខេត្ត​ចាស់ និង​មន្ទីរពេទ្យបង្អែក ទទួល​ពិនិត្យ និង​ព្យាបាល​សុខភាព​ពលករ តប​តាម​បញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្រៅពី​ក៏​រឹតបន្តឹង​ពិនិត្យ​សុខភាព​ដល់​ក្រុម​អ្នកបើកបរ​ជនជាតិ​ថៃ​ផងដែរ ដោយ​មិន​តម្រូវឱ្យ​ដើរ​ចល័ត​ពីមួយ​កន្លែង​ទៅមួយ​កន្លែង​ទៀត​គ្មាន​ការអនុញ្ញាត ខណៈ​មាន​ចំណតរថយន្ត​ពួកគេ​ត្រៀម​ទុកជា​ស្រេច​ហើយ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular